ជាតិ
សេដ្ឋកិច្ច
ពិព័រណ៍​ផលិតផល​ខ្មែរ​បង្ហាញ​ពី​គុណភាព​ផលិតផល​ក្នុងស្រុក​
21, Jul 2018 , 2:45 pm        
រូបភាព
​ផលិតផល​ខ្មែរ​មាន សម្លៀកបំពាក់​កាត់​ពី​ក្រណាត់​សូត្រ ហូល ផាមួង ចង្កៀង​ច្នៃ​ពី​សូត្រ ក្រមា​សូត្រ ម្រេច និង​ស្រា​ទំពាំងបាយជូរ​ព្រៃ​ជាដើម បានដាក់​តាំងពិព័រណ៍​នៅ​ផ្សារ​ទំនើប​សុរិយា​ជាន់​ទី​៤​។ ផលិតផល​ទាំងនោះ​មាន​មកពី​សមាគម​ស្ត្រី​និង​ជនពិការ និង​សហគមន៍​ផ្សេងទៀត ដែលមាន​គុណភាព​ខ្ពស់​ស្តង់ដា​នាំចេញ​ទៅ​ក្រៅប្រទេស​។ ការតាំងពិព័រណ៍​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥​កក្កដា​ដល់​ថ្ងៃទី​២១​ខែកក្កដា​នេះ​។​



​អ្នកនាង ថា​នី ខា​ធើ​រី​ន ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​សិប្ប​កម្មន​រា​អង្គរ នា​ខេត្តសៀមរាប មាន​ចំណាប់អារម្មណ៍​ថា ការតាំងពិព័រណ៍​នេះ​ជាការ​ចូលរួម​លើកទឹកចិត្ត ដល់​ខ្មែរ​ដែល​បង្កើត​ផលិតផល​ជា​អត្តសញ្ញាណ​របស់ខ្លួន​។ ភ្នែក​មើលទៅ​ទំនិញ​ដែលមាន​ក្នុង​តូប​របស់ខ្លួន អ្នកនាង ខា​ធើ​រី​ន រៀបរាប់ថា​ខ្លួន មាន​អំពូល​ចង្កៀង និង​គ្រឿង​សង្ហា​រឹម​ច្នៃ​ពី​សូត្រ​ច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ ដែល​គុណភាព​នាំ​ចេញទៅ​ក្រៅប្រទេស​។ ប្រធាន​គ្រប់គ្រង​សិប្បកម្ម​ន​រា​អង្គរ នា​ខេត្តសៀមរាប​៖ «​ការតាំងពិព័រណ៍​នេះ​ល្អ ព្រោះ​គាត់​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ផលិតផល​របស់​ខ្មែរ​។ ខ្ញុំ​សង្ឃឹមថា​ការតាំងពិព័រណ៍​នេះ ជា​យុទ្ធនាការ​បង្ហាញថា​ខ្មែរ​អាច​ច្នៃ​គ្រឿង​សង្ហា​រឹម ឬ​បង្កើត​ម៉ាក​ផលិតផល​របស់ខ្លួន​បាន​»​។​

​ចំណែក​កញ្ញា ប៉ែ​វណា ចាន់ បូ​ផា ជា​អ្នកលក់​ស្រា​ទំពាំងបាយជូរ​ព្រៃ ដែល​ផលិត​ដោយ​កូន​ខ្មែរ​នៅ​ខេត្តពោធិសាត់​។ មាន​វ័យក្មេង​បន្តិច បូ​ផា​ត្រូវ​លក់ទំនិញ​បី​ប្រភេទ​ក្នុង​តូប​តែម្នាក់ឯង មាន​កន្ត្រក​ធ្វើ​ពី​ស្លឹកត្នោត ស្រា​ទំពាំងបាយជូរ​ព្រៃ​សម្ភារ​ប្រើប្រាស់​ផ្ទះបាយ​ច្នៃ​ពី​ដើមត្នោត​។ ជា​ថ្ងៃ​ដំបូង​នៃ​ការតាំង​ពិ​រណ៍ មិនសូវ​ជាមាន​មនុស្ស ដើរ​មើល​ការតាំង​បង្ហាញ​ផលិតផល​ប៉ុន្មាន​ទេ​។  កញ្ញា បូ​ផា សង្ឃឹមថា ការតាំងពិព័រណ៍​នេះ នឹង​អាច​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ស្គាល់​និង​ដឹងថា ខ្មែរ​អាច​ផលិត​ស្រា​ទំពាំងបាយជូរ​ព្រៃ ដែលមាន​គុណភាព និង​ផ្ដល់​សុខភាព​ដល់​មនុស្ស​។ បូ​ផា បញ្ជាក់​«​ស្រា​ទំពាំងបាយជូរ​ព្រៃ​នេះ​អាចជួយ​សុខភាព​ច្រើន​។ គេ​កំណត់​ហូប​ឲ្យ​បាន​៧៥​មី​លី​លីត្រ​ក្នុង​មួយថ្ងៃ ទើប​វា​ជួយ​សុខភាព​បាន​ច្រើន​។ ខ្ញុំ​សង្ឃឹម​ដែរ ថា​នឹង​លក់ដាច់​មិន​អត់​ទេ តែ​អ្វីដែល​សំខាន់ យើង​បានបង្ហាញ​ផលិតផល​ស្រា​ពាំំ​ង​បាយ​ជូរ​ព្រៃ​ខ្មែរ ឲ្យ​គេ​ដឹង​ច្រើន​»​។

​អ្នកស្រី ហោ សុគន្ធា កំពុង​មមាញ​ញឹក​នឹង​ការណែនាំ​ភ្ញៀវ​ពី​ផលិតផល​របស់ខ្លួន​ដែលមាន​អង្ករ  ម្រេច ស្ករ និង​គ្រាប់​ធញ្ញជាតិ​ជាដើម​។ ក្នុង​តូប​នេះ​ហាក់​មាន​ភ្ញៀវ​ចូល​ច្រើនជាងគេ ដោយ​អ្នកលក់​ត្រូវ​ណែនាំ​ពី​ផលិតផល​របស់ខ្លួន​ទៅ​ភ្ញៀវ​ខ្មែរ​និង​បរទេស ស្ទើរ​គ្មាន​ពេល​សម្រាក​។ អ្នកស្រី សុគន្ធា អះអាងថា អង្ករ​និង​ផលិតផល​ផ្សេងទៀត ដែល​អ្នកស្រី​លក់ គ្មាន​ជាតិគីមី ជម្រើស​គុណភាព​នាំចេញ​ទៅ​ក្រៅប្រទេស​។ អ្នក​ចែកចាយ​ផលិតផល​ខ្មែរ​បន្ត រូបនេះ បន្ថែមថា​អង្ករ​គ្រប់​ប្រភេទ​ដែល​អ្នកស្រី​លក់ មានការ​គាំទ្រ​ច្រើន​ពីមុន​មកហើយ ដោយឡែក​ការតាំងពិព័រណ៍​នេះ ជា​ផ្លូវ​មួយ​ឲ្យ​អតិថិជន​បាន​ស្គាល់​ផលិតផល​ផ្សេងៗ​ទៀត​របស់​អ្នកស្រី​។ «​យើង​មាន​អង្ករ​ផ្ការំដួល ផ្កាម្លិះ និង​អង្ករសំរូប ជាដើម​។ ផលិតផល​ទាំងអស់​ដែល​ខ្ញុំ​ជ្រើសរើស​យកមក​លក់​បន្ត​នេះ សុទ្ធតែ​សម្រិតសម្រាំង​យកតែ​របស់​មាន​គុណភាព​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស ព្រោះ​ខ្ញុំ​ចង់​ខ្មែរ​ទទួលបាន​របស់​ល្អ​»​។

​សូមបញ្ជាក់ថា ផ្សារ​ទំនើប​សុរិយា មានការ​តាំងពិព័រណ៍​រយៈពេល​៧​ថ្ងៃ​ពីថ្ងៃ​១៥​ដល់​២១​ខែកក្កដា​នេះ​។ ពិព័រណ៍​នេះ​តាំង​បង្ហាញ​ផលិតផល​ខ្មែរ ដែល​ភាគច្រើន សមាគម​និង​សហគមន៍​មាន​កម្លាំង​ស្នូល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ស្ត្រី​មេម៉ាយ និង​ជនពិការ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​គ្រួសារ និង​កាត់បន្ថយ​ការ​ចំណាកស្រុក​។ ថ្ងៃទី​២១ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការតាំង​ពី​ព័រ​ណ៌ ដែលមាន​ពលរដ្ឋ​ជាច្រើន​បាន​ដើរ​មើល​ផលិតផល​ទាំងនោះ​៕


Tag:
 ផលិតផល​ខ្មែរ​
 ​កសិកម្ម​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com