ជាតិ
កុងស៊ុល​ចិន​ប្រចាំខេត្ត​សៀមរាប​ស្នើ​កុំ​លក់ទំនិញ​ក្លែងក្លាយ​ឲ្យ​ភ្ញៀវទេសចរ​ចិន​
25, Jul 2018 , 8:19 pm        
រូបភាព
លោក ម៉ូ យ៉ុន យ៉ុន អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប
លោក ម៉ូ យ៉ុន យ៉ុន អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប
​សៀមរាប​៖ អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន តំណាង​ការិយាល័យ​ប្រចាំខេត្ត​សៀមរាប បាន​សម្ដែង​ការបារម្ភ​ចំពោះ​ហាង​មួយចំនួន​ក្នុង​ខេត្តសៀមរាប ដែល​កំពុង​ចរាចរណ៍​លក់​វត្ថុ​សម្ភារ​ក្លែងក្លាយ​ដល់​ភ្ញៀវទេសចរ​ជនជាតិ​ចិន​។ ជាមួយនឹង​បញ្ហា​នេះ លោក​កុងស៊ុល​បារម្ភ​ថា នឹង​អាច​ប៉ះពាល់​ដល់​សតិអារម្មណ៍​ភ្ញៀវទេសចរ​នាពេលខាងមុខ​។



​លោក ម៉ូ យ៉ុ​ន យ៉ុ​ន (Mo Yuan Yuan) អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន តំណាង​ការិយាល័យ​ប្រចាំខេត្ត​សៀមរាប បានបង្ហាញ​ក្ដីបារម្ភ​ពី​ផលប៉ះពាល់​ចំនួន​ទេសចរ​ចិន ខណៈដែល​ហាង​លក់​សម្ភារ​មួយចំនួន បាននិងកំពុង​លក់​របស់​មិន​ពិត គ្មាន​គុណភាព និង​មានតម្លៃ​ខ្ពស់​ដល់​ទេសចរ​ចិន​។ លោក​សុំឱ្យ​ម្ចាស់​ហាង​ទាំងនោះ​បញ្ឈប់​សកម្មភាព​ទាំងនោះ ព្រោះ​អាច​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ទេស​ចរ​ចិន​មកកាន់​កម្ពុជា​ទៅ​ថ្ងៃ​ខាងមុខ​។​

«​យើង​ដឹង​ហើយ​ថា ទេសចរ​ចិន​ភាគច្រើន​គាត់​មកលេង​តែម្ដង​ទេ​។ ចុះ​ពេល​គាត់​មក ហើយ​ទិញ​ប៉ះចំ​របស់​មិន​ពិត ក្លែងក្លាយ តើ​គាត់​នឹង​និយាយ​អ្វីខ្លះ​ពី​ស្រុក​ខ្មែរ​? »​។ នេះ​ជាការ​ពន្យល់​របស់លោក ម៉ូ យ៉ុ​ន យ៉ុ​ន ក្នុង​ពិធី​ជួបជុំ​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​លើក​ទី​៣០ ដែល​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២៤ កក្កដា នៅ​ភោជនីយដ្ឋាន ផា​ឡេ​ត អង្គរ​។ លោក​បន្ថែមថា កន្លងមក ខាង​អគ្គ​កុងស៊ុល ធ្លាប់បាន​ដោះស្រាយ​នៅ​ទីតាំង​មួយចំនួន ដែល​លក់​សម្ភារ និង​ទំនិញ​ក្លែងក្លាយ​នេះ ហើយ​ក៏បាន​ព្រមាន​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​នោះដែរ​។​



​ជាមួយនឹង​ការបារម្ភ​នេះ លោក​អគ្គ​កុងស៊ុល ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ​ជាមួយនឹង​កំណើន​ទេសចរ​ចិន​មកកាន់​កម្ពុជា ពិសេស​ខេត្តសៀមរាប ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោ​កថា​នេះ​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ចិន ហើយ​តាម​គម្រោង កម្ពុជា​នឹង​ទទួល​ទេសចរ​ចិន​ចំនួន ២​លាន​នាក់ ត្រឹម​ឆ្នាំ​២០២០​។​

​តាម​ការបញ្ជាក់​របស់​លោក​អគ្គ​កុងស៊ុល​ដដែល ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ទេសចរ​ចិន​បានធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប មាន​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់ ហើយ​តាម​ការរំពឹងទុក​ឆ្នាំនេះ​កម្ពុជា​នឹង​ទទួលបាន​ទេសចរ​ចិន​ជាង មួយ​លាន​នាក់​។

​ជាមួយនឹង​កំណើន​ទេសចរ ជនជាតិ​ចិន​ក៏មាន​ការវិនិយោគ​ច្រើន​ដែរ​នៅ​ខេត្ដ​សៀមរាប ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ ដូចជា​រោង​មហោស្រព (​សាល​មហោស្រព​ស្នាមញញឹម​អង្គរ និង​អាណាចក្រ​អង្គរ​) និង​ក្រុមហ៊ុន​ទេសចរណ៍​ជាដើម​។



​គួរ​បញ្ជាក់ថា កម្មវិធី​ជួបជុំ​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប (STC) លើក​ទី​៣០ ធ្វើឡើង​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជិត​១០០​នាក់​។ ពិធី​នេះ​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​ចែករំលែក​ព័ត៌មាន​ទេសចរណ៍​ពីគ្នា​ទៅវិញទៅមក​។ កម្មវិធី ដែល​ធ្វើ​ទៀងទាត់​រៀងរាល់ខែ​នេះ ក៏បាន​អញ្ជើញ​វាគ្មិន​នៅតាម​វិស័យ​នានា​ទាក់ទង​នឹង​ទេសចរណ៍ មក​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​ដល់​ប្រតិបត្តិការ​ទេសចរណ៍​ផងដែរ​៕


Tag:
 កុងស៊ុល​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com