ជាតិ
សេដ្ឋកិច្ច
ជិះឥតគិតថ្លៃក្នុងឆ្នាំនេះ ចំពោះសេវាដឹកអ្នកដំណើរតាមផ្លូវទឹក ភ្នំពេញ-តាខ្មៅ
× ភ្នំពេញ៖ សេវាកម្មនាវាដឹកអ្នកដំណើរសាធារណៈ ភ្នំពេញ-តាខ្មៅ ត្រូវបានសម្ពោធឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ខែសីហានេះ។ សេវាកម្មនេះនឹងបន្តផ្ដល់ជូនឥតគិតកម្រៃដល់សាធារណជន រហូតដល់ដំណាច់ឆ្នាំ២០១៨នេះ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដូចនេះក្នុងពិធីសម្ពោធនេះ។
ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ បានដំណើរការបណ្ដោះអាសន្នកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៨ ហើយឥឡូវនេះឈានដល់ការដាក់ឲ្យប្រើប្រាស់ផ្លូវការ។ ជាមួយគ្នានេះ ការមិនយកកម្រៃចំពោះសេវាកម្មសាធារណមួយនេះ ដែលត្រូវផុតកំណត់ត្រឹមខែកក្កដា ត្រូវបានសម្ដេច ហ៊ុន សែន ប្រកាសពន្យាររហូតដល់ដំណាច់ឆ្នាំនេះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូច្នេះថា៖«ការបង្កើតឲ្យមានសេវាកម្មនាវាដឹកអ្នកដំណើរនេះ មានគោលបំណងដើម្បីពង្រីកវិស័យដឹកជញ្ជូនឲ្យមានច្រើនជម្រើស ពន្លឿនការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ និងប្រើឲ្យអស់សក្ដានុពលនៃទន្លេក្នុងប្រទេស»។
នាវាចំនួន៤គ្រឿង ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងប្រតិបត្តិការដឹកជញ្ជូននេះ។ នាវានីមួយៗអាចផ្ទុកអ្នកដំណើរពី ៥៤នាក់ ទៅ៦០នាក់ ដោយបើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងបើកផ្ដល់សេវា ចាប់ពីម៉ោង៥និង៣០នាទីព្រឹក ដល់ម៉ោង ៦និង៣០នាទីល្ងាច ជារៀងរាល់ថ្ងៃ។ ពីព្រែកព្នៅ ដល់តាខ្មៅ នាវាប្រើរយៈពេលតិចជាង១ម៉ោង។
ការដឹកជញ្ជូនផ្លូវទឹកនេះ ត្រូវឆ្លងកាត់ស្ថានីយចំនួន៥ ដែលរួមមាន ចំណតឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងចំណតក្រុងតាខ្មៅ។ លោក ស៊ុន ចាន់ថុល ឲ្យដឹងថា សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកនេះ ត្រូវប្រគល់ឲ្យសាលារាជធានីភ្នំពេញ គ្រប់គ្រង និងប្រតិបត្តិការ ចាប់ពីថ្ងៃសម្ពោធនេះ។
កាលពីដាក់ឲ្យដំណើរបណ្ដោះអាសន្ន ក្នុងពេលកន្លងមក សេវាកម្មនេះជាមធ្យម ទទួលបានអ្នកដំណើរចំនួន២០០នាក់ក្នុងមួយថ្ងៃ។
ក្រៅពីគម្រោងមួយនេះ គម្រោងសេវាដឹកដំណើរតាមផ្លូវទឹកជាច្រើនកន្លែងទៀត កំពុងស្ថិតក្រោមការសិក្សា ដែលមានដូចជា គម្រោងភ្នំពេញ-ក្រចេះ, ទន្លេសាប (ព្រែកព្នៅ-ពញ្ញាឭ), ទន្លេបាសាក់ (ស្រុកស្អាង), ទន្លេមេគង្គលើ (ស្ពានព្រែកតាមា) និងទន្លេមេគង្គក្រោម (ដីឥដ្ឋ) ជាដើម។ នេះបើតាម លោក ស៊ុន ចាន់ថុល ៕
© រក្សាសិទ្ធិដោយ thmeythmey.com