ជាតិ
បោះឆ្នោត
CPP បានសំឡេងជាង៦៦ភាគរយនៅភ្នំពេញ ខណៈសន្លឹកឆ្នោតអត់បានការមានជាង១០ម៉ឺន
× លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង៦៦ភាគរយ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈរនៅលំដាប់បន្ទាប់ ប៉ុន្តែមានគម្លាតដ៏ឆ្ងាយ។ អ្វីដែលគួរឲ្យកត់សម្គាល់ សន្លឹកឆ្នោតមិនបានការមានរហូតដល់ទៅជាង១០ម៉ឺនសន្លឹក។
រាជធានីភ្នំពេញ មាន១២អាសនៈ ដោយគណបក្សចំនួន១៩ បានចូលរួមប្រកួតប្រជែង។ យោងតាមលទ្ធផលបឋមដែលផ្សាយដោយ គ.ជ.ប ក្រោយការរាប់សន្លឹកឆ្នោតទាំង២១៣៨ការិយាល័យ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៤៥៨ ០១៦សំឡេង ស្មើ៦៦,១០ភាគរយ។
ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីចំនួន៨៦៦ ៣៤៧នាក់ មាន៦៩២ ៩០២នាក់បានទៅបោះឆ្នោត ដែលស្មើនឹង៧៩,៩៨ភាគរយ។ លទ្ធផលបឋម គ.ជ.ប បង្ហាញថា ក្នុងចំណោមចំនួនសំឡេងឆ្នោត មាន៥៨៩ ០២៧ ជាសន្លឹកឆ្នោតបានការ និង១០០ ៦១១ ជាសន្លឹកឆ្នោតមិនបានការ។
គណបក្សដែលទទួលបានសំឡេងគាំទ្រលំដាប់បន្ទាប់មាន គណបក្សហ្វ៊ុនស៊ិនប៉ិច ៣០ ៤៧២សំឡេង (៤,៤០ភាគរយ), គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ២៩ ៧៧៩សំឡេង (៤,៣០ភាគរយ) គណបក្សឆន្ទៈខ្មែរ ១៤ ៦៤២សំឡេង (២,១១ភាគរយ) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១៣ ៣៩៣សំឡេង (១,៩៣ភាគរយ), គណបក្សខ្មែរក្រោក ៨៤៥១សំឡេង (១,២២ភាគរយ)៕
© រក្សាសិទ្ធិដោយ thmeythmey.com