អត្ថបទពាណិជ្ជកម្ម
វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute របស់​ក្រុមហ៊ុន​សាម​សុង នឹង​ជួយ​ពង្រីក​សមត្ថភាព​យុវជន​កម្ពុជា​ក្នុង​ផ្នែក​អេឡិចត្រូនិក​
20, Jul 2018 , 11:13 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វគ្គ​បណ្ដុះបណ្ដាល Samsung Tech Institute ជំនា​ន់ទី​៥  បាន​បើក​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​១៩ ខែកក្កដារ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដោយមាន​សិក្ខាកាម​ចំនួន​៨០​នាក់​ចូលរួម​។ វគ្គ​បណ្ដុះបណ្ដាល​នេះ ផ្ដួចផ្ដើម​ដោយ​ក្រុមហ៊ុន​សាម​សុង សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ដើម្បី​ផ្ដល់ឱកាស​ឲ្យ​យុវជន​កម្ពុជា បញ្ចេញ​សក្តានុពល​ផ្នែក​បច្ចេកវិទ្យា និង​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​វិស្វករ​អេឡិចត្រូនិក​នៅ​កម្ពុជា​។ វគ្គប​ណ្តុះ​នេះ មាន​រយៈពេល​៣​ខែ ដែលមាន​ដូចជា​ការជួស​ជុល និង​ការថែទាំ​គ្រឿង​អេឡិចត្រូនិក​ដូចជា​ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ​ជាដើម​។

​ដោយ​ប្រកាន់ខ្ជាប់​គោលការណ៍​រួមចំណែក​ផ្ដល់​ផល​វិជ្ជមាន​ដល់​សង្គម ក្នុង​ប្រតិបត្តិ​ការផ្តល់សេវា និង​ផ្គត់ផ្គង់​ផលិតផល ក្រុមហ៊ុន​សាម​សុង តែងតែ​បង្កើត​ឱកាស​សម្រាប់​ប្រជាជន និង​សហគមន៍ សម្រាប់​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។ ក្នុងនោះ​ការរួមចំណែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស គឺជា​អាទិភាព​មួយ​របស់​ក្រុមហ៊ុន ដោយ​ធ្វើយ៉ាងណា​ជួយ​ដល់​យុវជន ដើម្បី​ឲ្យ​ពួកគេ​អាច​បញ្ចេញ​សក្តានុពល និង​ទេពកោសល្យ​របស់ខ្លួន ក្នុងការ​បម្រើ​ជីវភាព​ខ្លួនឯង​ផង និង​សង្គមជាតិ​ទាំងមូល​ផង​។



​លោក Seungho Choi អគ្គនាយក​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុងឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ថា ការជួយ​ដល់​សង្គម​គឺជា​កិច្ចការ​ដែលមាន​សារៈសំខាន់​ណាស់​សម្រាប់​សាម​សុង ព្រោះ​គោលបំណង​របស់​ក្រុមហ៊ុន គឺ​មិន​ផ្ដោត​តែ​លើ​ការលក់​ផលិតផល​មួយ​មុខ​នោះឡើយ តែ​ក៏​ចូលរួម​ផ្ដល់​ផលប្រយោជន៍​ដល់​សង្គម តាមរយ​:​ការពង្រីក​ចំណេះដឹង ទៅលើ​ផ្នែក​គ្រឿង​អេឡិចត្រូនិក​ដែរ​។ លោក​បាន​បន្តទៀត​ដោយ​រំពឹងទុក​ថា វគ្គ​បណ្ដុះបណ្ដាល​ជំនា​ន់ទី​៥​នេះ នឹង​បន្ត​ភាពជោគជ័យ​របស់ខ្លួន ពោលគឺ​ការផ្ទេរ​ចំណេះ និង​ជំនាញ​ចាំបាច់ ដល់​សិក្ខាកាម​ទាំង​៨០​នាក់ ដែល​បាន​ចូលរួម​ក្នុង​វគ្គ​នេះ​។  លោក Seungho Choi  បញ្ជាក់​ទៀត​ដូច្នេះ​៖« យើង​សង្ឃឹម​ជឿជាក់ថា ជំនាញ​ទាំងនេះ នឹង​ជួយ​ឲ្យ​ប្អូនៗ ចូលរួមបាន​កាន់តែច្រើន​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ និង​អនាគត​របស់ខ្លួន​»​។​



​ឯកឧត្តម បណ្ឌិត ប៊ុន ភា​រិ​ន នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល Samsung Tech Institute នេះ គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ នៃ​ការចូលរួម​របស់​វិស័យ​ឯកជន ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ក៏ដូចជា​ការចូលរួម ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កម្ពុជា​ផងដែរ​។

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល Samsung Tech Institute របស់​ក្រុមហ៊ុន​បានចាប់ផ្តើម​ពី​ឆ្នាំ​២០១៤​មកម្ល៉េះ ដោយ​សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទាំង​៤​ជំនាន់​រួម​មក​នោះ មាន​សរុប​ជិត​៣០០​នាក់​។  សិក្ខាកាម​ទាំងនោះ កំពុង​បន្ត​ចែកចាយ​ចំណេះដឹង​របស់ខ្លួន ដល់​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់ តាម​ការបង្ហាត់បង្ហាញ​ក្រៅ​សាលា​ផងដែរ​។



​ដោយឡែក​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​៥​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៨០​នាក់ សិក្សា​លើ​ជំនាញ​ជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ​។ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ សិក្ខាកាម​ទាំងអស់ នឹងត្រូវ​ប្រលង​បញ្ចប់​ការសិក្សា ដើម្បី​ទទួល​វិញ្ញាបនបត្រ​។ កាន់តែ​ពិសេស សិស្ស​ឆ្នើម​ចំនួន​៨​នាក់ នឹង​ទទួលបាន​ឱកាស​ការងារ និង​ការបណ្ដុះបណ្ដាល​ការងារ ពី​បណ្ដាញ​ដៃគូ​ក្រុមហ៊ុន​ធំៗ​ជាច្រើន របស់​សាម​សុង​នៅ​កម្ពុជា​ផងដែរ​។​

​គួរ​កត់សម្គាល់ថា Samsung Tech Institute នេះ គឺជា​វគ្គ​បណ្ដុះបណ្ដាល​មួយ ដែល​ពិសេស និង​ទំនើប​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ទំនើបៗ ព្រមទាំង​ទទួល​នូវ​ការប្រឹក្សា​យោបល់ ពី​អ្នកជំនាញ​របស់​សាម​សុង​ផងដែរ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com