ជាតិ
សិល្បះ
ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្លាយជា​សមាជិក​អង្គការ​International Music Council
28, Jul 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ លោក អាន ច​ន​ផន ទទួលបាន​សមាជិកភាព​ពី​អង្គការ International Music Council ដែលជា​ស្ថាប័ន​មួយ​ធ្វើការ​លើ​តន្ត្រី​នៅ​ទូទាំង​ពិភពលោក ។ បើតាម​លោក អាន ច​ន​ផន សមាជិកភាព​នេះ​មានតម្លៃ​ខ្លាំង​សម្រាប់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​កម្ពុជា​ទាំងមូល ។​



​លោក អាន ច​ន​ផន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អង្គការ IMC បាន​ស្រាវជ្រាវ​ប្រវត្តិ​ខ្លួន និង​វាយតម្លៃ​យ៉ាង​លម្អិត មុននឹង​ជ្រើសរើស​ជា​សមាជិកភាព​អង្គការ​ពួកគេ​។ វា​ជា​មោទកភាព​មួយ សម្រាប់​ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​រូបនេះ ដែល​ត្រូវបាន​អង្គការ​លំដាប់​ពិភពលោក មើលឃើញ​ពី​តម្លៃ​ការងារ​ផ្នែក​តន្ត្រី​របស់លោក​កន្លង​មក​។ លោក អាន ច​ន​ផន បញ្ជាក់​ដូច្នេះ​ថា​៖«​អង្គការ​នេះ​ជា​អ្នកស្នើសុំ​ខ្ញុំ​ដាក់​ជា​សមាជិកភាព​របស់គេ ខ្ញុំ​មិនដឹងថា​គេ​ស្រាវជ្រាវ​ប្រវត្តិ​របស់ខ្ញុំ​ធ្វើការ​លើ​តន្ត្រី​តាំងពី​ពេលណា​មក​ទេ តែ​ប្រហែលជា​គេ​ស្រាវជ្រាវ​តាំងពី​ខ្ញុំ​លេងភ្លេង​នៅ​សម័យ​ខ្មែរក្រហម​ម្ល៉េះ​។ ខ្ញុំ​ដឹង​ខ្លះៗ​ថា អង្គការ​នេះ​ធ្វើការ​លើ​តន្ត្រី​នៅ​ជុំវិញ​ពិភពលោក​។ សមាជិកភាព​នេះ ពិតជា​មានតម្លៃ​មិន​ត្រឹមតែ​សម្រាប់​ខ្ញុំ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​»​។​

​លោក អាន ច​ន​ផន នៅ​មិនទាន់​ដឹងថា​លោក ត្រូវធ្វើ​អ្វីខ្លះ​នៅក្នុង​អង្គការ IMC នៅឡើយ​ទេ ។ លោក អាន ច​ន​ផន គឺជា​ស្ថាបនិក​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​អង្គការ​នេះ​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ លើកស្ទួយ​សិល្បៈ និង​តន្ត្រីបុរាណ​-​សម័យ នៅ​ទូទាំងប្រទេស​កម្ពុជា រួមទាំង​ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស​ផង​។​

​អង្គការ International Music Council បានជ្រើសរើស លោក អាន ច​ន​ផន សមាជិកភាព​តំណាងឱ្យ​គុណ​តម្លៃ​ទី​៣(3 To have access to musical involvement through participation, listening, creation, and information) ក្នុងចំណោម​គុណ​តម្លៃ​ទាំង​៥(Five Music Right ) របស់​អង្គការ ។​

​អង្គការ International Music Council បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៤៩ ដោយ​អង្គការ​យូណេស្កូ ដែលជា​បណ្ដាញ​ធំជាងគេ​សម្រាប់​អង្គការ​និង​ស្ថាប័ន ដែល​ធ្វើការ​ទៅលើ​តន្ត្រី​។ IMC មាន​បណ្ដាញ​អង្គការ​ចំនួន​១,០០០ នៅក្នុង ១៥០  ប្រទេស និង​មាន​មនុស្ស​ជាង ២០០​លាន​នាក់ ដែលមាន​បំណង​ចង់​អភិវឌ្ឍន៍ និង​ចែករំលែក​ចំណេះដឹង បទពិសោធន៍​ពី​ទិដ្ឋភាព​ចម្រុះ​នៃ​តន្ត្រី​៕




Tag:
 អាន ច​ន​ផន​
  ខ្មែរ​អមតៈ​
  IMC
© រក្សាសិទ្ធិដោយ thmeythmey.com