ជាតិ
យុវជន​ជិត ១០០​នាក់ ទទួលបាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ពី​ជំរំ​វិទ្យាសាស្ដ្រ​ឆ្នាំ​ទី​៣
22, Jul 2018 , 9:39 pm        
រូបភាព
​សៀមរាប​៖ ជំរំ​វិទ្យាសាស្ដ្រ​លើក​ទី​៣ បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​។ ជំរំ​វិទ្យាសាស្ដ្រ​ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា ខេត្តសៀមរាប ដោយមាន​សិក្ខាកាម​សរុប ៩៣​នាក់​ចូលរួម​។ ទោះបី​ជំរំ​វិទ្យាសាស្ដ្រ​នេះ​ផ្តោតលើ​ការបង្រៀន​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ហាក់​មានការ​លំបាក ឬ​ជា​ចំណេះដឹង​ថ្មី​សម្រាប់​យុវជន​កម្ពុជា​ក៏ពិតមែន តែ​ពួកគេ​អះអាងថា មានការ​ចាប់អារម្មណ៍ និង​ទទួលបាន​ចំណេះដឹង​ថ្មី ប្លែក ដែល​ពួកគេ​មិន​ធ្លាប់បាន​រៀន​ពីមុនមក​។​



​យុវជន​កម្ពុ​ជាជាង ៩០​នាក់ ដែល​មកពី​អង្គភាព​ចម្រុះ បាន​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​វិទ្យាសាស្ដ្រ លើក​ទី​៣​។ ពួកគេ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ទាក់ទង​នឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដូច​ជាការ​គូរគំនូ​ដោយ​ប្រព័ន្ធ 3D កម្មវិធី​កាត់ត​វីដេអូ ការតំឡើង​រូ​ប៉ូ​ត និង​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​។​



​គរុ​សិស្ស​នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប យុវជន សេរី រ​ម្នី បានឱ្យដឹងថា ខ្លួន​បាន​យល់ដឹង​ច្រើន​ទាក់ទង​កម្មវិធី​ជំរំ​វិទ្យាសាស្ដ្រ គឺ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ទៅនឹង​ព័ត៌មានវិទ្យា ការប្រើប្រាស់​ប្រព័ន្ធ​បញ្ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​តាម​កម្មវិធី App Store ជាដើម​។ បន្ថែម​ពីនេះ រ​ម្នី បាន​យល់ដឹង​ផ្នែក​វប្បធម៌ និង​ប្រពៃណី​កូរ៉េ តាមរយៈ​កម្ម​វិធីចែក​រំលែក​វប្បធម៌​ពី​យុវជន​កម្ពុជា និង​កូរ៉េ​។​

​ក្នុង​រយៈពេល​៣​សប្ដាហ៍ រ​ម្នី មាន​ទំនាក់ទំនង​ដ៏​ល្អ​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត​កូរ៉េ និង​បាន​ផ្លាស់ប្ដូរ​វប្បធម៌ និង​ប្រពៃណី​មួយចំនួន ដូចជា​បង្រៀន​ពី​ភាសា ល្បែង​ប្រជាប្រិយ និង​ការ​រាំ​កម្សាន្ត​។​ល​។ រ​ម្នី ចង់ឱ្យ​យុវជន​ផ្សេងទៀត ងាក​មក​ចូលរួម​កម្មវិធី​បណ្ដុះបណ្តាល​ខ្លីៗ​ផ្សេងៗ ដូចជា​កម្មវិធី​បោះជំរំ​វិទ្យាសាស្ដ្រ​នេះ គឺ​ពួកគេ​នឹង​ទទួលបាន​ចំណេះដឹង ចំណេះ​ជំនាញ​ដែល​ពួកគេ​មិន​ធ្លាប់បាន​រៀន​ពីមុនមក​។​



​ដូចគ្នានេះដែរ កញ្ញា លន់ ឡង់ឌី ដែល​បាន​ចូលរួម​ក្នុង​ជំរំ បានបង្ហាញ​អារម្មណ៍​រីករាយ​ក្រោយ​ទទួល​ចំណេះដឹង​ផ្សេងៗ​ពី​ខាង​យុវជន​កូរ៉េ​។ កញ្ញា​ថា កន្លងមក​ខ្លួន​មិនសូវ​ចាប់អារម្មណ៍​ទេពី​ការសិក្សា​ផ្នែក​ព័ត៌មានវិទ្យា តែ​ក្រោយ​សិក្សា​ក្នុង​កម្មវិធី​ជំរំ​រួច ធ្វើឱ្យ​កញ្ញា​ដឹង​ពី​សារប្រយោជន៍ និង​ចង់​បន្ដ​សិក្សា​ផ្នែក​នេះ​ត​ទៀត​នាពេលខាងមុខ​។ កញ្ញា​សង្កេតឃើញថា ពីមុន​មិនសូវមាន​ស្ដ្រី​ច្រើន​ទេ​ដែល​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នេះ តែ​បច្ចុប្បន្ន​តួលេខ​មាន​ច្រើន ហើយ​កញ្ញា​ចង់ឱ្យ​ពួកគេ​រៀន​ជំនាញ​នេះ​កាន់តែច្រើន ព្រោះថា​ផ្នែក​នេះ​នឹង​ជួយ​ឱ្យ​យុវជន​មានចំណេះដឹង និង​បំ​និ​ន​ជីវិត​ថ្មីៗ​ទាក់ទង​នឹង​ព័ត៌មានវិទ្យា​។​

​ជំរំ​វិទ្យាសាស្ដ្រ ជា​សកម្មភាព​ផ្លែផ្កា​នៃ​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ​មូលនិធិ​នៃ​ក្ដីសង្ឃឹម អាស៊ី​អាហ្វ្រិក WHAF របស់​កូរ៉េ​។ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ គម្រោង​នេះ​មាន​គាំទ្រ​ធនធានមនុស្ស បច្ចេកទេស សម្ភារ​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​អប់រំ​កូរ៉េ (Korea University of Technology & Education) នៃ​ក្រសួង​ការងារ​សាធារណៈរដ្ឋ​កូរ៉េ​។ ជំរំ​នេះ​មាន​រយៈពេល​៣​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​អ្នកចូលរួម​សរុប ១៣៥​នាក់ ស្រី​៦០ ក្នុងនោះ​សិក្ខាកាម​មាន ៩៣​នាក់ ស្រី ៦១​នាក់​។ សិក្ខាកាម​ទាំងនោះ មាន​មន្ត្រី​នៃ​មន្ទីរអប់រំ​ខេត្តតាកែវ មន្ទីរអប់រំ​ខេត្តកំពង់ឆ្នាំង គ្រូ​បច្ចេកទេស​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ គរុ​សិស្ស សិស្សានុសិស្ស នៅ​វិទ្យាល័យ​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​តាម​របាយការណ៍​រប​ស់​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា លោក ម៉ៅ ប៊ុ​ណ្ណៈ ជំរំ​វិទ្យាសាស្ដ្រ​បាន​បែង​ចែកជា​៣​ថ្នាក់ គឺ​ថ្នាក់​វិទ្យាសាស្ដ្រ​ព័ត៌មានវិទ្យា ថ្នាក់​អគ្គិសនី និង​អេឡិចត្រូនិក និង​ថ្នាក់​មនុស្ស​យន្ត​។​



​លោក តូច ជឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការចូលរួម​របស់​យុវជន​ក្នុង​ជំរំ​វិទ្យាសាស្ដ្រ​នេះ​។ លោក​ថា នេះ​ជាការ​ចូលរួម​ក្នុង​កម្មវិធី STEM ដែល​ក្រសួង​បាននិងកំពុង​ជំរុញ​ឱ្យ​យុវជន​សិក្សា​។ លោក​បន្ថែមថា​៖« យុវជន​ទាំងអស់​ត្រូវ​ចងចាំ​ថា ICT (​ព័ត៌មានវិទ្យា​) ដើរតួ​សំខាន់​ក្នុង​គ្រប់​ទីកន្លែង ហើយ​ជា​សមត្ថភាព​របស់​ប្រទេស​នីមួយៗ ដើម្បី​ប្រជែង​ផ្នែក​ឧស្សាហកម្ម​...»៕








Tag:
 ជំរំ​វិទ្យាសាស្ដ្រ​
  មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com