ជាតិ
ធនាគារជាតិ៖ គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ មិនគួរមានភ្នាក់ងារប្រដាប់អាវុធទេ ព្រោះកម្ពុជាមានសន្តិសុខហើយ
× ធនាគារជាតិ មិនលើកទឹកចិត្តឲ្យធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ នៅក្នុង ឬនៅក្បែរបរិវេណទីស្នាក់ការរបស់ខ្លួននោះទេ។ ធនាគារជាតិ យល់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានសន្តិភាពពេញលេញស្រាប់ទៅហើយ។
តាមរយៈសេចក្តីជូនដំណឹង ដែលធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ធនគារជាតិ បានលើកហេតុផលយ៉ាងដូច្នេះថា៖«ធនាគារជាតិ បានពិនិត្យឃើញថា គ្រឹះស្ថានមួយចំនួន កំពុងប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធការពារនៅក្នុង ឬនៅក្បែរបរិវេណទីស្នាក់ការរបស់ខ្លួន ដែលអាចបង្កហានិភ័យជាយថាហេតុ ដល់អាយុជីវិតប្រជាជន និងសណ្តាប់ធ្នាប់សាធារណៈ»។
ធនាគារជាតិ បានប្រាប់ថា បើចង់ប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ គ្រប់ធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវស្នើសុំកិច្ចសហការ និងការអនុញ្ញាតពីអាជ្ញាធរ។ លើសពីនេះ ធនាគារជាតិ ក៏បានដាក់កំហិតឲ្យធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ រាយការណ៍ទៅខ្លួន ឲ្យបានមុនថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ អំពីបញ្ជីឈ្មោះភ្នាក់ងារសន្តិសុខ និងចំនួនអាវុធ៕
Tag:
ធនាគារជាតិ
សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com