ជាតិ
ទឹកជំនន់ទន្លេមេគង្គលើបានហក់ឡើងខ្ពស់ ដែលអាចគំរាមកំហែងដល់គ្រប់ស្រុក និងក្រុង ក្នុងខេត្តស្ទឹងត្រែង រូបភាពហ្វេសប៊ុកក្រសួងធនធានទឹក
× ស្ទឹងត្រែង៖ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ បានហក់ឡើងកម្ពស់ ១០,៩៣ម៉ែត្រ ចំពោះ កម្រិតកម្ពស់ទឹកដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម៉ែត្រ ប៉ុណ្ណោះ។ ដូច្នេះកម្ពស់ទឹកដែលហួសពីកម្រិតឱ្យប្រុងប្រយ័ត្ននេះ បានកំរាមកំហែងគ្រប់ស្រុក និងក្រុងក្នុងខេត្តស្ទឹងត្រែង ដោយក្រុងនិងស្រុកមួយចំនួន អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានបណ្ដោះអាសន្ន ទៅកាន់ទីទួលសុវត្ថិភាព។ រីឯស្រុកមួយចំនួនមិនទាន់មានការជម្លៀសប្រជាពលរដ្ឋចេញនៅឡើយទេ ពីព្រោះផ្ទះរបស់គាត់សង់ខ្ពស់ ហើយទឹកដែលបានហូរចូលនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមការឱ្យដឹងពីលោក ម៉ែន គង់ អ្នកនាំពាក្យរដ្ឋបាលនៃខេត្តស្ទឹងត្រែង។
ទឹកជំនន់ទន្លេមេគង្គខេត្តស្ទឹងត្រែង បានហក់ឡើងខ្ពស់ធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ គ្រប់ស្រុក និងក្រុង ក្នុងនោះ ក្រុងស្ទឹងត្រែងបានជម្លៀងប្រជាពលរដ្ឋ ៧៧គ្រួសារ និងស្រុកសៀបបូក ១៦គ្រួសារ ហើយពីរស្រុកទៀត មិនទាន់ជម្លៀសចេញទេ ដោសារកម្រិតទឹកនៃការលិចនៅតាមផ្លូវមួយចំនួន និងនៅតាមផ្ទះតិចតួចនៅឡើយ ហើយអាចធ្វើដំណើរចេញចូលបាន។ នេះជាការលើកឡើងរបស់លោក ម៉ែន គង់ ហើយ លោកបានបញ្ជាក់ថា៖«មិនទាន់ដល់ដំណាក់កាលដែលត្រូវជម្លៀសពួកគាត់ចេញពីផ្ទះទេ។ ប៉ុន្តែអាជ្ញាធរខេត្តបានត្រៀមកម្លាំងរួចរាល់ហើយ ចាប់តាំងពីថ្នាក់មូលដ្ឋានឡើងទៅ ដើម្បីអន្តរាគមន៍។ ហើយបច្ចុប្បន្នអាជ្ញាធរកំពុងតែតាមដានស្ថានការណ៍ បើមានអ្វីប្រែប្រួលនោះ កម្លាំងសមត្ថកិច្ចនឹងមានវិធានការបន្តទៀត»។
អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ថាជំនន់ទឹកទន្លេខេត្តស្ទឹងត្រែងមិនបណ្ដាលឱ្យប៉ះពាល់ខ្លាំងក្លានៅឡើយទេ។ ប៉ុន្តែតំបន់ដែលរងការប៉ះពាល់ខ្លាំង គឺស្រុកសៀងប៉ាង ក្រោយពីបាក់ទំនប់វារីអគ្គិសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ដោយទឹកបានហូរចូលមកទន្លេសេកុង ក្នុងភូមិសាស្ត្រស្រុកសៀងប៉ាង បណ្ដាលឱ្យឃុំ៤ ក្នុងចំណោមឃុំ៥ ដែលមានប្រជាពលរដ្ឋ ១២៨៩គ្រួសារ រងការប៉ះពាល់ត្រូវជម្លៀសទៅទីទួលមានសុវត្ថិភាព។
លោក ម៉ែន គង់ បានបន្ថែមថា តាមការប៉ាន់ប្រមាណមកដល់ពេលនេះ ប្រជាពលរដ្ឋនៅស្រុងសៀងប៉ាងជាង ៣០០គ្រួសារ បានវិលត្រឡប់ទៅលំនៅដ្ឋានរបស់គាត់វិញជាបណ្ដើរហើយ។ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត នៅតែបន្តស្នាក់នៅបណ្ដោះអាសន្នកន្លែងសុវត្ថិភាពដដែល ដោយសារតែតំបន់នៃផ្ទះរបស់ពួកគាត់មួយចំនួន ទឹកនៅមានជំរៅជ្រៅនៅឡើយ ហើយអាជ្ញាធរកំពុងតែតាមដាន និងត្រួតពិនិត្យស្ថានភាពថាតើអាចត្រឡប់ទៅបានឬយ៉ាងណា។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បាក់ទំនប់វារីអគ្គិសនីរបស់ឡាវ បានទទួលជំនួយពីអង្គការក្នុងស្រុក និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានជួយគាំទ្រ អំពីបរិស្ថាន អនាម័យ សុខភាព។ នេះបើតាមការឱ្យដឹងពីលោក ម៉ែន គង់ និងបានបន្តទៀតថា ករណីខាងលើនេះមិនមានការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទេ។
លោក ម៉ែន គង់ បានឱ្យដឹងទៀតថា ទឹកទន្លេសេកុង និងសេសានបានស្រកចុះហើយ ប៉ុន្តែនៅឡើយទឹកទន្លេមេគង្គបានបន្តកើនឡើង ហួសពីកម្រិតប្រកាសអាសន្នដែលមានកម្ពស់១០,៩៣ម៉ែត្រ ហើយកម្រិតប្រកាសអាសន្នត្រឹមតែ ១០,៧០។ លោក ថា ប្រសិនជាទឹកទន្លេមេគង្គនៅតែបន្តកើនឡើងទៀត ប្រជាពលរដ្ឋដែលនៅតាមបណ្ដោយច្រាំងទន្លេនឹងអាចជម្លៀចេញទៅកន្លែងសុវត្ថិភាព។ លោក បញ្ជាក់បន្ថែមថា៖«ប្រជាពលរដ្ឋ នៅក្រុងស្ទឹងត្រែង និងសៀបបូកបានជម្លៀសចេញពីលំដ្ឋានកាលពីថ្ងៃទី៣១ ខែកក្កដា មុននេះ»។
បើតាមក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១ ខែសីហា នេះឱ្យដឹងថា ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន ៣ គ្រឿង កំពុងត្រូវបានមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក រៀបចំដំឡើងដើម្បីអន្តរាគមន៍បូមរំដោះជំនន់ទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង។ ការអន្តរាគមន៍បូមទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង គឺប្រើប្រាស់ម៉ាស៊ីនបូមទឹខ្នាតមធ្យមសរុប ៣គ្រឿង នៅលើ ៣ទីតាំងផ្សេងៗគ្នា ក្នុងនោះ៖ ទីតាំងទី១ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ទី២ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់ស្ទឹងត្រែង និងទី៣ ស្ថិតនៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ៕
Tag:
ទឹកជំនន់ទន្លេ
ម៉ែន គង់
© រក្សាសិទ្ធិដោយ thmeythmey.com