ជាតិ
សិល្បះ
ដំណឹង​ល្អ​! ក្រសួង​វប្បធម៌ បើក​ការប្រកួតប្រជែង​ធ្វើ​ខ្មុក​ស្មាច់ «​មុខ​ហនុមាន​»
30, Jul 2018 , 9:59 am        
រូបភាព
​នាយកដ្ឋាន​សិល្បៈ​សូន​រូប​ និង​សិល្បៈ​សិប្បកម្ម នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ការប្រកួតប្រជែង ធ្វើ​ខ្មុក​ស្មាច់​ក្រោម​ប្រធានបទ «​មុខ​ហនុមាន​» ។ ខ្មុក​ស្មាច់​ដែល​ទទួលបាន​ជ័យលាភី​ពី​លេខ​១​ដល់​លេខ​៣ នឹងត្រូវ​យកទៅ​តាំងពិព័រណ៍​ក្នុង​មហោស្រព​សិល្បៈជាតិ​ខ្មុក​ស្មាច់​ដើមខែ​វិច្ឆិកា​ខាងមុខ​។​



«​ការរៀបចំ​ការប្រកួត​ប្រជែង​ធ្វើ​ខ្មុក​ស្មាច់ «​មុខ​ហនុមាន​» នេះ គឺ​ក្នុង​គោលបំណង ថែរក្សា​អភិរក្ស និង​បំផុស​ស្នាដៃ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់ ហើយក៏​ជា​ឱកាស​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​សម្រាប់​សិល្បករ​ផងដែរ​»​។ លោក ឈឹម សុធី ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​

​ការប្រកួតប្រជែង​ធ្វើ​ខ្មុក​ស្មាច់ ក្រោម​ប្រធានបទ «​ការ​លម្អ​មុខ​ហនុមាន​ទំហំ (​ពាក់​សម្ដែង​បាន​)» នឹងត្រូវ​វាយតម្លៃ​នៅ​ថ្ងៃទី​២២​តុលា​ឆ្នាំ​២០១៨ ដោយ​គណៈកម្មការ​ប្រមាណ​៨​នាក់ ដែល​ផ្តោតទៅលើ  ក្បាច់​និង​រចនាបទ​បែប​ខ្មែរ បច្ចេកទេស​ធ្វើ ការប្រើ​ពណ៌ និង​ការដាំ​ត្បូង​។​ល​។​


 លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម

​លោក ឈឹម សុធី បញ្ជាក់ថា ស្នាដៃ​របស់​ជ័យលាភី នឹង​យកទៅ​តាំងពិព័រណ៍​ក្នុង​មហោស្រព​សិល្បៈជាតិ​ឆ្នាំ​២០១៨ ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ លោក​បានបញ្ជាក់​៖«​យើង​រៀបចំ​ការប្រកួតប្រជែង​បែបនេះ​ច្រើន​ឆ្នាំ​ហើយ ហើយ​យើង​ដូរ​ប្រធានបទ​រាល់​ឆ្នាំ​។ ក្រោយពី​ប្រកួតប្រជែង យើង​យក​ស្នាដៃ​ទាំងនោះ​ទៅ​ដាក់តាំង​ពិព័រណ៍​ក្នុង​មហោស្រព​សិល្បៈជាតិ ហើយ​អ្នក​ដែល​មិន​ប្រកួតប្រជែង​ក៏​អាច​យក​ស្នាដៃ​របស់ខ្លួន​ទៅ​តាំងពិព័រណ៍​បានដែរ​»​។​

​ដើម្បី​ចូលរួម​ប្រកួតប្រជែង សិល្បករ សិប្បករ សិស្ស​និស្សិត និង​អ្នកមាន​ចំណាប់អារម្មណ៍ ត្រូវដាក់​ពាក្យ​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត​។ ការទទួល​ស្នាដៃ​បេក្ខជន​ពីថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨ នៅ​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម ដែល​ស្ថិតនៅ​ទីស្ដីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

​លក្ខខណ្ឌ​ចូលរួម បេក្ខជន​ត្រូវ​ចំឡង​ឯកសារ​បញ្ជាក់​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក ប្រវត្តិរូប​សង្ខេប​មួយ​សន្លឹក រូបថត​៤x៦​ពី​សន្លឹក លិខិតបញ្ជាក់​ទីលំនៅ ​ឬ​អត្តសញ្ញាណ​បណ្ណ​ថតចម្លង​(​ផ្លូវការ​)​មួយ​សន្លឹក​។​

​ជ័យលាភី​លេខ​១​ទទួលបាន​ទឹកប្រាក់ ៣​លាន​រៀល អមដោយ​បណ្ណ​ជ័យលាភី ជ័យលាភី​លេខ​២ ​ទទួលបាន​ទឹកប្រាក់ ២,៥​លាន​រៀល​។ ជ័យលាភី​លេខ​៣ ទទួលបាន​ទឹកប្រាក់​២​លាន​រៀល អមដោយ​បណ្ណ​ជ័យលាភី និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​បេក្ខជន​មួយរូប​ទៀត ទឹកប្រាក់ ១,៥​សែន​រៀល អមដោយ​ប័ណ្ណសរសើរ​។​

​សម្រាប់​ការតាំងពិព័រណ៍​វិញ សិល្បករ​និង​សិប្បករ​ដែលមាន​បំណងដាក់តាំង​ពិព័រណ៍​បង្ហាញ​នូវ​ស្នាដៃ​សិល្បៈ​សូន​រូប​ចម្រុះ​របស់ខ្លួន សូម​យកទៅ​បរិវេណ​បណ្ណាល័យ​ជាតិ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១​ខែ វិច្ឆិកា ឆ្នាំ​២០១៨​។ អ្នកមាន​បំណង​ចូលរួម​តាំងពិព័រណ៍​មិនត្រូវ​បានគិត​តម្លៃ​ស្តង់​ឡើយ​។​

​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅ មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​រាជធានី​-​ខេត្ត ឬ នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៦១៦ ៥៤៥, ០១២ ៨៧៧ ៣១៨, ០១២ ៨៣២ ២២៨, ០១២ ៨៦៥៧៤៣,០១២ ៧៧៧ ៩២៨ ឬ​តាម Email: [email protected]  [email protected]  [email protected][email protected]


© រក្សាសិទ្ធិដោយ thmeythmey.com