សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន គាំទ្រថៃឲ្យចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មធំប្រចាំតំបន់ប៉ាស៊ីហ្វិក
× រដ្ឋាភិបាលក្រុងតូក្យូ បានពេញចិត្តនឹងផែនការរបស់រដ្ឋាភិបាលក្រុងបាងកកក្នុងការសុំជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពដៃគូគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍអន្តរប៉ាស៊ីហ្វិក ឬហៅថា CPTPP។ ក្រុងតូក្យូ ក៏បានសន្យាជួយពន្លឿនក្រុងបាងកកឲ្យបានក្លាយជាជាសមាជិកនៃកិច្ចព្រមព្រៀងនេះផងដែរ ។
នាជំនួបទ្វេភាគីក្នុងក្រុងតូក្យូនៅថ្ងៃទី១៨ ខែកក្កដា រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលថៃ បានព្រមព្រៀងគ្នាក្នុងការធ្វើការរួមគ្នាដើម្បីជួយប្រទេសអាស៊ីអាគ្នេយ៍ថៃឲ្យក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រចាំតំបន់ប៉ាស៊ីហ្វិក (CPTPP = Comprehensive and Progressive Agreement for Trans-Pacific Partnership ) ខណៈប្រទេសទាំងពីរ ក៏បានបង្ហាញពីគោលដៅរួមគ្នាក្នុងការលើកកម្ពស់ពាណិជ្ជកម្មសេរី។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post ក្រោយបញ្ចប់រវាងឧបនាយករដ្ឋមន្ត្រីថៃ និងមន្ត្រីរដ្ឋាភិបាលជប៉ុន ភាគីទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមានដោយបានបញ្ជាក់ថា ជប៉ុន អះអាងជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងទៅកាន់ថៃក្នុងការចូលជាសមាជិករបស់ CPTPP ក៏ដូចជាប្តេជ្ញាជួយជ្រោមជ្រែងនិងពន្លឿននីតិវិធីចរចា និងពិគ្រោះយោបល់ ខណៈថៃ នឹងដាក់សំណើសុំចូលជាសមាជិកនៅចុងឆ្នាំនេះផងដែរ។
ជុំវិញនៃការដំណើរការនេះ តំណាងថៃលោកឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP នឹងជួយធ្វើឲ្យសហគ្រិនភាពរបស់ថៃកាន់តែល្អប្រសើរ ខណៈដែលមតិមួយចំនួនយល់ឃើញថានឹងធ្វើឲ្យក្រុមហ៊ុនក្នុងស្រុក ពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗ តាមរយៈគោលការណ៍នៃពាណិជ្ជកម្មសេរី។
គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP គឺជាកិច្ចព្រមព្រៀងមួយ ដែលកើតចេញបន្ទាប់ពីអាមេរិក បានដើរចេញពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយអន្តរប៉ាស៊ីហ្វិក ដែលហៅកាត់ថា TPP។ ដោយមិនរាប់អាមេរិក កិច្ចព្រមព្រៀង CPTPP មានសមាជិកដើមរួមមាន អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាម។
បើសមាជិកទាំងអស់របស់ CPTPP រួមគ្នាជាបណ្តុំមួយ នោះទំហំពាណិជ្ជកម្មរបស់ CPTPP សើ្មនឹង១០.២ ទ្រីលានដុល្លារ នៃផលិតសរុប (GDP) ប្រមាណ ១៣.៥ ភាគរយក្នុងទំហំសកល៕
© រក្សាសិទ្ធិដោយ thmeythmey.com