អន្តរជាតិ
ចិន​និង​រុស្ស៊ី​សុំ​ពេល​គិត​៦​ខែ ក្រោយ​អាមេរិក​ស្នើ​ផ្ដាច់ការ​ផ្គត់ផ្គង់​ប្រេង​ទៅ​កូរ៉េខាងជើង​ទាំងស្រុង​
20, Jul 2018 , 9:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សម្ព័ន្ធមិត្ត​សំខាន់​ពីរ​របស់​កូរ៉េខាងជើង គឺ​ចិន និង​រុស្ស៊ី បានស្នើ​ពន្យារពេល​៦​ខែ​ចំពោះ​សំណើ​របស់​អាមេរិក​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​ទប់ស្កាត់​រាល់​ការផ្គត់ផ្គង់​ប្រេង​ច្នៃ​ខុសច្បាប់​ដល់​កូរ៉េខាងជើង​ទាំងស្រុង​។ បេសកកម្ម​របស់​ចិន និង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ និយាយ​នៅ​ថ្ងៃទី​១៩ ខែកក្កដា ថា ខ្លួន​ត្រូវការ​ពេល​ដើម្បី​ពិចារណា​សំណើ​របស់​អាមេរិក​។ ការ​កាត់ផ្ដាច់​ការនាំ​ប្រេង​ទៅ​កូរ៉េខាងជើង មានន័យ​ស្មើ​ការផ្ដាច់​ដង្ហើម​កូរ៉េខាងជើង​តែម្ដង​។



​ទណ្ឌកម្ម​ដាក់ចេញ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​គោលដៅ​ហាមឃាត់​ការផ្គត់ផ្គង់​ប្រេង​ឆៅ និង​ប្រេង​កែច្នៃ​រួច​ទៅ​កូរ៉េខាងជើង​នោះ ហាក់​គ្មាន​ប្រសិទ្ធិភាព​ឡើយ​។ ក្នុង​របាយកាណ៍​ថ្មីៗ​របស់​អាមេរិក គេ​នៅតែ​ឃើញ​មានការ​លួចលាក់​នាំ​ប្រេង​ដែល​ច្នៃ​ហើយ​យ៉ាងហោចណាស់ ៧៥៩៧៩២ ប៉ា​រែ​ល​ទៅកាន់​កូរ៉េខាងជើង​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨ កន្លងមក​។ បរិមាណ​ប្រេង​នេះ​លើស​កូតា​ដែលមាន​កំណត់​ក្នុង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ឆ្ងាយ​ណាស់​។​

​ដោយសារ​ហេតុនេះ កាលពី​សប្ដាហ៍​មុន រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានស្នើ​សុំ​ត្រង់ៗ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទប់ស្កាត់​រាល់​ការផ្គត់ផ្គង់​ប្រេង​ច្នៃ​ហើយ​ខុសច្បាប់​ដល់​កូរ៉េខាងជើង​ទាំងស្រុង​តែម្ដង​។ យ៉ាងណាមិញ សំណើ​របស់​អាមេរិក​ត្រូវបាន​ចិន និង​រុស្ស៊ី​ដែលជា​ប្រទេស​នាំ​ប្រេង​ទៅ​កូរ៉េខាងជើង​ច្រើនជាងគេ សុំ​ឲ្យ​ពន្យារពេល​សិន​ដើម្បី​ខ្លួន​មាន​ពេល​ច្រើន​ក្នុង​ការគិតគូរ​ឲ្យ​បាន​ម៉ត់ចត់​មុននឹង​សម្រេចចិត្ត​តាម​ក្រោយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បេសកកម្ម​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​សរសេរ​ទៅកាន់​សមាជិក​ប្រឹក្សា​សន្តិសុខ​ដទៃទៀត​ថា រុស្ស៊ី​កំពុង​ពិនិត្យ​យ៉ាង​ដិតដល់​សំណើ​របស់​អាមេរិក និង​ស្វែងរក​ព័ត៌មាន​បន្ថែម​លើ​គ្រប់​ករណី​នៃ​ការ​លួច​បញ្ជូន​ប្រេង​ទៅ​កូរ៉េខាងជើង​តាម​ការអះអាង​របស់​អា​មេ​រិ​ក​។ ឯ​តំណាង​របស់​ចិន​វិញ​លើកឡើងថា ខ្លួន​បានស្នើ​ឲ្យ​អាមេរិក​ផ្ដល់ព័ត៌មាន​ជាក់លាក់​ថែមទៀត​ដើម្បី​ឲ្យ​ប្រទេស​ទាំងអស់​សិក្សា និង​សម្រេចចិត្ត​។​

​សូម​រំឭកថា តាម​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ដែល​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​កាលពី​ខែធ្នូ​ឆ្នាំមុន កូរ៉េខាងជើង​អាច​នាំចូល​ប្រេង​កែច្នៃ​ហើយ​ចំនួន​តែ​៥​សែន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ ចំណែក​ប្រេង​ឆៅ​ដែល​កូរ៉េខាងជើង​អាច​នាំចូល​បាន គឺ​កម្រិត​មក​ត្រឹម​បួន​លាន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ ការដឹក​លួចលាក់​បរិមាណ​ប្រេង​ទៅ​កូរ៉េខាងជើង ត្រូវបាន​អាមេរិក​អះអាងថា ឡើង​តាមរយៈ​ការដឹកជញ្ជូន និង​ផ្ទេរ​តាម​កប៉ាល់​សមុទ្រ​។​

​ដំណោះស្រាយ​ខាងលើនេះ មិនអាច​រាំងខ្ទប់​ការ​នាំចូល​ប្រេង​ទៅ​កូរ៉េខាងជើង​បានឡើយ ដោយ​អាមេរិក​បាន​ចង្អុលមុខ​មហាអំណាច​ទាំងពីរ ជា​អ្នក​បំពាន ព្រោះ​ពួកគេ​បន្ត​លក់​ប្រេង​ឲ្យ​កូរ៉េខាងជើង​ដោយ​មិន​ខ្វល់​នឹង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​នោះ​។ ប្រេង​ឆៅ​ក្ដី ប្រេង​ចម្រាញ់​ហើយ​ក្ដី ដើរតួនាទី​សំខាន់​ក្នុងការ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដូចនេះហើយ​បានជា​អាមេរិក​ចង់​ផ្ដាច់ដង្ហើម​មួយ​នេះ​តែម្ដង​៕
 

Tag:
 ចិន​
  រុស្ស៊ី​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com