ជាតិ
សេដ្ឋកិច្ច
ទុនវិនិយោគក្នុងវិស័យសំណង់ ក្នុងឆមាសទី១ មានជាង ២ពាន់លានដុល្លារ ថយចុះច្រើន
× ភ្នំពេញ៖ ការបោះទុនក្នុងវិស័យសំណង់ ក្នុងរយៈពេល៦ខែឆ្នាំនេះ ត្រូវបានប៉ាន់ស្មានថាមានចំនួន ២១៥៣លានដុល្លារ លើផ្ទៃក្រឡាសំណង់សរុបជាង ៥លានម៉ែត្រក្រឡា។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ្ងៃទី២៤ខែកក្កដា។
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨នេះ ក្រសួង និងមន្ទីររៀបចំដែនដី បានផ្ដល់លិខិតអនុញ្ញាតសាងសង់ចំនួន ១៦៤៣គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៥,៣លានម៉ែត្រក្រឡា។ គម្រោងទាំងនេះ ត្រូវបានប៉ាន់ស្មានថាមានទុនវិនិយោគ ២១៥៣លានដុល្លារ។
ក្នុងនោះការវិនិយោគរបស់បរទេសមាន ២១គម្រោងមកពី ៨ប្រទេស និងត្រូវប៉ាន់ស្មានថាមានទុន ៣៩៤លានដុល្លារ។ ការវិនិយោគក្នុងវិស័យសំណង់ក្នុងឆមាសទី១ឆ្នាំនេះ បានផ្ដល់ការងារដល់អ្នកជំនាញ កម្មករប្រមាណ ១៨ម៉ឺននាក់ក្នុងមួយថ្ងៃ។
ទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់នៅឆមាសទី១ឆ្នាំ២០១៨នេះ ថយចុះខ្លាំង ធៀបនឹង ៤,៩ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានៅកាលពីឆ្នាំ២០១៧។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 លើកឡើងថា ទោះជាតួលេខទឹកប្រាក់ និងចំនួនគម្រោងក្នុងវិស័យនេះធ្លាក់ចុះ តែមិនមានន័យថាវិស័យនេះដាំក្បាលចុះនោះទេ។ លោកថ្លែងដូច្នេះថា៖«តួលេខចុះបញ្ចីថ្មីៗក្នុងឆមាសទី១ ធ្លាក់ចុះមែន តែខ្ញុំមើលមិនឃើញថាវិស័យនេះដាំក្បាលចុះទេ ព្រោះគម្រោងចុះបញ្ជីថ្មីជាការបញ្ចូលបន្ថែមក្នុងវិស័យនេះ ខណៈគម្រោងចាស់ៗនៅតែបន្តធ្វើ។ លោកបន្ថែមថា៖«វិស័យសំណង់នៅតែដំណើរការល្អ និងមានសក្ដានុពល»។
ការវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំ២០១៧ តាមការប៉ាន់ស្មានមានចំនួនជាង ៦៤០០ លានដុល្លារអាមេរិក កើនឡើង ២២,៣ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com