ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អាល្លឺម៉ង់ ថា ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​សន្តិភាព តែ​មិនទាន់​ស្របច្បាប់​ទេ
31, Jul 2018 , 6:18 pm        
រូបភាព
​ភ្នំពេញ​៖ ផ្ទុយ​ពី​ការលើកឡើង​របស់​បណ្ដា​ប្រទេស​អឺរ៉ុប ដែល​ចេញមុខ​រិះគន់​លើ​ការបោះឆ្នោត​កម្ពុជា​នោះ អាល្លឺម៉ង់ ឯណេះ​វិញ បែរជាមកសរសើរការរៀបចំការបោះឆ្នោត​នៅ​កម្ពុជា ។

 
​ក្នុង​ក្រសែភ្នែក​អាល្លឺម៉ង ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្តទៅ​ពោរពេញ​ដោយ​សន្តិភាព ប៉ុន្តែ​មិនទាន់មាន​ភាពស្របច្បាប់​ឡើយ​។ នោះ​ក៏​ព្រោះតែ​ការបោះឆ្នោត​នេះ ដំណើរការ​ក្នុង​បរិយាកាស​ចាប់ខ្លួន មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ និង​ការរំលាយ​បក្ស រួមទាំង​ការហាម​អ្នកនយោបាយ​១១៨នាក់ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ជាដើម​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អាល្លឺម៉ង់​។​
 
​អាល្លឺម៉ង បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​អាល្លឺម៉ង បាន​កត់សម្គាល់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​រដ្ឋសភា នៅ​កម្ពុ​ជាមាន​សន្តិភាព​។ តែ​យ៉ាងណា​ការបោះឆ្នោត​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​ជួយ​ដល់​លទ្ធផល​បោះឆ្នោត​ស្របច្បាប់​នោះទេ​»​។​
 
​ជាមួយគ្នានេះ​រដ្ឋាភិបាល​អាល្លឺម៉ង់ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិលត្រឡប់​ទៅរក​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​ពី​ឆន្ទៈ ដែល​រដ្ឋាភិបាល​គាំពារ​ប្រទេស​ខ្លួន ឲ្យ​ធ្វើដំណើរ​លើផ្លូវ​ប្រជាធិបតេយ្យ​នេះ​។​

អត្ថបទទាក់ទង

  
​រយៈពេល​២​ថ្ងៃនេះ អន្តរជាតិ​បានចេញ​ប្រតិកម្ម​រិះគន់​លើ​ការបោះឆ្នោត​កម្ពុជា ជា​បន្តបន្ទាប់​។ ក្នុងនោះ​រួមមាន អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី កាណាដា នូ​វែ​ល​សេ​ឡង់ បារាំង​ជាដើម​។ អន្តរជាតិ​ទាំងនេះ សុទ្ធ​វាយតម្លៃថា ការបោះឆ្នោត​នៅ​កម្ពុជា ស្ថិតនៅក្នុង​បរិយាកាស​គាបសង្កត់ និង​ដាក់​សម្ពាធ​លើ​អ្នកនយោបាយ​បក្សប្រឆាំង និង​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​៕
 
 

Tag:
 អាល្លឺម៉ង​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com