ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ប្ដេជ្ញាសម្រួលឲ្យខ្មែរគ្រប់មជ្ឈដ្ឋានដើរកម្សាន្តក្នុងស្រុកច្រើនឡើង រូបពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្រៅពីការព្យាយាមស្រូបទាញទេសចរអន្តរជាតិឲ្យចូលមកកម្ពុជា ក្រសួងទេសចរណ៍នឹងដាក់ចេញគោលនយោបាយ និងជំរុញឲ្យមានកញ្ចប់ទេសចរណ៍តម្លៃសមរម្យ ដើម្បីជំរុញចលនាដើរកម្សាន្តក្នុងស្រុករបស់ពលរដ្ឋកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ក្រសួងបានដាក់ទិសដៅជំរុញចលនាទេសចរណ៍ក្នុងស្រុកឲ្យដល់ ១៩លាននាក់ត្រឹមឆ្នាំ២០២៥ ដែលកើនពីជិត ១១លាននាក់នៅឆ្នាំ២០១៧។ ទេសចរក្នុងស្រុកមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ។ ហើយដើម្បីសម្រេចតាមផែនការនេះ ក្រសួងត្រៀមដាក់ចេញគោលនយោបាយកម្មវិធី«កម្ពុជាមាតុភូមិខ្ញុំ» ក្រោមពាក្យស្លោក«ទាំងអស់គ្នាអាចធ្វើដំណើរកម្សាន្តបាន»។
ថ្លែងក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជាតិលើកទី១ ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែកក្កដា លោក ថោង ខុន ឲ្យដឹងថា ក្រសួងនឹងជំរុញឲ្យមានកញ្ចប់ទស្សនកិច្ចក្នុងស្រុក ដែលមានតម្លៃសម្យរម្យ ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិត គ្រូបង្រៀន មន្ត្រីរាជការ កម្មករ និងកីឡាករ អាចធ្វើដំណើរកម្សាន្តយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ។
រដ្ឋមន្ត្រីទេសចរណ៍រូបនេះ អះអាងថា ទេសចរក្នុងស្រុកមានសក្ដានុពល ដោយមានលក្ខណៈផ្សេងពីទេសចរបរទេស។ លោកបានថ្លែងថា ទេសចរណ៍ក្នុងស្រុកមិនសូវរងផលប៉ះពាល់ពីវិបត្តិសកលផ្សេងៗ។ ទេសចរណ៍ក្នុងស្រុករួមចំណែកដល់ការអភិវឌ្ឍនៅតាមតំបន់គោលដៅដើរកម្សាន្ត និងផ្ដល់ចំណូលដល់ប្រជាសហគមន៍។
ហើយការបំផុសចលនាដើរកម្សាន្តក្នុងស្រុកនេះ នឹងធ្វើឲ្យគោលដៅទេសចរណ៍នានា ជ្រួតជ្រាបដល់ពលរដ្ឋខ្មែរ និងបរទេស។ លោក ថោង ខុន ថ្លែងដូច្នេះថា៖«ចលនាទេសចរណ៍ក្នុងស្រុកជាឧបករណ៍ធ្វើឲ្យតំបន់ថ្មីៗ មិនសូវល្បី ទទួលបានការចាប់អារម្មណ៍ និងដំណើរការទៅមុខបម្រើឲ្យវិស័យទេសចរណ៍។ ប្រជាពលរដ្ឋអាចដឹងពីសក្ដានុពល ចេះស្រលាញ់ទឹកដី»។
កន្លងមក ចលនាទេសចរណ៍ក្នុងស្រុកប្រឈមបញ្ហាខ្លះ ដូចជា កង្វះខាតការផ្សព្វផ្សាយ ហើយប្រជាជនមិនទាន់មានទម្លាប់ធ្វើដំណើរក្នុងស្រុកតាមរយៈកញ្ចប់ទស្សនកិច្ច ព្រមទាំងតម្លៃសេវាកម្ម សណ្ឋាគារ ភោជនីដ្ឋាន និងមធ្យោបាយដឹកជញ្ជូនមានតម្លៃថ្លៃជាដើម។ នេះបើតាមលោក ថោង ខុន ។
គួបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍ជាតិលើកដំបូង ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនេះ មានការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មទេសចរណ៍ប្រមាណ ១៥០ស្ដង់ មកពីបណ្ដាសណ្ឋាគារភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍នានា៕
© រក្សាសិទ្ធិដោយ thmeythmey.com