ជាតិ
បោះឆ្នោត
LDP ប្ដឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ តាម​ការិយាល័យ​មួយចំនួន​
31, Jul 2018 , 4:40 pm        
រូបភាព
លោក ខឹម វាសនា ប្រធានគណបក្សជួង ថ្លែងទៅកាន់អ្នកគាំទ្រ ក្នុងអំឡុងឃោសនា នៅមុនការបោះឆ្នោតមកដល់។ រូបពីទំព័រហ្វេសឈ្មោះ LDP Photos
លោក ខឹម វាសនា ប្រធានគណបក្សជួង ថ្លែងទៅកាន់អ្នកគាំទ្រ ក្នុងអំឡុងឃោសនា នៅមុនការបោះឆ្នោតមកដល់។ រូបពីទំព័រហ្វេសឈ្មោះ LDP Photos
ដោយ:
​ភ្នំពេញ​៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​ពាក្យបណ្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ នៅតាម​ការិយាល័យ​មួយចំនួន ដែល​ខ្លួន​យល់ថា វា​មាន​ភាពមិនប្រក្រតី​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានទទួល​បណ្តឹង​ចំនួន ២១៧៥ បណ្តឹង​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​មិន​រាប់បញ្ចូល​បណ្តឹង​ចំនួន​៣១​ផ្សេងទៀត​ពី​គណបក្ស​ផ្សងៗ​។​



​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន​បាន​ប្រាប់​សារព័ត៌មាន​មួយចំនួន​ថា​ខ្លួន​បានឈ្នះ​នៅក្នុង​ការបោះឆ្នោត​ដោយ​អាច​ទទួលបាន​អាសនៈ​ទាំង​១២៥​នៅក្នុង​រដ្ឋសភា​ផង​។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា បានដាក់​បណ្តឹង​ចំនួន​២១៧៥ បណ្តឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ លោក ចិន ថុ​ន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែលជា​អ្នក​បញ្ជាក់​ដំណឹង​នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អះអាងថា បណ្តឹង​ទាំងនោះ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​បណ្តឹង​ចំនួន​៣១​ផ្សេងទៀត​ពី​គណបក្ស​ផ្សេង​ត្រូវបាន​ដាក់​នៅ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់ឃុំ​សង្កាត់ គិត​ត្រឹម​ម៉ោង​១១​កន្លះ​ថ្ងៃទី​៣១​កក្កដា​នេះ​។ «​បណ្តឹង​ទាំងនោះ​ពាក់ព័ន្ធ​នឹង​វត្តមាន​នៃ​អាជ្ញាធរ​ក្បែរ​ការិយាល័យ​បោះឆ្នោត ការបំពេញ​ការងារ​មិន​ត្រឹមត្រូវ​នៃ​មន្ត្រី​ក្នុង​ការិយាល័យ​បោះឆ្នោត​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា​។​

​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​អះអាង​យ៉ាងច្បាស់​ថា​បណ្តឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នោះ គឺ​សុំ​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅតាម​ការិយាល័យ​មួយចំនួន​។ លោក ចិន ថុ​ន អគ្គលេខាធិការ​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ​មាន​ភាពមិនប្រក្រតី​ច្រើនពេក​ក្នុងការ​រាប់​សន្លឹកឆ្នោត និង​ការប្រើ​សញ្ញា​ផ្សេងៗ​ក្នុង​សន្លឹកឆ្នោត​។ មិនតែប៉ុណ្ណោះ​នៅតាម​ការិយាល័យ​មួយចំនួន មានការ​គំរាមកំហែង និង​មាន​ការិយាល័យ​ខ្លះទៀត​អ្នកសង្កេតការណ៍​របស់ LDP ត្រូវបាន​គេ​ចាប់​ដាក់​ខ្នោះ​ថែម​ទៀតផង​»​។​

​នៅ​ថ្ងៃទី​១១ ខែសីហា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត ហើយ​បើ​គ្មាន​បណ្តឹង​នោះទេ ថ្ងៃទី​១៥ ខែសីហា គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​។ តែបើ​សិន​ជាមាន​ពាក្យបណ្ដឹង​ទៅ គ​.​ជ​.​ប ដែល​នឹង​ត្រូវការ​ពេលវេលា​ដោះស្រាយ​នោះ ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែកញ្ញា​៕



Tag:
 ​បោះឆ្នោត​
 ​ពាក្យបណ្ដឹង​
 ​គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com