ជាតិ
បទវិភាគ
បោះឆ្នោត
ចូរពលរដ្ឋកុំទាស់គ្នា គ្រាន់តែ «រឿងទៅ ឬ មិនទៅ»
× ការបោះឆ្នោតនីតិកាលទី៦ នឹងមកដល់នៅថ្ងៃអាទិត្យទី២៩ ខែកក្កដានេះ។ «ទៅ» ជាការជំរុញរបស់រដ្ឋាភិបាលចាំផ្ទះ និងគណបក្សកាន់អំណាច រួមទាំងគណបក្សទាំង១៩ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ហើយ «មិនទៅ» ជាការអំពាវនាវរបស់អតីតក្រុមប្រឆាំង ដែលមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
សាររបស់អ្នកនយោបាយទាំងពីរក្រុម ដែលម្ខាង ចង់ឲ្យចេញទៅបោះឆ្នោត និងម្ខាង ចង់ឲ្យដេកផ្ទះ បានជះឥទ្ធិពលទៅលើប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋខ្លះ ដែលមាននិន្នាការផ្ទុយគ្នា កំពុងតែឌឺដងដាក់គ្នាពីរឿងទៅ ឬ មិនទៅនេះ ជាពិសេសនៅតាមបណ្តាញសង្គម។
«អ្នកទៅ» បានចាត់ទុក ការបោះឆ្នោតជាកាតព្វកិច្ច ហើយប្តេជ្ញាថា ត្រូវតែប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយមិនអាចបោះបង់ចោលឡើយ។ ចំណែក «អ្នកគិតថាមិនទៅ» ក៏មានហេតុផលរបស់គេ។ «អ្នកគិតថាមិនទៅ» គឺដោយសារតែគណបក្សដែលពួកគេពេញចិត្ត មិនបានចូលរួម។
នៅតាមអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនខ្លះ ក៏អាចរងឥទ្ធិពលពីរឿងទៅបោះឆ្នោត ឬមិនទៅដែរ។ ទំនងជាមានប្រធានអង្គការ និងម្ចាស់ក្រុមហ៊ុនឯកជនមួយចំនួន បាននិងកំពុងជំរុញ ឬដាក់សម្ពាធលើមន្ត្រីក្រោមឱវាទ ឬក៏បុគ្គលិករបស់ខ្លួន ឲ្យសម្រេចចិត្តទៅបោះឆ្នោត ឬក៏ឲ្យសម្រេចចិត្តមិនទៅ។
មិនថា ទៅ ឬ មិនទៅ នោះទេ សុទ្ធតែជាសិទ្ធិ និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋគ្រប់រូប។ គ្មានអ្នកណាម្នាក់ មានសិទ្ធិ ឬមានអំណាច អាចមកបង្ខំប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត ឬមិនឲ្យទៅបោះឆ្នោត បានឡើយ។ គេអាចត្រឹមតែពន្យល់ពីគុណសម្បត្តិ និង គុណវិបត្តិ នៃការទៅបោះឆ្នោត ឬមិនទៅប៉ុណ្ណោះ។
រដ្ឋធម្មនុញ្ញាកម្ពុជា និងច្បាប់បោះឆ្នោត ពុំបានចាត់ទុកការបោះឆ្នោត ថាជាកាតព្វកិច្ច ដែលត្រូវតែចូលរួម ដោយខានមិនបាននោះទេ។ ប៉ុន្តែ ច្បាប់បោះឆ្នោត បានចាត់ទុកថាជា បទល្មើស និងត្រូវពិន័យឬដាក់ទោស បើអ្នកណាម្នាក់ រារាំងអ្នកដទៃ មិនឲ្យទៅបោះឆ្នោត។ តាមច្បាប់ អ្នកណារារាំងអ្នកដទៃ មិនឲ្យទៅបោះឆ្នោត អ្នកនោះនឹងត្រូវពិន័យពី ៥លានរៀល ទៅ ២០លានរៀល ហើយក៏អាចជាប់ទោសព្រហ្មទណ្ឌថែមទៀតដែរ។
ទោះជាទៅបោះឆ្នោត ឬមិនទៅ ប្រជាពលរដ្ឋ មិនគួរស្អប់ មិនគួរកើតចិត្តថ្នាំងថ្នាក់ និងមិនគួរប្រកាន់គ្នាឡើយ។ មានតែគោរពការសម្រេចចិត្តគ្នាទៅវិញទៅមកបែបនេះទេ ទើបស្ថាប័ន និងកន្លែងធ្វើការ រួមទាំងសង្គមទាំងមូល មិនបែកបាក់សាមគ្គី ហើយមានភាពសុខដុមរមនា ទាំងក្នុងអំឡុងបោះឆ្នោត និងក្រោយបោះឆ្នោត៕
© រក្សាសិទ្ធិដោយ thmeythmey.com