អន្តរជាតិ
២០​ឆ្នាំ​នៃ​ការកកើត ICC មាន​រដ្ឋ​ណាខ្លះ ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​តុលាការ​នេះ​?
22, Jul 2018 , 7:19 pm        
រូបភាព
ដោយ:
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅថា ICC ( International Criminal Court ) គឺជា​តុលាការ​របស់​ពិភពលោក​តែមួយគត់ ដែលមាន​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​លើ​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​មនុស្សជាតិ ។ មកទល់​បច្ចុប្បន្ន តុលាការ​នេះ ហាក់​មិនសូវមាន​សមាជិក​ចូលរួម​ផុសផុល​ប៉ុន្មាន​ឡើយ ពោលគឺ មានតែ​សមាជិក​ដើរចេញ និង​ចង់​ដើរចេញ ។



​ថ្ងៃ​១៧ កក្កដា កន្លងទៅ គឺជា​ខួប​លើក​ទី​២០​ហើយ​នៃ​ការចាប់​កំណើត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ គិត​ចាប់ពី​ការអនុម័ត​លក្ខន្តិកៈ​ក្រុង​រ៉ូម ដែលជា​លិ​ខិ​តូ​បក​រណ៍​មូលដ្ឋាន​ដើម្បី​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ឆ្នាំ​១៩៩៨​មកទល់ពេលនេះ ICC មាន​សមាជិក ឬ​ភាគី សរុប​ទាំងអស់ ១២៣ ប្រទេស ។​

ICC មិន​ស្ថិតក្រោម​ការគ្រប់គ្រង របស់​អង្គការសហប្រជាជាតិ​ដូច​តុលាការ​យុត្តិធម៌​អន្តរជាតិ IJC ឡើយ ប៉ុន្តែ ភាគី​ទាំងពីរ មាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​គ្នា​ក្នុង​គោលដៅ​ស្វែងរក​យុត្ត​ធម៌ និង​សន្តិភាព​សម្រាប់​មនុស្សជាតិ ។

​តាមពិតទៅ តុលាការ​អចិន្ត្រៃយ៍​អន្តរជាតិ​មួយ​នេះ ទើបតែ​ដំណើរការ​ផ្លូវការ​នៅក្នុង​ឆ្នាំ​២០០២​នោះទេ ពោលគឺ បន្ទាប់ពី​រដ្ឋ​ភាគី បាន​ចុះហត្ថលេខា​គ្រប់​ចំនួន​តាម​លក្ខ​ន្តិ​ការ​នៃ​ការអនុវត្ត​បេសកកម្ម​របស់​តុលាការ​។

​បើតាម​មាត្រា ៥ នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម បទល្មើស​ព្រហ្មទណ្ឌ​ដែល​ស្ថិតក្នុង​យុត្តាធិការ​តុលាការ​មានដូចជា បទល្មើស​ព្រហ្មទណ្ឌ​ប្រល័យពូជសាសន៍ , បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​មនុស្សជាតិ​, បទល្មើស​ព្រហ្មទណ្ឌ​សង្គ្រាម និង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ការឈ្លានពាន​ជាដើម ។ រាល់​ភាគី ដែលជា​សមាជិក​របស់​តុលាការ នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​តុលាការ ប្រសិនបើ​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ ។

​តាម​របាយការណ៍​រប​ស់​តុលាការ​ព្រហ្មទណ្ឌ​កំពូល​មួយ​នេះ មកទល់ពេលនេះ មាន​ប្រទេស​សមាជិក​ជាច្រើន​ហើយ កំពុងតែ​ស្ថិតក្រោម ការវិនិច្ឆ័យ​បឋម និង​ការស៊ើបអង្កេត​របស់​តុលាការ ។ ក្នុងនោះ​ស្ថានភាព​ប្រទេស ដែល​កំពុងតែ​ស្ថិតក្រោម​ការវិនិច្ឆ័យ និង​ពិនិត្យ​បឋម​របស់​តុលាការ​រួមមាន អា​ហ្វ​ហ្កា​នី​ស្ថាន , កូ​ឡុំ​ប៊ី​, ហ្កា​បុ​ង​, ហ្គី​ណេ , អ៊ីរ៉ាក់​និង​អង់គ្លេស , នី​ហ្សេ​រី​យ៉ា​, ប៉ា​លេ​ស្ទី​ន​, ហ្វីលីពីន​, អ៊ុយ​ក្រែ​ន និង វេ​ណេ​ស៊ុយ​អេ​ឡា ។

​ដោយឡែក​សម្រាប់​ស្ថានភាព​របស់​ប្រទេស ដែល​តុលាការ​កំពុងបើក​ការស៊ើបអង្កេត​រួមមាន​ដូចជា អ៊ូ​ហ្គ​ង់​ដា​, សាធារណរដ្ឋ​កុង​ហ្គោ​, ស៊ូដង់​, អាហ្វ្រិក​កណ្តាល​, សាធារណរដ្ឋ​កេ​ន​យ៉ា​, លី​ប៊ី​, កូត​ឌី​វ័រ , ម៉ាលី​, ហ្ស​ក​ហ្ស៊ី និង​ប៊ូ​រុន​ឌី ។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មហាអំណាច​ពិភពលោក អាមេរិក រុស្ស៊ី (​ដកខ្លួន​ចេញពី​តុលាការ​នៅ​ឆ្នាំ​២០១៦) និង​ចិន មិនមែន​រដ្ឋ​ភាគី​នៃ​តុលាការ​នេះឡើយ​។ សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​វិញ មានតែ​ប្រទេស​ពីរ​ប៉ុណ្ណោះ ដែលជា​សមាជិក​នៃ​តុលាការ​នេះ ។ ប្រទេស​ទាំងនោះ​រួមមាន កម្ពុជា និង​ហ្វីលីពីន ។ ក៏ប៉ុន្តែ​ហ្វីលីពីន បាន​ជូនដំណឹង​ដកខ្លួន​ចេញពី​តុលាកា​រួចហើយ ពោលគឺ​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការដក​សមាជិកភាព​ចេញពី​តុលាការ ៕


Tag:
 ICC
  ចំ​ណឹ​ង​ដឹង​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com