ជាតិ
មន្ត្រី​កសិកម្ម​៖ យើង​ក៏មាន​បន្លែ​នាំ​ចេញទៅ​វៀតណាម​ខ្លះ​ដែរ​
30, Jul 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ កន្លងមក​គេ​ធ្លាប់តែ​ឮ​ពី​ការ​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម​កម​កម្ពុជា ដោយ​កម្រ​ឮ​ពី​ការនាំចេញ​បន្លែ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម​ណាស់​។ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក ហ៊ាន វណ្ណ​ហន បាន​លើកឡើងថា កម្ពុជា​ក៏មាន​បន្លែ​នាំ​ចេញទៅ​ទីផ្សារ​វៀតណាម​ដែរ ហើយ​ប្រជាជន​ដែល​ទិញ​បន្លែ​នេះ​ភាគច្រើន​ជា​អ្នកមាន​ធនធាន​គ្រប់គ្រាន់ ទើប​អាច​ទិញ​បន្លែ​ពី​កម្ពុជា​ហូប​បាន​។​



​នា​ពិធី​បើក​ពិ​ព័រ​ណ៌​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​កសិកម្ម នៅ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា លោក ហ៊ាន វណ្ណ​ហន លើកឡើងថា លោក​ទទួលស្គាល់ថា​កម្ពុ​ជា​ពិតជា​នាំចូល​បន្លែ​ប្រទេស​ក្បែរ​ខាង ដូចជា​វៀតណាម និង​ថៃ ច្រើន​ពិតមែន​។ តែ​លោក​ពន្យល់ថា ស្ថានភាព​ភូមិសាស្ដ្រ​នៅ​កម្ពុជា មិន​អំណោយផល​គ្រប់គ្រាន់​សម្រាប់​ដំណាំ​បន្លែ​ស្លឹក​មួយចំនួន ទើប​តម្រូវការ​នាំចូល​ចាំបាច់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទាំងមូល​។​

​លោក វណ្ណ​ហន បន្ថែមថា កន្លងមក​ស្ថិតិ​នៃ​ការ​នាំចូល​មាន​ច្រើន តែ​សម្រាប់​ស្ថិតិ​នាំចេញ​វិញ គឺ​គ្មាន​ការ​កក់​ត្រា​ទេ​។ លោក​ថា មាន​បន្លែ​កម្ពុជា​មួយចំនួន​ក៏បាន​ចេញទៅ​ទីផ្សារ​ប្រទេស​វៀតណាម​ដែរ ហើយ​ការលក់​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ​។ ក្រៅពីនេះ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក៏បាន​បន្ថែម ទីផ្សារ​បន្លែ​កម្ពុជា​សព្វថ្ងៃ ក៏បាន​នាំចេញ​ទៅកាន់​អឺរ៉ុប​ដែរ ដូចជា​ប្រភេទ​ជី និង​ស្លឹកគ្រៃ ជាដើម ហើយ​បន្លែ​ទាំងនោះ​មាន​ស្ដង់ដា​ត្រឹមត្រូវ ស្របតាម​គោល​ការ​ការអនុវត្ត​កសិកម្ម​ល្អ ឬ​GAP៕

​សូម​ស្ដាប់​ការលើកឡើង​របស់លោក ហ៊ាន វណ្ណ​ហន ដូចតទៅ​





© រក្សាសិទ្ធិដោយ thmeythmey.com