អន្តរជាតិ
អ៊ីរ៉ង់ ចង់មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាស៊ាន
× រដ្ឋាភិបាលក្រុងតេហេរ៉ង់ ចង់មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទិសដៅរបស់ក្រុងតេហេរ៉ង់មកកាន់អាស៊ាន ស្របពេលដែលអង្គការក្នុងតំបន់មួយនេះ កំពុងតែការអភិវឌ្ឍកាន់តែរីកចម្រើន ជាពិសេសនោះលើកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
បើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃ៣០ កក្កដាខាងមុខនេះ រដ្ឋាភិបាលអ៊ីរ៉ង់ នឹងចុះសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយនឹងអាស៊ានហើយ។ ផែនការនេះ នឹងត្រូវធ្វើឡើងចំពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានសិង្ហបុរីជាប្រធាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីរ៉ង់ Tehran Times នៅថ្ងៃ២១ កក្កដា។
តាមប្រភពព័ត៌មានដដែលនោះ អគ្គរដ្ឋទូតសិង្ហបុរីប្រចាំក្រុងតេហារ៉ង់ នៃប្រទេសអឺរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នឹងចុះហត្ថលេខាផ្លូវការលើសន្ធិសញ្ញាស្តីកិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ាននាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខដ៏ខ្លីនេះ។
លោកអគ្គរដ្ឋទូតដដែលនោះ បានបញ្ជាក់បន្ថែមថា ប្រទេសអាស៊ាន នឹងស្វាគមន៍គ្រប់ភាគីទាំងអស់ ដែលចង់ចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។
គួរជម្រាបថា អាស៊ាន ជាអង្គការអន្តរជាតិរដ្ឋាភិបាលមួយ ដែលមានទិសដៅសម្រេចឲ្យបានកិច្ចសហប្រតិបត្តិការទាំងផ្នែកសន្តិសុខ-នយោបាយ សង្គម-វប្បធម៌ និងសេដ្ឋកិច្ចពាណិជ្ជកម្ម។ បើសមាជិកអាស៊ានទាំងដប់ដែលរួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នោះប្រជាជនអាស៊ានមានជាង៦៣០លាននាក់ និងមានផលិតផលក្នុងស្រុកសរុប២.៤ ទ្រីលានដុល្លារ។
បច្ចុប្បន្នអាស៊ាន មានដៃគូសហប្រតិការជាមួយនឹងបន្តភាគីរួមមាន អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ណូវែលសេឡង់ ន័រវែស ប៉ាហ្គីស្ថាន តួកគី រុស្សី កូរ៉េខាងត្បូង ហូឡង់ និងអាមេរិក ៕
© រក្សាសិទ្ធិដោយ thmeythmey.com