ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​គ្រោង​ចំណាយ ១១០​លាន​ដុល្លារ កែលម្អ​ផ្លូវជាតិ​លេខ​៤ នៅ​ដើមឆ្នាំ​២០១៩
21, Jul 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​១១០​លាន​ដុល្លារ​អាមេរិក សម្រាប់​ការកែលម្អ​ផ្លូវជាតិ​លេខ​៤ នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​



​រដ្ឋាភិបាល​បានទទួល​កម្ចី​ពី​ធនាគារពិភពលោក​ចំនួន ១១០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​៤​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន គម្រោង​ទឹកប្រាក់ ១១០​លាន​ដុល្លារ​នេះ មាន​គោលដៅ​កែលម្អ​លក្ខខណ្ឌ​សុវត្ថិភាព និង​ភាព​ធន់​អាកាសធាតុ​របស់​ផ្លូវជាតិ​លេខ​៤ ប្រវែង​ជាង ២០០​គីឡូម៉ែត្រ​។ ធនាគារពិភពលោក ឲ្យ​ដឹងថា ផ្លូវជាតិ​មួយ​នេះ កំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹក ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច និង​តំបន់កសិកម្ម​សម្បូរបែប​ជាច្រើន​កន្លែង​។​

​គម្រោង​នេះ​នឹង​ជួយ​បង្កើន​គុណភាព​ផ្លូវជាតិ​លេខ​៤ ឲ្យ​ល្អ​ជាង​មុន និង​ការរៀបចំ​កែលម្អ​ច​ញ្ចើ​ម​សងខាង​ផ្លូវ ដាក់លូ​បង្ហូរទឹក និង​ធ្វើ​ស្ពាន​។ ជាពិសេស​ផ្ដោតទៅលើ​ការបង្កើន​គុណភាព​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ធំ​ដែលមាន​ស្រាប់ ដំឡើង​សញ្ញា​តំបន់​ល្បឿន​លឿន​មាន​កម្រិត សញ្ញា​នាំ​ផ្លូវ ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ និង​កាមេរ៉ា​ចាប់​ល្បឿន​បើកបរ​។

​ទោះយ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន លោក វ៉ា ស៊ឹម​សុរិយា មិនអាច​បញ្ជាក់បាន​ថា​តើ​ផ្លូវជាតិ​លេខ​៤​នេះ នឹង​អាច​បញ្ចៀស​បាន​ពី​ទឹកជំនន់ ឬ​យ៉ាងណា​? លោក​អះអាងថា​មិនទាន់​បានឃើញ​គំរូ​រចនា​របស់​គម្រោង​កែលម្អ​ផ្លូវ​មួយ​នេះ​។​

​គួរ​បញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារពិភពលោក បាន​ចុះហត្ថលេខា​ទទួល​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​កែលម្អ​ផ្លូវ​នេះ ព្រម​គ្នា​ជាមួយ​គម្រោង​កម្មវិធី​អប់រំ​មួយ​ផ្សេងទៀត កាលពី​ថ្ងៃទី​១២​ខែមិថុនា ៕


Tag:
 World Bank
 ​ផ្លូវជាតិ​លេខ​៤
© រក្សាសិទ្ធិដោយ thmeythmey.com