ជាតិ
បោះឆ្នោត
ខេត្តព្រះវិហារមាន១អាសនៈ CPP បានសំឡេងជាង៧១ភាគរយ ឆន្ទៈខ្មែរបាន៤,៥ភាគរយ
× នៅខេត្តព្រះវិហារដែលមានតែ១អាសនៈនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៧១,១១ភាគរយ ដែលស្មើនឹង៧៤ ៦២៣សំឡេងក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ខេត្តព្រះវិហារ មានការិយាល័យសរុបចំនួន៣៣២ ដោយអ្នកមានឈ្មោះក្នុងបញ្ជីមានចំនួន ១២៣ ៦៣៨នាក់។ របាយការណ៍បឋមបង្ហាញថា អ្នកទៅបោះឆ្នោតមាន១០៤ ៩៤៧នាក់ ស្មើ៨៤,៨៨ភាគរយ ក្នុងនោះសន្លឹកឆ្នោតបានការមាន៩៧ ១៧១សំឡេង និងមិនបានការមាន៥៧៨៧។
ក្នុងចំណោមគណបក្សទាំង១២ដែលចូលរួមប្រកួតប្រជែង គណបក្សឆន្ទៈខ្មែរទទួលបានការគាំទ្រលំដាប់ទីពីរ ដោយមាន៤៧១៨សំឡេង (៤,៥០ភាគរយ) ដែលតិចជាងសន្លឹកឆ្នោតមិនបានការ (៥៧៨៧សន្លឹក)។ គណបក្សដែលបានសំឡេងគាំទ្របន្តបន្ទាប់មាន គណបក្សហ្វ៊ុនស៊ិនប៉ិច ៤០២៤សំឡេង (៣,៨៣ភាគរយ) និងគណបក្សខ្មែររួបរួមជាតិ ៣១៥២សំឡេង (៣ភាគរយ)។
លោក មាស សុភា ជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ខណៈបេក្ខជនបម្រុងមានរហូតដល់ទៅ៦រូប ក្នុងនោះមានលោក សួស យ៉ារ៉ា លោក ឡុង សុវណ្ណ លោក ណែម វ៉ា លោក ខូយ ឃុនហ៊ លោក យុង គឹមហ៊ាន និងលោកស្រី ខូយ ប៊ុនថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com