ជាតិ
ស្រុកស្រែ​អំបិល នៅតែ​រង​ជំនន់​ទឹកភ្លៀង​ខ្លាំង ខណៈ​ស្ថានភាព​ស្រុក​៣​ទៀត វិល​ទៅ​សភាព​ធម្មតា
20, Jul 2018 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
​កោះកុង​៖ ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុកស្រែ​អំបិល នៅតែ​រងគ្រោះ​ខ្លាំងជាងគេ ខណៈ​ស្ថានភាព​ស្រុក​៣​ទៀត បាន​វិល​ទៅរក​សភាព​ធម្មតា​វិញ​។ អាជ្ញាធរ​ខេត្តកោះកុង កំពុង​តាមដាន និង​ដោះស្រាយ​បញ្ហា​រងគ្រោះ​របស់​ពលរ​ដ្ឋ​រស់នៅ​តំបន់​នោះ​។​



​គិត​ត្រឹម​ថ្ងៃទី​២០ កក្កដា ភ្លៀង​នៅតែ​បន្ត​ធ្លាក់ចុះ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ស្រុកស្រែ​អំបិល កាន់តែ​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ជំនន់​ទឹកភ្លៀង​។ ស្ថានភាព​ទឹក​នេះ បាន​បណ្ដាល​ឲ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​៤០៨​គ្រួរ​សារ នៅក្នុង​ភូមិ​ចំនួន​៤ រួមមាន​ភូមិ​បាក់​អង្រុត ភូមិ​ព្រះអង្គ​កែវ ភូមិ​ពោធិ​បឹង និង​ភូមិ​បាន​ទៀត ក្នុង​ឃុំ​ដង​ពែង ។ ចំណែក​ដីស្រែ​ចម្ការ​ជាង​១​ហិតា​រង​ការខូចខាត ខណៈ​គោក្របី និង​សត្វ​ចិញ្ចឹម រួមទាំង​គោយន្ត​របស់​ពលរដ្ឋ​ពេលនេះ ត្រូវបាន​អាជ្ញាធរ កំពុង​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលស្រុក​ស្រែអំបិល លោក ទួន សិលា ដែល​បាន​បន្ថែមថា មក​ពេលនេះ មិនទាន់មាន​មនុស្ស​ស្លាប់ ដោយសារ​ជំនន់​ទឹកភ្លៀង​នោះទេ​។



​បើតាម​លោក ទួន សិលា ភូមិសាស្ត្រ​តំបន់​ពលរដ្ឋ​កំពុងរ​ង​គ្រោះ​ខាងលើ ជា​វាលទំនាប និង​ខ្លះទៀត​ហ៊ុំព័ទ្ធ​ព្រៃឈើ​តាម​ជើងភ្នំ ដែល​ធ្វើ​ឲ្យ​លំបាក​ដឹក​ជ​ញ្ចូ​ន​ស្បៀងអាហារ​ផងដែរ​។
​ទាក់ទង​នឹង​បញ្ហា​នេះ អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូ​ថង ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ស្ថានភាព​ប៉ះពាល់ និង​ផ្តល់​ស្បៀងអាហារ​មួយចំនួន ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ជិត​៣០០​នាក់ ដែល​កំពុង​ត្រូវការ​ជំនួយ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅក្នុង​ស្រុកស្រែ​អំបិល កំពុង​រងគ្រោះ​ខ្លាំងជាងគេ ខណៈ​ស្ថានភាព​ស្រុក​៣​ទៀត គឺ​ស្រុក​ថ្មបាំង ស្រុកមណ្ឌលសីមា និង​ស្រុក​កោះកុង បាន​វិល​ទៅរក​សភាព​ធម្មតា​វិញ ក្រោយពី​​ទឹក​ហូរចូលទៅតាមព្រែក និងសមុទ្រ​៕




Tag:
 ទឹកជំនន់​
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com