កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឲ្យធីបជាង២ម៉ឺនដុល្លារទៅបុគ្គលិកសណ្ឋាគារមួយនៅក្រិក
× Cristiano Ronaldo បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀតក្រោយចាកចេញពី Real Madrid ទៅ Juventus ដោយបានចំណាយប្រាក់ ២៣,២០០ដុល្លារអាមេរិកទៅឲ្យបុគ្គលិកសណ្ឋាគារប្រណីតមួយនៅក្រិកអំឡុងពេលសម្រាកលំហែកាយនៅតំបន់មេឌីទែរ៉ាណេជាមួយក្រុមគ្រួសារ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនជុំវិញពិភពលោក។
ខ្សែប្រយុទ្ធចំណូលថ្មីរបស់សេះបង្កង់ បានបង្ហោះរូបទទួលទានអាហារជាមួយក្រុមគ្រួសារនៅលើ Instagram នៅថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីជម្រើសជាតិព័រទុយហ្គាល់ធ្លាក់ចេញពី World Cup នៅរុស្ស៊ី។
Ronaldo បានធ្វើដំណើរជុំគ្រួសារទៅកាន់រមណីយដ្ឋាន Costa Navarino ក្នុងតំបន់ Peloponnese នៃប្រទេសក្រិកក្រោយបញ្ចប់ការផ្ទេរទៅកាន់ទឹកដីអ៊ីតាលីក្នុងតម្លៃជាង១០០លានដុល្លារអាមេរិក។ បើតាមការផ្សាយរបស់ DailyMail អតីតសមាជិក Manchester United រូបនេះ បានចំណាយថ្លៃសេវាយ៉ាងច្រើនរហូតដល់ជាង២ម៉ឺនដុល្លារដើម្បីផ្តល់ធីបទៅឲ្យបុគ្គលិក ដោយអះអាងថាខ្លួនមិនអាចចាកចេញដោយគ្មានការផ្តល់រង្វាន់ដល់ពួកគេឡើយ។
នៅពេលចាកចេញពីទីនោះ ដើម្បីធ្វើដំណើរទៅកាន់ទឹកដីអ៊ីលី បុរសវ័យ៣៣ឆ្នាំរូបនេះក៏បានផ្តែផ្តាំមេការថាលុយទាំងអស់នោះត្រូវចែកអ្នកបម្រើឲ្យបានគ្រប់ៗគ្នានៅក្នុងសណ្ឋាគារនេះ។
យោងតាមទស្សនាវដ្តី Forbes ខ្សែប្រយុទ្ធរហស្សនាម CR7 រកចំណូលសរុបបានប្រហែល ១០៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ (គិតទាំងប្រាក់ចំណូលពីបាល់ទាត់ និងចំណូលដ៏ទៃទៀត)។
ថ្លៃពលកម្មរបស់ Ronaldo ពីក្លិបចាស់ Real Madrid ទទួលបានប្រហែល ៦៥០០០០ ដុល្លារក្នុងមួយសប្តាហ៍មានន័យថាប្រាក់ដែលរូបគេឲ្យធីបសម្រាប់បុគ្គលិកសណ្ឋាគារមានចំនួនតិចជាង១ភាគរយ នៃប្រាក់ចំណូលប្រចាំខែប៉ុណ្ណោះ។ ដោយឡែកប្រាក់ចំណូលពីក្លិបថ្មី Juventus រូបគេនឹងទទួលបាន ៨៨០០០០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍៕
Tag:
បាល់ទាត់
Cristiano Ronaldo
Juventus
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com