កីឡាជាតិ
ជាតិ
ស្ថាបនិក​វាយតម្លៃ​ខ្ពស់​ចំពោះ​ពាន KMH Champions League ខណៈ​គ្រួសារ​ប៊ីចេង​គ្រង​ជើងឯក
22, Jul 2018 , 4:42 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ពាក់កណ្តាល​អាជីព KMH Champions League រដូវ​កាល ២០១៧-២០១៨ បានបញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​។ ក្រុមបាល់ទាត់​ចំណូល​ថ្មី​គ្រួសារ​ប៊ីចេង បាន​គ្រង​ជើងឯក​នៅ​ឆ្នាំនេះ ក្រោយ​យកឈ្នះ​ក្រុម Down Town Sport ក្នុង​លទ្ធផល ២-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ  ខណៈ​អាណាចក្រ​បៃតង បាន​លេខ​៣ ក្រោយ​យកឈ្នះ​ពិស្ណុកា ៨-៤​។​



​ក្រុមបាល់ទាត់​ចំណូល​ថ្មី​គ្រួសារ​ប៊ីចេង បាន​គ្រង​ជើងឯក​ពានរង្វាន់ KHM Champions League រដូវ​កាល ២០១៧-២០១៨ ក្រោយ​យកឈ្នះ​ក្រុម Down Town Sport ក្នុង​លទ្ធផល ២-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា នៅ​កីឡដ្ឋាន KMH Park​។ សម្រាប់​ការប្រកួត​ដ៏​ស្វិតស្វាញ ដែលមាន​ការបន្ថែម​១៥​នាទី​ពីរដង កីឡាករ ផ្លុ​ង សុខ​រក្សា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​គ្រួសារ​ប៊ីចេង​នៅ​នាទី​២៨​។ ពីរ​នាទី​ក្រោយមក កីឡាករ ព្រំ ឌី​យ៉ា​ម៉​ង់ បានសម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់ Down Town Sport​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ រហូត​ចប់​ការប្រកួត​៩០​នាទី​។​

​ឈានដល់​ការបន្ថែម​១៥​នាទី​ពីរដង ក្រុម​ទាំង​ពីរបាន​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​យ៉ាងខ្លាំង និង​បង្កើត​ឱកាស​មាស​រៀងៗ​ខ្លួន​។ ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​បញ្ចប់ ក្រោយ​កីឡាករ វណ្ណា​រ៉ា សម្រេច​គ្រាប់​ទី​២​ឲ្យ​ក្រុមគ្រួសារ​ប៊ីចេង​នៅ​នាទី​ទី​១០៥ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​ជួយ​ឲ្យ​ក្រុមគ្រួសារ​ប៊ីចេង លើក​ពាន KMH Champions League រដូវ​កាល​ទី​៣​។​



​ជាមួយគ្នានេះ ក្រុម​អាច​ក្រ​បៃតង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម​ពិស្ណុកា​ក្នុង​លទ្ធផល ៨-៤ ដោយ​គ្រាប់​បាល់​របស់​អាណាចក្រ​បៃតង​សម្រេច​ដោយ​កីឡាករ សុខ គា​រ៉ា និង លឹម ចាន់​លាភ ម្នាក់​៣​គ្រាប់ និង​រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ ឈឿង សុខ​ហេង និង សុខ ច័ន្ទ​រស្មី​។ ចំណែក​គ្រាប់​បាល់​របស់​ពិស្ណុកា រកបាន​ដោយ​កីឡាករ ឯក វណ្ណៈ ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ អ៊ុង វិសាល និង សុវណ្ណ វិច្ឆិកា​។

​លោក កាំ​ង សេន ស្ថាបនិក​ពាន KMH Champions League ដែលជា​ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព​ធំជាងគេ​នៅ​កម្ពុជា​បាន​វាយតម្លៃថា នៅ​រដូវ​កាល​ទី​៣​នេះ មានការ​ប្រកួតប្រជែង​ស្វិតស្វាញ​ខ្លាំង បើ​ធៀប​នឹង​ពីរលើក​កន្លង​។ លោក​បន្ថែមថា សមត្ថភាព បច្ចេកទេស និង​ទម្រង់​លេង​របស់​កីឡាករ​នៃ​ក្រុម​នីមួយៗ ក៏មាន​ការរីកចម្រើន​ផងដែរ​។​

​ទន្ទឹមនឹង​មើលឃើញ​ពី​ការរីកចម្រើន ស្ថាបនិក​រូបនេះ​អះអាងថា នៅ​រដូវ​កាល​ក្រោយ​លោក​នឹង​រៀបចំ​ឲ្យ​កាន់តែ​ប្លែក និង​អស្ចារ្យ​ជាងនេះទៀត ពិសេស​អាចមាន​ការបន្ថែម​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​ក្រុម​ម្ចាស់​ជ័យលាភី​ទៀង​ផង​។ តែ​យ៉ាងណា លោក​មិនបាន​បញ្ជាក់​លម្អិត​ទាក់ទង​នឹង​ចំណុច​អស្ចារ្យ ក៏ដូចជា​ការបន្ថែម​ប្រាក់រង្វាន់​លើកទឹកចិត្ត​ទាំង​នោះឡើយ​។

​សម្រាប់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្រុម​ជើងឯក​គ្រួសារ​ប៊ីចេង​ទទួលបាន​៤៨​លាន​រៀល​(១២,០០០​ដុល្លារ​), លេខ​២ Down Town បាន​២៤​លាន​រៀល​(៦​ពាន់​ដុល្លារ​), លេខ​៣​អាណាចក្រ​បៃតង បាន​១២​លាន​រៀល​(៣​ពាន់​ដុល្លារ​) និង​ក្រុម​លេខ​៤​ពិស្ណុកា បាន​៦​លាន​រៀល​(១,៥០០​ដុល្លារ​)​។

​ក្រៅពីនេះ ក្រុម Fair Play (Down Town Sport) បាន​៧៥០​ដុល្លារ​, អាជ្ញាកណ្តាល​ល្អ​, អ្នកចាំទី​ល្អ​(​អ៊ុក មិច​) និង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​(​ជា អូ​លី​)​បាន​ម្នាក់​៤០០​ដុល្លារ​។ បន្ថែម​លើ​នេះ ក្រុម​ធ្លា​ក់នៅ​វគ្គ​១/៨ ទទួលបាន​៣០០​ដុល្លារ​ក្នុង​១​ក្រុម​, ក្រុម​ធ្លាក់​វគ្គ​១/៤ បាន​៧៥០​ដុល្លារ​ក្នុង​១​ក្រុម​៕



Tag:
 បាល់ទាត់​
  កាំ​ង សេន​
  KMH Champions League
© រក្សាសិទ្ធិដោយ thmeythmey.com