ជាតិ
សេដ្ឋកិច្ច
៥​ឆ្នាំ កម្ពុជា ទទួលបាន​ទុនវិនិយោគ​ក្នុង​និង​ក្រៅប្រទេស​ជាង​២៣ពាន់​លាន​ដុល្លារ​
26, Jul 2018 , 8:59 am        
រូបភាព
ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)  តាមរយៈ​គណៈកម្មាធិកា​រ​វិនិយោគ និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុង និង​ក្រៅប្រទេស​វិនិយោគ​លើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​មាន​ចំនួន​៩៧០​គម្រោង ដែលមាន​ទុនវិនិយោគ ២៣៤៨០​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៣-២០១៧​។  នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន (AKP)​។​



AKP បាន​ស្រង់​របាយការណ៍​ស្ដីពី​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​៥​ឆ្នាំ មក​បញ្ជាក់ថា ក្នុង​បណ្ដា​គម្រោង​វិនិយោគ​ទាំង​៩៧០​នោះ មាន​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​ចំនួន​៨១១​គម្រោង ដែលមាន​ទុនវិនិយោគ​ប្រមាណ ៧៣១៦​លាន​ដុល្លារ ស្មើនឹង​៣១​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​។ វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម មាន​៧៨​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ ២៧៥០​លាន​ដុល្លារ ស្មើនឹង​១២​ភាព​រយ​នៃ​ទុនវិនិយោគ​សរុប​។

​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ មាន​៤៤​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ ៨១៤៧​លាន​ដុល្លារ ស្មើនឹង​៣៥​ភាគរយ​នៃ​ទុនវិនិយោគ​សរុប និង​វិស័យ​ទេសចរណ៍ ៣៧​គម្រោង  មាន​ទុនវិនិយោគ​ប្រមាណ ៥២៦៤​លាន​ដុល្លារ ស្មើនឹង​២២​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​។​

​ក្នុង​រយៈពេល​៥​ឆ្នាំនេះ រាជរដ្ឋាភិបាល បាន​ឯកភាព​ឲ្យ​មានការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២២ ដែល​ធ្វើ​ឲ្យ​ចំនួន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​បាន​កើន​ដល់​៤៧ ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បាន​ដំណើរការ​មាន​១៨​កន្លែង​។ ក្នុងនោះ​មាន​រោងចក្រ​ចំនួន​៣៣០ កំពុងមាន​សកម្មភាព​ផលិត​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាង​៩,៦​ម៉ឺន​នាក់​៕



Tag:
 វិនិយោគ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com