ជាតិ
បោះឆ្នោត
អ្នកគាំទ្រ​អតីត CNRP ៥​នាក់​ត្រូវ​ពិន័យ​ម្នាក់ៗ ១០​លាន​រៀល​ពីបទ​រារាំង​ការបោះឆ្នោត​
26, Jul 2018 , 4:23 pm        
រូបភាព
សវនាការដែលរៀបចំនៅការិយាល័យ​រៀបចំការបោះឆ្នោតខេត្តបាត់ដំបង។ រូបថត Sun Kosal
សវនាការដែលរៀបចំនៅការិយាល័យ​រៀបចំការបោះឆ្នោតខេត្តបាត់ដំបង។ រូបថត Sun Kosal
ដោយ:
​ភ្នំពេញ​៖ ​អ្នកគាំទ្រអតីតគណបក្ស​សង្គ្រោះ​ជាតិ ៥​នាក់ ត្រូវបាន​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោតខេត្ត (​PEC​) សម្រេច​ពិន័យ​ប្រាក់​ម្នាក់ៗ​ចំនួន ១០​លាន​រៀល ពីបទ​រារាំង​ការបោះឆ្នោត​តាម​មាត្រា ១៤២​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​។



អ្នកគាំទ្រអតីត​គណបក្ស​សង្គ្រោះ​ជាតិ ៥​នាក់ ​ត្រូវបានគណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោតខេត្ត​.​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ដោយមិន​រាប់បញ្ចូល​ពី​ទោស​ព្រហ្មទណ្ឌ​ឡើយ​។ ការពិន័យ​នេះ បន្ទាប់ពី គ​.​ជ​.​ប​. បានទទួល​ពាក្យបណ្ដឹង​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​។ ពាក្យបណ្ដឹង​នេះ ធ្វើឡើង​ក្រោយពី​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំគ្នា​ប្រមាណ​៣០​នាក់​នៅ​ខេត្តបាត់ដំបង ដើម្បី​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​ត្តិ​ទី​៦​។​

​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥​នាក់​នេះ​មាន​លោក ជា ជីវ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបាត់ដំបង និង​អ្នកគាំទ្រ​៤​នាក់​ទៀត ដែលមាន​ឈ្មោះ គ្រុយ គឹម​សាំង , ពៅ តាំង​, មាំ​ង ឈុន និង ថោង សារឿន​។ ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​៥​នាក់ លោក ជា ជីវ ត្រូវបាន​បន្ត​ក្ដី​ទៅកាន់​តុលាការ​កំពូល​ថែមទៀត​​ ដោយ​បើកផ្លូវ​តវ៉ា​តាមផ្លូវ​ច្បាប់។ នេះ​បើតាម​សេចក្ដីសម្រេច​របស់​ក្នុង​កិច្ចប្រជុំពេញអង្គ​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គណៈកម្មការ​​រៀបចំ​ការបោះឆ្នោត​ខេត្តបាត់ដំបង ចុះ​ថ្ងៃទី​២៦ ខែកក្កដា​។​

​ការជួប​ជុំគ្នា​របស់​អ្នក​ទាំង​៥ ជាមួយ​ក្រុម​សកម្មជន​ជាង​២០​នាក់​ទៀត​នេះ ធ្វើឡើង​នៅផ្ទះ​លោក ជា ជីវ នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ កាលពី​ថ្ងៃទី​១៩​កក្កដា ដើម្បី​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ លោក ជា ជីវ គឺជា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបាត់ដំបង និង​ជា​អ្នក​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកនយោបាយ​១១៨​នាក់ ដែល​ត្រូវបាន​តុលា​ការហាម​ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំកន្លងមក​៕


Tag:
 បោះឆ្នោត​
 ​ឃោសនា​
 ​ពិន័យ​
 ​ម្រាមដៃ​ស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com