ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក គង់ គាំ ៖«គេហាមខ្ញុំមិនឲ្យធ្វើនយោបាយ តែខ្ញុំមានសិទ្ធិបោះឆ្នោត» រូបពីហ្វេសប៊ុកលោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
× ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ ដែលជាប់បម្រាមនយោបាយ៥ឆ្នាំ បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ នៅមណ្ឌលសាលាបឋមសិក្សាសុធារស ក្នុងរាជធានីភ្នំពេញ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក គង់ គាំ បានបញ្ជាក់ថា លោកទៅបោះឆ្នោត មិនមែនដោយសារតែកូនប្រុសខ្លួនគឺលោក គង់ មុនីកា ធ្វើនយោបាយទេ ប៉ុន្តែដោយសារលោក ចង់បំពេញសិទ្ធិបោះឆ្នោត ដែលកើតឡើងរាល់៥ឆ្នាំម្ដង។
«បម្រាមមិនឲ្យធ្វើនយោបាយមែន ប៉ុន្តែខ្ញុំមានសិទ្ធិបោះឆ្នោតដូចពលរដ្ឋធម្មតា។ ច្បាស់ណាស់ការបោះឆ្នោតនេះ មិនមែនមកពីខ្ញុំទទួលសម្ពាធ ឬគំរាមកំហែង ឬដោយសារកូនខ្ញុំធ្វើនយោបាយទេ ប៉ុន្តែខ្ញុំចង់បំពេញសិទ្ធិពលរដ្ឋបោះឆ្នោត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសមេដឹកនាំល្អ ដែលយើងពេញចិត្ត»។ នេះជាការបញ្ជាក់របស់លោក គង់ គាំ។
គួរបញ្ជាក់ថា លោក គង់ គាំ ត្រូវបានតុលាការសម្រេចដាក់ចូលក្នុងបញ្ជីឈ្មោះអ្នកនយោបាយ១១៨នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលហាមធ្វើនយោបាយ៥ឆ្នាំ ខណៈដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយតាមច្បាប់ ដោយឆន្ទានុសិទ្ធរបស់តុលាការកំពូល៕
Tag:
គង់ គាំ
CNRP
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com