ជាតិ
លោក ប្រាក់ សុខុន ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​សិង្ហ​បុរី​
29, Jul 2018 , 8:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស
រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​៤ ខែសីហា​នេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​។​



​តាម​សេចក្តីជូនដំណឹង​ដដែល លោក ប្រាក់ សុខុន រំពឹងថា​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​មួយចំនួន​ដូចជា កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​,​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​១៩,​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​៨ និង​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៥​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​» ដែល​នឹង​ឆ្លុះបញ្ចាំង​អំពី​ការតាំង​ចិត្ត​ដ៏​មុះ​មុត​របស់​អាស៊ាន ក្នុងការ​ព​ន្លឿ​ន​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន និង​បន្ត​ស្ថិតនៅ​ជា​អង្គការ​តំបន់ គួរឱ្យ​ទុកចិត្ត​នៅក្នុង​ការថែរក្សា និង​លើកស្ទួយ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។ នេះ​បើតាម​ការបន្ថែម​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​។

​ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លោក ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​បូក​សាធារណរដ្ឋ​កូរ៉េ ជាមួយ​លោកស្រី កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេស​កូរ៉េ​។ នេះ​បើតាម​ការឱ្យ​ដឹង ពី​សេចក្ដីជូនដំណឹង​ខាងលើ​។​

​ក្រសួង​ដដែល​នេះ​បាន​បន្ថែមទៀតថា ក្រៅពី​ការចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន រដ្ឋមន្ត្រី​ជាន់ខ្ពស់​កម្ពុ​ជា នឹងចូលរួម​កិច្ចប្រជុំ​ដទៃទៀត ក្នុងនោះ​ដូចជា​៖ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​។​

​លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត នឹង​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ លោក លី សៀន​ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី​។ នេះ​បើតាម​ការបញ្ជាក់​នៃ​សេចក្ដីជូនដំណឹង​ដដែល​៕


Tag:
 អាស៊ាន​
 ​សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com