ជាតិ
កម្ពុជា នាំចូល​អគ្គិសនី​កាន់តែ​តិច​ពី​បរទេស​
28, Jul 2018 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៧ កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ដែល​អាច​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​បាន​៨១.៤​ភាគរយ​។ ចំនួន​នេះ បាន​កើន​ពី ៤៣.៧​ភាគរយ​នៅ​ឆ្នាំ​២០១៣ ដល់​៨១.៤​ភាគរយ ក្នុង​ឆ្នាំ​២០១៧​។ ដោយឡែក​បរិមាណ​អគ្គិសនី​នាំចូល​កាន់តែ​ថយចុះ ពី​៥៦.៣​ភាគរយ មក​ត្រឹម​១៨.៦​ភាគរយ​នៅ​រយៈពេល​ដូចគ្នា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​AKP​។​



​តាម​AKP ដែល​បាន​ស្រង់​របាយការណ៍​របស់​អគ្គិសនី​កម្ពុជា ក្រៅពី​ប្រភព​អគ្គិសនី​ដើរ​ដោយ​វា​រី​អគ្គិសនី និង​ធ្យូងថ្ម រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ជំរុញ​ការចូលរួម​អភិវឌ្ឍ​ដល់​ប្រភព​អគ្គិសនី​ស្អាត ដូចជា​ប្រភព​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ នៅ​ខេត្តស្វាយរៀង មាន​អានុភាព​១០​មេ​ហ្កា​វ៉ា​ត់​។ ក្រៅពីនោះ​កម្ពុជា​ក៏មាន​ប្រភព​ថាមពល​កកើតឡើង​វិញ​ដែរ​ដូចជា​ប្រភព​ថាមពលជីវម៉ាស ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​តាម​ផ្ទះ​នៅ​តំបន់​ជនបទ និង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​សម្រាប់​សាក​អាគុយ គម្រោង​ចង្ក្រាន​ប្រសិទ្ធភាព ឬ​ចង្ក្រាន​ប្រណិត​។​

​របាយការណ៍​ដដែល​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ទំ​បន់​វា​រី​អគ្គិសនី​៦​កន្លែង ក្នុងនោះ​៤​កន្លែង​នៅ​ខេត្តកោះកុង មួយកន្លែង​នៅ​ខេត្តកំពត និង​មួយកន្លែង​នៅ​ខេត្តពោធិ៍សាត់​។ ជាមួយគ្នា​ក៏មាន​គម្រោង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង​មួយ​ដែរ ខណៈ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​២​កន្លែង នៅ​ខេត្ត​ព្រះសីហនុ និង​មួយកន្លែង​ទៀត នៅ​ខេត្តកណ្តាល​៕



Tag:
 អគ្គិសនី​
 EDC
 ​កោះកុង​
 ​ស្ទែ​ង​ត្រែង​
 ​ព្រះសីហនុ​
 ​ស្វាយរៀង​
 ​កណ្តាល​
 ​ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com