ជាតិ
បោះឆ្នោត
នយោបាយជាតិ
បក្សឆន្ទៈខ្មែរ ស្នើឲ្យអ្នកនយោបាយបញ្ឈប់ការលាបពណ៌ ហើយរួមគ្នាអភិវឌ្ឍប្រទេស ប្រភពរូបពីផេកគណបក្ស
× ភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ ដែលទើបបង្កើតឡើងនៅអាណត្តិថ្មីនេះ បានអះអាងថាខ្លូន គឺជាជម្រើសថ្មី ដែលនាំប្រជាពលរដ្ឋទៅរកការផ្តាស់ប្តូរជាវិជ្ជមាន បន្ទាប់ពីបាត់បង់គណបក្សសង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ គណបក្សនេះ ក៏បានអះអាងថា ខ្លួនមិនមែនជាអាយ៉ងរបស់គណបក្សកាន់អំណាចឡើយ តែជាកម្លាំងចលករនៃក្មេងជំនាន់ក្រោយ។
ការរំលាយគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាច្រើន ត្រូវបាត់បង់ ដែលជាមូលហេតុចម្បង ជំរុញឲ្យមានការបង្កើតគណបក្សឆន្ទៈខ្មែរ។ លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានអះអាងថា គណបក្សលោក គឺជាជម្រើសថ្មី នៃការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។
មួយវិញទៀត ប្រធានគណបក្សនេះ ក៏បានលើកឡើងដែរថា ខ្លួនមិនមែនជាកូនអុករបស់គណបក្សកាន់អំណាចឡើយ ហើយការចោទប្រកាន់លើគណបក្សលោកបែបនេះ គឺជាវប្បធម៌របស់អ្នកនយោបាយចាស់ៗ។ លោក សូមឲ្យអ្នកនយោបាយ បញ្ឈប់ការលាបពណ៌ដាក់ខ្មែរនិងខ្មែរគ្នាឯង។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ លោក គង់ មុនីកា បានបញ្ជាក់ យ៉ាងដូច្នេះថា៖«ជាអ្នកនយោបាយជំនាន់ក្រោយ គឺចង់រួមចំណែកដ៏ស្មោះត្រង់សង្គ្រោះជាតិ ដើម្បីឈានទៅរកការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សមួយនៅកម្ពុជា»។
អ្វីដែលអ្នកនយោបាយវ័យក្មេងរូបនេះ ចង់ធ្វើបន្តទៀតគឺ លោកចង់ឃើញអ្នកនយោបាយខ្មែរចេះរួមគ្នាគិត រួមគ្នាអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា កុំឈ្លោះគ្នាដូចពីមុនតទៅទៀត។
ក្រោយពីបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំង២៥មណ្ឌល ក្នុងប្រទេសរួចមក គណបក្សដែលមានលេខរៀងទី១៧ ក្នុងតារាងសន្លឹកឆ្នោត បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទៅគ្រប់មណ្ឌលទាំងអស់ដែលខ្លួនបានឈរឈ្មោះ។ មិនតែប៉ុណ្ណោះ នៅថ្ងៃបើកការឃោសនា គណបក្សនេះ ក៏មានក្បួនដង្ហែកម្រិតមធ្យមផងដែរ នៅរាជធានីភ្នំពេញ បាត់ដំបង និងស្វាយរៀង។
តាមការគ្រោងទុក គណបក្សឆន្ទៈខ្មែរ នឹងឃោសនាទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ក្បួនធំនេះ គ្រោងធ្វើនៅភ្នំពេញ តាកែវ ព្រៃវែង ត្បូងឃ្មុំ និងកណ្ដាល តែមានអ្នកចូលរួមប៉ុន្មាននាក់ ឬចំណាយអស់ប៉ុន្មាន លោក គង់ មុនីកា នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
យ៉ាងណា ក្រៅពីការឃោសនាទ្រង់ទ្រាយធំនៅតាមបណ្ដាខេត្តមួយចំនួន ប្រធានគណបក្សឆន្ទៈខ្មែរ ក៏បានចុះទៅដល់មូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដែរ។ ក្រោយការចុះមូលដ្ឋាន អ្វីដែលប្រធានគណបក្សរូបនេះ សង្កេតឃើញពីតម្រូវការចាំបាច់របស់ពលរដ្ឋគឺ វិស័យកសិកម្ម សុខាភិបាល និងការអប់រំ៕
Tag:
បោះឆ្នោត
បក្សឆន្ទៈខ្មែរ
គង់ មុនីកា
ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com