កីឡាជាតិ
ជាតិ
លី​គ​៖ វេ​ស្ទើ​ន​ភ្នំពេញ ស្វាគមន៍​ក្រសួងការពារជាតិ មុន​ប៉ូលិស ជួប​អគ្គិសនី​កម្ពុជា​
22, Jul 2018 , 1:13 pm        
រូបភាព
ដោយ:
ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១៥ នៅ​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ មានការ​ប្រកួត​ចំនួន​ពីរ​គូ ដែល​ធ្វើ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ មុន​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) តទល់​ជាមួយ​អគ្គិសនី​កម្ពុជា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ជំនួប​កាលពី​ថ្ងៃ​សៅរ៍ បឹងកេត​បន្ត​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ខណៈ​វិសាខា សងសឹក​វេ​ស្ទើ​ន​ភ្នំពេញ​បានសម្រេច រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ត្រឹម​ស្មើ​អង្គ​រថា​យ​ហ្គឺ​រ​។


 
 
​វេ​ស្ទើ​ន​ភ្នំពេញ​ប៉ះ​ក្រសួងការពារជាតិ​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​
 
​វេ​ស្ទើ​ន​ភ្នំពេញ​ជា​ក្រុម​ដុនដាប​ជាងគេ​នៅ​ឆ្នាំនេះ នា​ការប្រកួត​១៤​លើក​កន្លងមក​ក្រុម​នេះ មិនដែល​ស្គាល់​ជ័យជម្នះ ឬ​ស្មើ​សូម្បី​១​លើក ពោលគឺ​ចាញ់​ទាំងអស់​។ ក្នុងចំណោម​បរាជ័យ​ទាំងអស់ វេ​ស្ទើ​ន​ភ្នំពេញ​រង​ភាព​ជូរ​ខ្លាំងជាងគេ​ក្នុង​ជួប​ជាមួយ​ណាហ្គា​វើ​ល ដោយ​ចាញ់​ក្នុង​លទ្ធផល ១០-០​។ វេ​ស្ទើ​ន​ភ្នំពេញ​ស្ថិតនៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។ ចំណែក​ក្រសួងការពារជាតិ ស្ថិតនៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង​មាន​៣០​ពិន្ទុ​។ ទ័ព​អាច​និយាយបានថា ជា​ក្រុម​កំពុង​ឡើង​ជើង ដែល​ឈ្នះ​៧​ប្រកួត​ជាប់​គ្នា នា​ជំនួប​ចុងក្រោយ​នេះ​។ កាលពី​សប្តាហ៍​មុន ក្រុម​នេះ​យកឈ្នះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៣-១​។ នា​ជំនួប​ជើង​ទី​១ ទ័ព​យកឈ្នះ​វេ​ស្ទើ​ន ៨-០​។ 

​ប៉ូលិស​ជួប​អគ្គិសនី​កម្ពុជា​ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
 
​អគ្គស្នងការ​នគរបាល​ជាតិ ស្ថិតនៅ​លេខ​៧​ក្នុង​តារាង​មាន​២០​ពិន្ទុ ក្រោយ​ឈ្នះ​៦ ចាញ់​៦ និង​ស្មើ​២​។ សម្រាប់​៥​ប្រកួត​កន្លងមក ប៉ូលិស​ឈ្នះ​២ និង​ចាញ់​៣​។ កាលពី​សប្តាហ៍​មុន​ក្រុម​នេះ ចាញ់​ក្រុម​កំពូល​តារាង​បឹងកេត​ក្នុង​លទ្ធផល ១-០​។ រីឯ​អគ្គិសនី​កម្ពុជា​មិនទាន់​គេច​ផុតពី​តំបន់​គ្រោះថ្នាក់​នោះទេ ដោយ​ស្ថិតនៅ​លេខ​១១​ក្នុង​តារាង​មាន​៥​ពិន្ទុ​ក្នុង​ដៃ​។ នា​៥​ប្រកួត​កម្ល​ង​មក ក្រុម​នេះ​ស្មើ​១​លើក និង​ចាញ់​៤​លើក​។ សប្តាហ៍​មុន​ក្រុម​ប្រើប្រាស់​កីឡាករ​កម្ពុជា​សុទ្ធ​មួយ​នេះ ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ៤-២​។ ការប្រកួត​ជើង​ទី​១ អគ្គស្នងការ​នគរបាល​ជាតិ​យកឈ្នះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៤-១​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ បឹងកេត ដែល​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ ជា​មូលដ្ឋាន​បណ្តោះអាសន្ន​បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-១​។ គ្រាប់​បាល់​របស់​បឹងកេត រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ Julius និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon ខណៈ​កីឡាករ Debiro Dzarma Bata សម្រេច​គ្រាប់​បាល់​ឲ្យ​សូល​ទី​ឡូ​អង្គរ​។ 
 
​ជ័យជម្នះ​នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​បឹងកេត​បន្ត​ឈរ​កំពូល​តារាង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ​អាច​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ថែម​ទៀតផង​។ បច្ចុប្បន្ន​បឹងកេត​ឈរ​កំពូល​តារាង​មាន​៣៩​ពិន្ទុ ក្រោយ​ឈ្នះ​១២ និង​ស្មើ​៣​។​
 
​ចំណែក​ក្រុម​វិសាខា ជម្រះបញ្ជី​ចាស់​ជាមួយ​អាស៊ី​អឺរ៉ុប​បានសម្រេច បន្ទាប់ពី​ពួកគេ​យកឈ្នះ​អាស៊ី​អឺរ៉ុប ដែល​យកឈ្នះ​ខ្លួន ២-០ ក្នុង​ជើង​ទី​១​ក្នុង​លទ្ធផល ៤-២ នា​ជំនួប​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​។ ជ័យជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម​ដែល​ទើប​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច ហ៊ុន សែន ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​មួយ​នេះ បន្ត​ឈរ​លេខ​២​ក្នុង​តារាង​មាន​៣៥​ពិន្ទុ​។ គ្រាប់​បាល់​របស់​វិសាខា​រកបាន​ម្នាក់​១​គ្រាប់ ដោយ​កីឡាករ​កូរ៉េខាងជើង Kim Kyong Hun, Ri Hyok Chol, កែវ សុខ​ផេង និង ម៉ាត់ សា​ក់រវី​។ រីឯ​គ្រាប់​បាល់​អាស៊ី​អឺរ៉ុប​រកបាន​ដោយ​កីឡាករ George Kelechi Stanley និង Befolo Mbarga Jean Privat​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​មិនអាច​ជម្រះបញ្ជី​ចាស់​របស់ខ្លួន​នោះទេ ដោយ​រក្សា​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​យកឈ្នះ​ពួកគេ ៣-១ ក្នុង​ជើង​ទី​១​។ កីឡាករ តាំង សុភ័ក្ត្រ បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​នៅ​នាទី​ទី​១៩ បន្ទាប់មក​នៅ​នាទី​៦០​កីឡាករ Sergio Barboza Da Silva Junior សម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​។ លទ្ធផល​នេះ ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងឈរ​លេខ​៥​មាន​២១​ពិន្ទុ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​បន្ត​ឈរ​លេខ​១០​មាន​១៣​ពិន្ទុ​៕  

Tag:
 Cambodian League 2018
  ទ័ព​
  ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com