អន្តរជាតិ
បក្សប្រឆាំង​ហ្វីលីពីន​៖ រដ្ឋបាល​ឌូ​ទើ​តេ ធ្វើ​ឲ្យ​ស្ថានភាព​ហ្វីលីពីន​កាន់តែ​អាក្រក់ ប្រជាជន​កាន់តែ​ក្រីក្រ​
21, Jul 2018 , 8:59 pm        
រូបភាព
ដោយ:
​សមាជិកសភា​បក្សប្រឆាំង​ហ្វីលីពីន បាន​រិះគន់​រដ្ឋបាល​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ថា​បានធ្វើ​ឲ្យ​ស្ថានភាព​របស់​ប្រទេស​កាន់តែ​អាក្រក់​ទាំង​ផ្នែក​សន្តិសុខ ប្រព័ន្ធ​រដ្ឋបាល និង​នីតិរដ្ឋ​។ សមាជិកសភា​រូបនេះ ចង់ឃើញ​លោក​ប្រធានាធិបតី ដោះស្រាយ​បញ្ហា​ភាពក្រីក្រ​របស់​ប្រជាជន និង​ធានា​ឲ្យ​បាន​នូវ​ការគោរព​ច្បាប់​ឡើងវិញ​។​



​សមាជិកសភា​បក្សប្រឆាំង​ហ្វីលីពីន លោក Gary Alejano នៅ​ថ្ងៃ​២០ កក្កដា បាន​លើកឡើងថា រយៈពេល​ពីរ​ឆ្នាំ​នៃ​ការដឹកនាំ​របស់លោក​ឌូ​ទើ​តេ សម្រេចបាន​សមិទ្ធផល​ខ្លះ ក៏ប៉ុន្តែ​ភាព​ដឹកនាំ​របស់លោក បានធ្វើ​ឲ្យ​ស្ថានភាព នៃ​ភាពក្រីក្រ​កាន់តែ​អាក្រក់​ទៅៗ​, បង្កើន​អសន្តិសុខ និង​ធ្វើ​ឲ្យ​ប្រទេស​ជួប​បញ្ហា​អធិបតេយ្យ​ទៀតផង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Philstar ហ្វីលីពីន​។​

​អ្នកតំណាងរាស្ត្រ​រូបនេះ បាន​រិះគន់​លោក​ឌូ​ទើ​តេ ដែល​កន្លងមក អះអាង​ខ្លួន​ថា ជា​អ្នក​ស្រលាញ់​សន្តិភាព និង​សណ្តាប់ធ្នាប់ ក៏ប៉ុន្តែ​គោលនយោបាយ​ដឹកនាំ​របស់លោក បែរជា​បង្កើតជា​ភាព​ភាពភ័យខ្លាច​ទៅវិញ​។ ពាក់ព័ន្ធ​សង្គម​-​សេដ្ឋកិច្ច​វិញ អ្នកតំណាងរាស្ត្រ បាន​បន្ទោស​លោក​ឌូ​ទើ​តេ ដែល​មិន​ជួយ​ប្រជាជន​ក្រីក្រ និង​ជាពិសេស​បណ្តែតបណ្តោយ​ឲ្យ​មាន​កម្រិត​អតិផរណា​ខ្ពស់​ទៀតផង​។

​អ្វីដែល​គួរកត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​រប​ស់​អ្នកតំណាង​រូបនេះ ធ្វើឡើង​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការ​ថ្លែង​សុន្ទរកថា​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ​។ លោក​ប្រធានាធិបតី នៅ​ថ្ងៃ​២៣ កក្កដា នឹង​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់លោក​ស្តីពី​សមិទ្ធផល​ពីរ​ឆ្នាំ​នៃ​ការដឹកនាំ​ប្រទេស​របស់លោក ក៏ដូចជា​ការប្តេជ្ញាចិត្ត​បន្ទាប់​រហូតដល់​ចប់​អាណត្តិ​ដឹកនាំ​របស់លោក​។

​សូម​រម្លឹក​បន្តិច​ថា បន្ទាប់ពី​ជាប់​ជា​ប្រធានាធិបតី​ហ្វីលីពីន លោក ឌូ​ទើ​តេ បានប្រកាស​ដោះស្រាយ​បញ្ហា​អាទិភាព​មួយចំនួន​ដូចជា​កាត់បន្ថយ​ភាពក្រីក្រ និង​បោសសម្អាត​ឲ្យ​អស់​នូវ​បញ្ហា​គ្រឿងញៀន​។ ហើយ​កន្លងមក​ដោយសា​រ​តែ​ការអនុវត្ត​គោលនយោបាយ​បោសសម្អាត​គ្រឿងញៀន​នេះហើយ ធ្វើ​ឲ្យ​លោក ស្ទើរតែ​ស្ថិតនៅក្នុង​ទំព័រមុខ​នៃ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​រៀងរាល់ថ្ងៃ​។​

​នោះ​ក៏​ព្រោះតែ ដោយសារតែ​គោលនយោបាយ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ធ្វើ​ឲ្យ​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​រាប់ពាន់នាក់ បាន​ស្លាប់ និង​ត្រូវបាន​សម្លាប់ ដែល​រាប់បញ្ចូល​ទាំង​ការអនុវត្ត​ក្រៅ​ប្រព័ន្ធតុលាការ​។ រដ្ឋបាល​របស់លោក បាន​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​រឿង​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ច្រើនជាង​ការសរសើរ​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com