ជាតិ
អាជ្ញាធរ​ខេត្តក្រចេះ ជម្លៀស​ពលរដ្ឋ​២០០​គ្រួសារ ដោយសារ​គ្រោះទឹកជំនន់​
01, Aug 2018 , 2:35 pm        
រូបភាព
រូប​ពីអគ្គិសនី ក្រចេះ
រូប​ពីអគ្គិសនី ក្រចេះ
​ក្រចេះ​៖ អាជ្ញាធរ​ខេត្តក្រចេះ ជម្លៀស​ពលរដ្ឋ​២០០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព នៅ​ថ្ងៃទី ១ សីហា​នេះ​។ កម្ពស់​ទឹក​ក្នុង​ខេត្តក្រចេះ កើនឡើង ២១.៧២​ម៉ែត្រ ជិត​ដល់​កម្រិត​ប្រកាសអាសន្ន ២២​ម៉ែត្រ​ហើយ​។​



​លោក ប៉ែន វី​ណាត អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ក្រចេះ បាន​និយាយថា ស្ថានភាព​ទឹកជំនន់ បាន​បង្ក​ផលប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ​២០៧០​ខ្នង មណ្ឌល​សុខភាព​២​កន្លែង រួមទាំង​ស្រូវ​១២២​ហិកតា និង​ដំណាំ​រួមផ្សំ​៨៥៤ ហិកតា​។ លោក វី​ណាត បាន​បញ្ជាក់ថា អាជ្ញាធរ បាន​ជម្លៀស​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជន​ន់ ចំនួន​២០៤​គ្រួសារ និង​សត្វ​គោ​-​ក្របី ជាង​២០០០​ក្បាល ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។​

​អភិបាលរង​ខេត្តក្រចេះ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ទឹក​នៅ​ខេត្តក្រចេះ​ឡើង​ដោយសារតែ​មានការ​ធ្លាយ​ទំនប់​នៅ​ឡាវ​មក​ទេ​។ បើ​មេឃ​ស្រឡះ ហើយ​ទឹក​នៅ​ខេត្តស្ទឹងត្រែង​មិន​ឡើង​បន្ត​ទេ ប្រហែល​២​ទៅ​៣​ថ្ងែ​ក្រោយ​អាច​នឹង​ស្រក​វិញ តែបើ​កម្ពស់​ទឹក​នៅ​ខាងលើ​ឡើង ខាងយើង​ក៏​ឡើង​បន្ត​ដែរ​»​។​

​កម្ពស់​ទឹក​ដែល​បន្ត​ឡើង​ខ្ពស់​នេះ បាន​បណ្ដាល​ឲ្យ​ស្រុក​ឆ្លូង ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ស្រុក​ព្រែក​ប្រសព្វ និង​ក្រុង​ក្រចេះ ទទួលរង​ផលប៉ះពាល់​។ ក្នុងស្រុក​ទាំង​៤​នេះ ស្រុក​ចិត្រ​បុរី រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​ច្រើន ។ នេះ​បើតាម​លោក ប៉ែន វី​ណាត​៕



Tag:
 ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com