ជាតិ
បោះឆ្នោត
អន្តរជាតិ ស្នើរដ្ឋាភិបាលបើកច្រកនយោបាយ និងដោះលែងលោក កឹម សុខា ក្រោយការបោះឆ្នោត រូបពីហ្វេសប៊ុកលោក មុត ចន្ថា ជំនួយការលោក កឹម សុខា
× ភ្នំពេញ៖ ក្រោយការបោះឆ្នោតបានបញ្ចប់ អន្តរជាតិបានចេញមុខរិះគន់កម្ពុជា ជាបន្តបន្ទាប់លើការបោះឆ្នោតនេះ។ អមជាមួយការរិះគន់នេះ បណ្ដាអន្តរជាតិទាំងនោះ ស្នើឲ្យរដ្ឋាភិបាល បើកច្រកនយោបាយ និងដោះលែងលោក កឹម សុខា រួមទាំងសកម្មជននយោបាយ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលថា គ្មានសញ្ញាវិជ្ជមានណាមួយ ទាក់ទងនឹងការដោះលែងអ្នកនយោបាយឡើយ។
សេចក្តីថ្លែងការណ៍រិះគន់ និងវាយតម្លៃបែបអវិជ្ជមាន ចំពោះការបោះឆ្នោតកម្ពុជា បានលេចចេញពីអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី កាណាដា និងនូវែលសេឡង់ ក្រោយការបោះឆ្នោត២ថ្ងៃមកនេះ។ ក្នុងសាររិះគន់នេះ បណ្ដាអន្តរជាតិទាំងនោះ បានបន្តស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា និងសម្របសម្រួលនយោបាយឡើងវិញ ។
សហភាពអឺរ៉ុបរំពឹងថា អាជ្ញាធរកម្ពុជានឹងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការសន្ទនាជាមួយគណបក្សប្រឆាំង ដោយបង្កើតឲ្យមានលក្ខខណ្ឌអំណោយផល សម្រាប់ការជជែកដេញដោលខាងនយោបាយ និងការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ ដែលក្នុងនោះមានទាំងប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ ដែលអាចប្រើសិទ្ធិរបស់ពួកគេដោយគ្មានការដាក់កម្រិតដែនកំណត់ឡើយ។ សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ដែលរិះគន់លើការបោះឆ្នោតកម្ពុជា បានបញ្ជាក់ថា៖«សហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តសកម្មភាពខិតខំប្រឹងប្រែងជួយការងារទាំងនេះ»។
បន្ថែមពីនេះកាណាដា និងនូវែលសេឡង់ សុទ្ធតែស្នើឲ្យរដ្ឋាភិបាលកម្ពុជា បើកច្រកផ្លូវនយោបាយ និងផ្ដល់សេរីភាពបញ្ចេញមតិឲ្យបានពេញលេញ ដល់ប្រជាជនកម្ពុជា និងអង្គការសង្គមស៊ីវិល។ អមជាមួយសាររិះគន់លើការបោះឆ្នោតនៅកម្ពុជា រដ្ឋាភិបាលកាណាដា បានបញ្ជាក់ដូច្នេះថា៖«យើងបន្តអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតសិទ្ធមូលដ្ឋានរបស់ប្រជាជនកម្ពុជា។ ក្នុងការស្ថារសិទ្ធសេរី ក្នុងការចូលរួមបញ្ចេញមតិឡើងវិញ រួមទាំងការដោះលែងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ដែលកំពុងជាប់ខ្លួននៅពន្ធនាគារជិត១១ខែ ឲ្យមានសេរីភាពវិញ ដោយមិនមែនលក្ខខណ្ឌនៅក្រៅឃុំ»។
ចំណែករដ្ឋាភិបាលនូវែលសេឡង់ បានបញ្ជាក់ថា ដើម្បីឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យស្របច្បាប់ វាមានសារសំខាន់ដែលសម្លេងប្រឆាំងដ៏ធំ ដែលអាចគេស្ដាប់ឮ។«នូវែលសេឡង់ នឹងស្នើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យស្ដានីតិសម្បទាគណបក្សប្រឆាំងដ៏ធំឡើងវិញ និងដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា»។ នេះជាការបញ្ជាក់របស់លោក Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់។
ជាការឆ្លើយតបនឹងអន្តរជាតិខាងលើនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាននិយាយថា ការដោះលែងអ្នកនយោបាយណាមួយ គឺជាសិទ្ធិអំណាចរបស់តុលាការ ដូច្នេះរដ្ឋាភិបាល គ្មានសិទ្ធិអ្វីជ្រៀតជ្រែកលើប្រព័ន្ធយុត្តិធម៌ តាមការអំពាវនាវរបស់អន្តរជាតិឡើយ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះថា៖«កម្ពុជាមានឯករាជ្យ និងអធិបតេយ្យភាព ដូច្នេះមិនត្រូវស្ដាប់ការបញ្ជា ឬដាក់សម្ពាធលើរដ្ឋាភិបាលឡើយ។ ហើយយើងត្រូវបែងចែកឲ្យដាច់រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការពីគ្នាឲ្យច្បាស់ព្រោះរដ្ឋាភិបាលគ្មានសិទ្ធអ្វីទៅបញ្ជាលើតុលាការឲ្យដោះលែងអ្នកណាម្នាក់ទេ។ ប៉ុន្តែក្នុងក្របខណ្ឌផ្លូវច្បាប់ក៏អាចពាក់ព័ន្ធចំណុចខ្លះ ដែលនាយករដ្ឋមន្ត្រីអាចមានសិទ្ធិស្នើសុំព្រះមហាក្សត្រលើកលែងទោស។ ប៉ុន្តែយើងនៅតែមិនទាន់មើលឃើញសញ្ញាវិជ្ជមានណាមួយទេ ព្រោះរដ្ឋាភិបាលនឹងត្រូវប្រកាសចូលកាន់តំណែងនៅរយៈពេល៤ទៅ៥សប្ដាហ៍ខាងមុខ»។
តែយ៉ាងណាអ្នកវិភាគនយោបាយ មើលឃើញថា ក្រោយការបោះឆ្នោតនៅកម្ពុជា ស្ថានការណ៍នយោបាយនឹងមានការប្រែប្រួល ដើម្បីកុំឲ្យអន្តរជាតិវាយតម្លៃលើកម្ពុជាក្នុងផ្លូវអាក្រក់។ ការកែប្រែស្ថានការណ៍នយោបាយឲ្យវិលមកសភាពដើមវិញនោះ គឺការលើកលែងទោសឲ្យលោក សម រង្ស៊ី ចូលស្រុក ,ដោះលែងលោក កឹម សុខា និងសកម្មជននយោបាយ រួមទាំងឲ្យគណបក្សប្រឆាំងរស់ឡើងវិញជាដើម។ ប៉ុន្តែគ្មានការបោះឆ្នោតឡើងវិញទេ ពោលគឺគណបក្សប្រជាជន នៅតែបានឈ្នះឆ្នោតដដែល។ នេះជាការបញ្ជាក់របស់លោក ហង្ស វិទូ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងមក៕
Tag:
កឹម សុខា
អន្តរជាតិ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com