ជាតិ
បោះឆ្នោត
នយោបាយជាតិ
តើលោក កឹម សុខា អាចត្រូវដោះលែង នៅក្រោយការបោះឆ្នោតដែរទេ?
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ សីហានេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការឃុំខ្លួន រយៈពេល១១ខែហើយ ដើម្បីបន្តនីតិវិធីស៊ើបសង្កេតលើករណី ឃុបឃិតជាមួយបរទេស។ តើលោក កឹម សុខា អាចត្រូវដោះលែង នៅក្រោយការបោះឆ្នោតដែរទេ?
មិនទាន់មានសញ្ញាវិជ្ជមានណាមួយ ដែលផ្ដល់ក្តីសង្ឃឹមថា លោក កឹម សុខា អាចត្រូវដោះលែងវិញឡើយ ព្រោះវាស្ថិតនៅលើឆន្ទានុសិទ្ធរបស់តុលាការ។ តុលាការ នឹងត្រូវចេញដីកាសម្រេចជាថ្មី លើករណីលោក កឹម សុខា នៅខែកញ្ញាខាងមុខនេះ បន្ទាប់ពីចៅក្រមស៊ើបសួរ សម្រេចពន្យារពេល៦ខែលើកទី១ ដើម្បីបន្តស៊ើបអង្កេតលើករណីឃុបឃិតជាមួយបរទេស ។
លោកស្រី ម៉េង សុភារី មេធាវីការពារក្តីឲ្យលោក កឹម សុខា បានពន្យល់ថា ក្នុងករណីដែលតុលាការពន្យារពេលស៊ើបអង្កេត លើលោក កឹម សុខា រយៈពេល៦ខែនេះ ហើយរកមិនឃើញភស្តុតាងដាក់បន្ទុកលើកូនក្តីខ្លួនទេ នោះតុលាការ អាចចេញដីកាដំណោះស្រាយទម្លាក់ការចោទប្រកាន់នេះ ឬបញ្ជូនសំណុំរឿងទៅជំនុំជម្រះ។ ប៉ុន្តែបើតុលាការ យល់ថា ករណីលោក កឹម សុខា នៅមិនទាន់ស៊ើបអង្កេតចប់សព្វគ្រប់ នោះតុលាការអាចបន្តការពន្យារពេល៦ខែទៀត ជាលើកទី២ ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកស្រី ម៉េង សុភារី បាននិយាយដូច្នេះថា៖«ការពន្យាពេលអាចធ្វើឡើងបាន២ដង ប៉ុន្តែស្ថិតនៅក្នុងក្របខណ្ឌ ដែលបញ្ជាក់ឲ្យឃើញថា ការស៊ើបអង្កេតនោះ វាមានការចាំបាច់បំផុតទើបអាចពន្យាពេលស៊ើបអង្កេតម្ដងទៀត ជាលើកទី២។ ប៉ុន្តែខ្ញុំយល់ថា វាគ្រប់គ្រាន់ហើយ ដូច្នេះការពន្យារពេលលើកក្រោយ តុលាការគួរតែសម្រេចទម្លាក់បទចោទដល់កូនក្តីនាងខ្ញុំ ឬក៏សម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះតែម្ដង។ នេះជាការយល់ឃើញរបស់ខ្ញុំ ប៉ុន្តែវាជាការសម្រេចរបស់ចៅក្រមស៊ើបសួរ»។
ទាក់ទងនឹងករណីអតីតមេបក្សសង្គ្រោះជាតិរូបនេះ ក៏មានសារពីបណ្ដាប្រទេសអន្តរជាតិជាច្រើន បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បើកច្រកនយោបាយ និងដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព នៅក្រោយការបោះឆ្នោតនេះ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ជាការឆ្លើយតបនឹងអន្តរជាតិខាងលើនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាននិយាយថា ការដោះលែងអ្នកនយោបាយណាមួយ គឺជាសិទ្ធិអំណាចរបស់តុលាការ ដូច្នេះរដ្ឋាភិបាល គ្មានសិទ្ធិអ្វីជ្រៀតជ្រែកលើប្រព័ន្ធយុត្តិធម៌ តាមការអំពាវនាវរបស់អន្តរជាតិឡើយ។
តែយ៉ាងណាអ្នកវិភាគនយោបាយ មើលឃើញថា ក្រោយការបោះឆ្នោតនៅកម្ពុជា ស្ថានការណ៍នយោបាយនឹងមានការប្រែប្រួល ដើម្បីកុំឲ្យអន្តរជាតិវាយតម្លៃលើកម្ពុជាក្នុងផ្លូវអាក្រក់។ ការកែប្រែស្ថានការណ៍នយោបាយឲ្យវិលមកសភាពដើមវិញនោះ គឺការលើកលែងទោសឲ្យលោក សម រង្ស៊ី ចូលស្រុក ,ដោះលែងលោក កឹម សុខា និងសកម្មជននយោបាយ រួមទាំងឲ្យគណបក្សប្រឆាំងរស់ឡើងវិញជាដើម។ ប៉ុន្តែគ្មានការបោះឆ្នោតឡើងវិញទេ ពោលគឺគណបក្សប្រជាជន នៅតែបានឈ្នះឆ្នោតដដែល។ នេះជាការបញ្ជាក់របស់លោក ហង្ស វិទូ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងមក។
គួរបញ្ជាក់ថា លោក កឹម សុខា អតីតមេបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក។ គិតមកដល់ពេលនេះលោក កឹម សុខា កំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង អស់រយៈពេល១១ខែហើយ ៕
Tag:
កឹម សុខា
ម៉េង សុភារី
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com