កីឡាជាតិ
ជាតិ
កម្ពុជា​រំពឹង​បាន​លទ្ធផល​ល្អ ពី ASEAN School Games នៅ​ម៉ាឡេស៊ី​ឆ្នាំនេះ​
21, Jul 2018 , 12:59 pm        
រូបភាព
ដោយ:
​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ត្រៀម​មុន​ការប្រកួត​បានល្អ បានផ្តល់​ទំនុកចិត្ត​ដល់​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា សម្រាប់​ការរំពឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ព្រឹត្តិការណ៍ The 10th ASEAN School Games ប្រចាំឆ្នាំ​២០១៨ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ សម្រាប់​ការចូលរួម​លើក​ទី​៣​នេះ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​កលើ​៤​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។ គោលបំណង​នៃ​ការចូលរួម គឺ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស និង​សមត្ថភាព​កីឡាករ​ថ្នាល សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​។



​លោក ព្រំ ប៊ុណ្ណ​យី នាយ​បេសកកម្ម​បានបង្ហាញ​ក្តី​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ ASEAN School Games នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នៅ​ឆ្នាំនេះ​។ លោក​អះអាងថា ការបង្ហាញ​ក្តី​រំពឹង​បែបនេះ ដោយសារ​អត្ត​ព​លិ​ក ដែល​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​លើក​នេះ សុទ្ធសឹង​ជា​យុវជន​ថ្នាល​ប្រកបដោយ​សក្តានុពល ពិសេស​ពួកគេ​បាន​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ត្រៀម​មុន​ការប្រកួត​បាន​យ៉ាង​ល្អ​ទៀតផង​។​

​ក្នុង​បទ​សម្ភាស​ជា​អ្នកសារព័ត៌មាន​មុន​ចេញដំណើរ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក ព្រំ ប៊ុណ្ណ​យី បានបង្ហាញ​ការជឿជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សហព័ន្ធ​នីមួយៗ​បាន​ត្រៀមលក្ខណៈ និង​កីឡាករ​ថ្នាល​របស់ខ្លួន​បាន​យ៉ាង​ល្អ សម្រាប់​ការចូលរួម​ប្រកួត​លើក​នេះ​។ យើង​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ ព្រោះ​សហព័ន្ធ​ទាំងអស់​សុទ្ធតែ​ប្តេជ្ញា​រៀងៗ​ខ្លួន​ក្នុង​ការបញ្ជូន​កីឡាករ​របស់​ពួកគេ​លើក​នេះ​»​។ លោក​បន្ថែមថា​៖«​យើង​រំពឹង​ទាំង​៤​ប្រភេទ​កីឡា​តែម្តង ព្រោះ​សុទ្ធសឹង​ជា​កីឡាករ​ថ្នាល​ប្រកបដោយ​គុណភាព​»​។     

​ទីប្រឹក្សា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រូបនេះ បាន​បន្ថែមទៀតថា គោលបំណង​នៃ​ការបញ្ជូន​កីឡាករ​ថ្នាល​ឲ្យ​ចូលរួម​លើក​នេះ គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​។ ពិសេស គឺ​ចង់​ឲ្យ​ពួកគេ​ទទួលបាន​បទពិសោធ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុងការ​អភិវឌ្ឍភាព​ឲ្យ​កាន់តែ​ប្រសើរឡើង សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទ​។ 

​ការប្រកួត ASEAN School Games លើក​ទី​១០ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-២៣ ខែកក្កដា នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ដោយមាន​១០​ប្រទេស​ចូលរួម ហើយ​អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​១០​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​តែ​៤​ប្រភេទ​កីឡា​ប៉ុណ្ណោះ​ឲ្យ​ចូលរួម​។ កីឡា​ទាំងនោះ​រួមមាន​វាយ​កូនឃ្លី​លើ​តុ​, អត្តពលកម្ម​, ហែល​ទឹក និង​វាយ​សី​។ សម្រាប់​ការចូលរួម​ពីរលើក​កន្លងមក​កម្ពុ​ជា​ទទួលបាន​មេដាយ​សំរឹទ្ធ​តែមួយ​ប៉ុណ្ណោះ​៕   



Tag:
 ASEAN School Games
  ព្រំ ប៊ុណ្ណ​យី
© រក្សាសិទ្ធិដោយ thmeythmey.com