តើ​លោក កឹម សុខា អាច​ត្រូវ​ដោះលែង នៅក្រោយ​ការបោះឆ្នោត​ដែរ​ទេ​?

ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
តើ​លោក កឹម សុខា អាច​ត្រូវ​ដោះលែង នៅក្រោយ​ការបោះឆ្នោត​ដែរ​ទេ​?
01, Aug 2018 , 4:22 pm         23241
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១ សីហា​នេះ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ឃុំខ្លួន រយៈពេល​១១​ខែ​ហើយ ដើម្បី​បន្ត​នីតិវិធី​ស៊ើប​សង្កេត​លើ​ករណី ឃុបឃិត​ជាមួយ​បរទេស​។ តើ​លោក កឹម សុខា អាច​ត្រូវ​ដោះលែង នៅក្រោយ​ការបោះឆ្នោត​ដែរ​ទេ​?


​មិនទាន់មាន​សញ្ញា​វិជ្ជមាន​ណាមួយ ដែល​ផ្ដល់​ក្តី​សង្ឃឹមថា លោក កឹម សុខា អាច​ត្រូវ​ដោះលែង​វិញ​ឡើយ ព្រោះ​វា​ស្ថិតនៅលើ​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​។ តុលាការ នឹងត្រូវ​ចេញ​ដីកា​សម្រេច​ជាថ្មី លើ​ករណី​លោក កឹម សុខា នៅ​ខែកញ្ញា​ខាងមុខនេះ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ សម្រេច​ពន្យារពេល​៦​ខែលើក​ទី​១ ដើម្បី​បន្ត​ស៊ើបអង្កេត​លើ​ករណី​ឃុបឃិត​ជាមួយ​បរទេស ។

​លោកស្រី ម៉េង សុភា​រី មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ពន្យល់ថា ក្នុងករណី​ដែល​តុលាការ​ពន្យារពេល​ស៊ើបអង្កេត លើ​លោក កឹម សុខា រយៈពេល​៦​ខែ​នេះ ហើយ​រក​មិនឃើញ​ភស្តុតាង​ដាក់បន្ទុក​លើ​កូនក្តី​ខ្លួន​ទេ នោះ​តុលាការ អាច​ចេញ​ដីកា​ដំណោះស្រាយ​ទម្លាក់​ការចោទប្រកាន់​នេះ ឬ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ​បើ​តុលាការ យល់ថា ករណី​លោក កឹម សុខា នៅ​មិនទាន់​ស៊ើបអង្កេត​ចប់សព្វគ្រប់ នោះ​តុលាការ​អាច​បន្ត​ការពន្យារពេល​៦​ខែ​ទៀត ជា​លើក​ទី​២ ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោកស្រី ម៉េង សុភា​រី បាន​និយាយ​ដូច្នេះ​ថា​៖«​ការពន្យា​ពេល​អាច​ធ្វើឡើង​បាន​២​ដង ប៉ុន្តែ​ស្ថិតនៅក្នុង​ក្របខណ្ឌ ដែល​បញ្ជាក់​ឲ្យ​ឃើញថា ការស៊ើបអង្កេត​នោះ វា​មានការ​ចាំបាច់​បំផុត​ទើប​អាច​ពន្យា​ពេល​ស៊ើបអង្កេត​ម្ដងទៀត ជា​លើក​ទី​២​។ ប៉ុន្តែ​ខ្ញុំ​យល់ថា វា​គ្រប់គ្រាន់​ហើយ ដូច្នេះ​ការពន្យារពេល​លើក​ក្រោយ តុលាការ​គួរតែ​សម្រេច​ទម្លាក់​បទ​ចោទ​ដល់​កូនក្តី​នាង​ខ្ញុំ ឬក៏​សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​តែម្ដង​។ នេះ​ជាការ​យល់ឃើញ​របស់ខ្ញុំ ប៉ុន្តែ​វា​ជាការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​»​។​

​ទាក់ទង​នឹង​ករណី​អតីត​មេបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ក៏មាន​សារ​ពី​បណ្ដា​ប្រទេស​អន្តរជាតិ​ជាច្រើន បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ច្រក​នយោបាយ និង​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព នៅក្រោយ​ការបោះឆ្នោត​នេះ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​

អត្ថបទទាក់ទង


​ជាការ​ឆ្លើយតប​នឹង​អន្តរជាតិ​ខាងលើនេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយថា ការដោះលែង​អ្នកនយោបាយ​ណាមួយ គឺជា​សិទ្ធិអំណាច​របស់​តុលាការ ដូច្នេះ​រដ្ឋាភិបាល គ្មាន​សិទ្ធិ​អ្វី​ជ្រៀតជ្រែក​លើ​ប្រព័ន្ធយុត្តិធម៌ តាម​ការអំពាវនាវរ​បស់​អន្តរជាតិ​ឡើយ​។​

​តែ​យ៉ាងណា​អ្នកវិភាគ​នយោបាយ មើលឃើញថា ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា ស្ថានការណ៍​នយោបាយ​នឹងមាន​ការប្រែប្រួល ដើម្បី​កុំ​ឲ្យ​អន្តរជាតិ​វាយតម្លៃ​លើ​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់​។ ការកែប្រែ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​មក​សភាព​ដើម​វិញ​នោះ គឺ​ការលើកលែងទោស​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក ,​ដោះលែង​លោក កឹម សុខា និង​សកម្មជន​នយោបាយ រួមទាំង​ឲ្យ​គណបក្សប្រឆាំង​រស់​ឡើងវិញ​ជាដើម​។ ប៉ុន្តែ​គ្មាន​ការបោះឆ្នោត​ឡើងវិញ​ទេ ពោលគឺ​គណបក្ស​ប្រជាជន នៅតែ​បានឈ្នះ​ឆ្នោត​ដដែល​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស វិទូ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កន្លងមក​។​

​គួរ​បញ្ជាក់ថា លោក កឹម សុខា អតីត​មេបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់លោក​។ គិត​មកដល់ពេលនេះ​លោក កឹម សុខា កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង អស់​រយៈពេល​១១​ខែ​ហើយ ៕


Tag:
 កឹម សុខា
  ម៉េង សុភា​រី​
  បោះឆ្នោត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next