អន្តរជាតិ
UN៖ ពិភពលោក ត្រូវ​គិតគូរ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា បើ​មិន​ចង់ឃើញ​ជនភៀសខ្លួន​ជិត​១​លាន​មាន​លទ្ធផល​អាក្រក់​
20, Jul 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នាក់ងារ​ទទួលបន្ទុក​កិច្ចការ​អន្តោប្រវេសន៍​អង្គការសហប្រជាជាតិ បាន​ព្រួយបារម្ភ​ពី​ការ​មិនសូវ​យកចិត្តទុកដាក់​ពី​សហគមន៍​អន្តរជាតិ​លើ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ថា អាចធ្វើ​ឲ្យ​ជនភៀសខ្លួន​ជិត​មួយ​លាន ត្រូវ​ជួបនឹង​គ្រោះភ័យ​បន្តទៀត​។ ការ​ថ្លែង​បារម្ភ​របស់​ភ្នាក់ងារ​ជំនាញ ធ្វើឡើង​ស្របពេល ដំណោះស្រាយ​សម្រាប់​ជនភៀសខ្លួន នៅតែ​មិនមាន​ពន្លឺ​សោះ​នោះ​។​



​លោកនាយក​គ្រប់គ្រង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ នៃ​អង្គការសហប្រជាជាតិ William Lacy Swing នៅ​ដើម​សប្តាហ៍​កន្លងទៅ បាន​ឲ្យ​ដឹងថា ក្រុមគ្រួសារ​ជនភៀសខ្លួន​ម៉ូ​ស្លី​ម ដែល​បាន​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា​កាលពី​ខែសីហា​ឆ្នាំមុន កំពុងតែ​ស្ថិតនៅក្នុង​ស្ថានភាព​អាក្រក់​បំផុត ដោយ​ពួកគេ មិន​ទទួលបាន​ការចាប់អារម្មណ៍​ពី​ពិ​ភ​លោក​, ក្លាយជា​ក្រុម​គ្មាន​ទីលំនៅ និង​គ្មាន​អនាគត​។

​តាម​ការចុះផ្សាយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ លោកនាយក​គ្រប់គ្រង​រូបនេះ បានកំណត់​សម្គាល់ថា គិត​ចាប់ពី​វិបត្តិ បាន​ផ្ទុះឡើង ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​រួមជាមួយ​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ចូលរួម​ផ្គត់ផ្គង់​ដល់​ពួកគេ​ទាំង​ការកសាង​និង​សាងសង់​ជំរំ ផ្គត់ផ្គង់​អាហារ និង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តោះអាសន្ន​។​

​យ៉ាងណា អ្នកគ្រប់គ្រង​រូបនេះ ដែល​ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ជំរំ​ជនភៀសខ្លួន បាន​ព្រមាន​ពី​ផល​លំបាក​របស់​ជនភៀសខ្លួន ដោយសារតែ​រដូវភ្លៀង​ច្រើន ដែល​បង្ក​ជាការ​បាក់ស្រុត​នៅ​កន្លែង​ពួកគេ​រស់នៅ ខណៈ​ជំនួយ ដែល​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​កន្លងមក ក៏​មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​។ លោក ក៏បាន​ទទូច​ឲ្យ​ពិភពលោក​ប្រមូលផ្តុំ​គ្នា​រួមមួយ​ហើយ​ជួយ​ដល់​ជនភៀសខ្លួន​ទាំងនេះ​។​

​សូម​ជម្រាប​ផងដែរ វិបត្តិ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា គឺជា​បញ្ហា ដែល​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​យកចិត្តទុកដាក់​បំផុត​។ នោះ​ក៏​ព្រោះតែ​តាមរយៈ​របាយការណ៍រ​បស់​ភ្នាក់ងារ​ជំនាញ​របស់ខ្លួន អង្គការសហប្រជាជាតិ បាន​រកឃើញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​របស់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ទៅលើ​ជនជាតិភាគតិច ដែលមាន​ទាំង​រំលោភ សម្លាប់ និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​លំនៅ​របស់​ពួកគេ​។​

​គួរកត់សម្គាល់​ផងដែរ​នោះ កន្លងមក រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស នៅ​ចុងឆ្នាំ​២០១៧ ក៏បាន​ព្រមព្រៀងគ្នា​ក្នុងការ​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​មក​មី​យ៉ាន់​ម៉ា​វិញ​ផងដែរ​។ ក៏ប៉ុន្តែ​ការអនុវត្ត​រហូតមក​ទល់​ពេលនេះ មិនទាន់មាន​នៅឡើយ​នោះទេ​។ ហើយ​ថ្មីៗ​នេះ ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​ចុះ​អនុស្សារណ​យោគយល់​មួយ​ស្រដៀង​គ្នា​ផងដែរ តែ​នៅតែ​មិនទាន់​ពន្លឺ​៕



Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com