ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ ទុក​ឱកាស​ឲ្យ​តារា​ស៊ិ​ច​ស៊ី ស្រី​ម៉ុ​ច កែ​ទង្វើ​ខ្លួន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​
25, Jul 2018 , 10:19 pm        
រូបភាព
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទុក​ឱកាស​ឲ្យ​អតីត​តារា​សម្ដែង​បែប​ស៊ិ​ច​ស៊ី អ្នកនាង សុខ ស្រី​ម៉ុ​ច កែ​ទង្វើ​ខ្លួន​សិន មុននឹង​ប្រើ​វិធានការ​តាមផ្លូវ​ច្បាប់ ។ ការលើកឡើង​របស់​ក្រសួង​វប្បធម៌​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកនាង ស្រី​ម៉ុ​ច ដែល​គេ​និយម​ស្គាល់​ក្នុង​បទ​ចម្រៀង​ជីដូន​កាកី​រូបនេះ បាន​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជ្រុល (​ឈុត​ប៊ី​គី​នី​) ក្នុង​កម្មវិធី​របស់​ម​ជ្ឈ​មណ្ឌល​កែស​ម្ភ​ស្ស​មួយ កាលពី​ថ្ងៃទី​២៤ កក្កដា ហើយ​ត្រូវបាន​សាធារណជន​រិះគន់​យ៉ាងខ្លាំង​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គមជាតិ​។



​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ថៃ នរៈ​សត្យា ដែល​ទទួលបាន​ព័ត៌មាន​នេះ បាន​និយាយថា បុគ្គល​សាធារណៈ ជា​មនុស្ស​ដែល​តំណាង​ឲ្យ​សង្គម​មួយ ដូច្នេះ​អ្វីដែល​ពួកគេ​ធ្វើ​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​សង្គម​។ ត្រង់ចំណុច​នេះ លោក ថៃ នរៈ​សត្យា ចង់​សំដៅ​ទៅលើ​ការ​ស្លៀកពាក់​បែប​ស៊ិ​ច​ស៊ី​របស់​អ្នកនាង ស្រី ម៉ុ​ច ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​សង្គម ។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា​៖ «​មនុស្ស​មិនអាច​ផ្គាប់ចិត្ត​នរណាម្នាក់​បានឡើយ តែ​គួរ​គិតថា​អ្វីដែល​ខ្លួន​ធ្វើ​សមរម្យ​ឬទេ​។ ខ្ញុំ​ឧទាហរណ៍ ប្រទេសមួយ​គេ​មិនអាច​ស្គាល់​ប្រជាជន​ក្នុង​ប្រទេសមួយ​ផ្សេងទៀត​បាន​អស់​ឡើយ តែ​គេ​ស្គាល់​នាយករដ្ឋមន្ត្រី ឬ ប្រធានាធិបតី​នៅ​ប្រទេស​នោះ ចំណែក​អ្នកសិល្បៈ​គេ​ស្គាល់​លឿន​ជាងនេះទៅទៀត​។ ចុះបើ​ប្រទេស​គេ​ឃើញ​អ្វីដែល​មិនល្អ តើ​គេ​នឹង​វាយតម្លៃ​យ៉ាងណា​»​។​



​នៅពេល​សួ​ថា តើ​ក្រសួង​អាច​នឹង​ចាត់វិធានការ ឬ​ហៅ​អតីត​តារា​សម្ដែង ស្រី​ម៉ុ​ច ទៅ​ណែនាំ​ឬទេ​? ជាការ​ឆ្លើយតប លោក ថៃ នរៈ​សត្យា បាន​និយាយថា ក្រសួង​មិនមាន​បំណង​ដាក់​គំនាប​ទៅ​បុគ្គល​ណា​ឡើយ ប្រសិនបើ​បុគ្គល​នោះ ប្ដូរ​ឥរិយាបថ​ស្លៀកពាក់ ក្រោយពី​មានការ​រិះគន់​នេះ​។ ផ្ទុយទៅវិញ បើ​អ្នកនាង ស្រី​ម៉ុ​ច នៅតែ​ធ្វើ​ទង្វើ​ដដែល ឬ​ជ្រុល​ជាងនេះទៀត​នៅ​ថ្ងៃមុខ​នោះ ក្រសួង​នឹង​ពិចារណា​លើ​ករណី​របស់​នាង​។​

​ការ​ស្លៀកពាក់​ដែល​ហួសហេតុ​ពេក វា​នឹងធ្វើ​ឲ្យ​បុគ្គល​ខ្លួនឯង​ប៉ះពាល់​តម្លៃ​មុនគេ ។ ដូច្នេះ​ក្នុងនាម​អ្នកសិល្បៈ​ដែលជា​បុគ្គល​សាធារណៈ ហើយ​ស្លៀក​ស៊ិ​ច​ស៊ី​ជ្រុល​នោះ វា​នឹង​ផ្ដល់​ផលប៉ះពាល់​ដល់​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​។ នេះ​ជាការ​បន្ថែម​របស់លោក ថៃ នរៈ​សត្យា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​តារា​សម្តែង​ស្រី​ម៉ុ​ច មិនបាន​បង្ហាញ​ប្រតិកម្ម​អវិជ្ជមាន​តបត​វិញ​ឡើយ ដោយ​ភាគច្រើន តារា​ជើងចាស់​រូបនេះ គ្រាន់តែ​សរសេរ​ពាក្យ​អរគុណ​ប៉ុណ្ណោះ​នៅ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​៕




Tag:
 ថៃ នរៈ​សត្យា​
 ​ក្រសួង​វប្បធម៌​
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com