ជាតិ
ស៊ុយអែត​ផ្ដល់​ថវិកា​២​លាន​ដុល្លារ​អាមេរិក គាំទ្រ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​
02, Aug 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​ស៊ុយអែត បានផ្ដល់​ជំនួយ​ថវិកា​២​លាន​ដុល្លារ ដល់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា សម្រាប់​ការបណ្ដុះបណ្ដាល​យុវជន​លើ​មុខវិជ្ជា​ចំអិនម្ហូប​អាហារ និង​លើកកម្ពស់​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​។



​ដើម្បី​បណ្ដុះ​ធនធានមនុស្ស​លើ​វិស័យ​បដិសណ្ឋារកិច្ច ប្រកបដោយ​ជំនាញ​ត្រឹមត្រូវ តាមរយៈ​កម្មវិធីសិក្សា​លំដាប់​ស្ដង់ដារ និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ប្រទេស​ស៊ុយអែត​បានផ្ដល់​ប្រាក់​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក ដល់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា សម្រាប់​គម្រោង​រយៈពេល​៣​ឆ្នាំ ។​

​លោក Pierre Tami នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា លើកឡើងថា ការកើនឡើង​យ៉ាង​លឿន​នៃ​ចំនួន​យុវជន​កម្ពុជា​ចូលរួម​ក្នុង​ទីផ្សារការងារ កំពុង​ជួបប្រទះ​ការលំបាក ក្នុង​ការទទួល​បានកា​រងារ​ល្អ ដោយសារតែ​ពួកគេ​ខ្វះខាត​ជំនាញ​សមស្រប​។ បើតាម​លោក Pierre ការផ្ដល់​ជំនួយ​ដល់​ការបណ្ដុះបណ្ដាល​យុវជន​កម្ពុជា​នេះ គឺ​ដើម្បី​ឆ្លើយតប​និយោជក​ជាច្រើន ក្នុង​វិស័យ​បដិសណ្ឋារកិច្ច ដែល​កំពុងតែ​ងាក​ទៅ​ស្វែងរក​កម្មករ​មាន​ជំនាញ​មកពី​ប្រទេស​ក្នុង​តំបន់ ដើម្បី​បំពេញ​កង្វះខាត​នេះ​។

​សម្រាប់​លោក Pierre ភាព​ចន្លោះប្រហោង​នៃ​ជំនាញ​ក្នុងចំណោម​កម្មករ​ខ្មែរ ឆ្លុះបញ្ចាំង​អំពី​កង្វះខាត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស​ប្រកបដោយ​គុណភាព​ខ្ពស់​។ «​គោលបំណង​សំខាន់​របស់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា គឺ​រួមចំណែក​ក្នុង​ការកសាង​ជំនាញ និង​បង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន​កម្ពុជា តាមរយៈ​ការរៀបចំ​បង្កើតជា​វិទ្យាស្ថាន ដែលមាន​កម្មវិធីសិក្សា ផ្នែក​បដិសណ្ឋារកិច្ច​ស្របតាម​បទដ្ឋាន​ស្តង់ដារ​ប្រទេស​អាស៊ាន និង​អប់រំ​តាម​ស្តង់ដារ​ប្រទេស​ស្វី​ស​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Pierre Tami​។​

​លោក Samuel Hurtig ប្រធាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​របស់​ស៊ុយអែត​ប្រចាំ​កម្ពុជា លើកឡើងថា ការអភិវឌ្ឍ​ជំនាញ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នេះ  ពិតជា​មាន​សារសំខាន់​សម្រាប់​ការ​គាំពារ​ដល់​សុខុមាលភាព​ប្រជាជន​ក្នុងប្រទេស​។ លោក  Samuel Hurtig បញ្ជាក់ថា​៖« យើង​ពិតជា​រីករាយ​ក្នុងការ​គាំទ្រ​ដល់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ដើម្បី​បណ្ដុះបណ្ដាល​យុវជន​កម្ពុជា​អំពី​ជំនាញ និង​ចំណេះដឹង​ផ្សេងៗ​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​»​។​



​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា បាន​បើក​ដំណើរការ​នៅក្នុង​ខែមីនា​ឆ្នាំ​២០១៧​។ អាហារូបករណ៍ Naomi Tami Memorial Scholarship បានផ្ដល់​ឱកាស​ឲ្យ​សិស្សានុសិស្ស ដែល​ពុំមាន​លទ្ធភាព​បង់​ថ្ងៃ​សិក្សា អាច​រៀន​បាន​ដោយ​ឥត​បង់ប្រាក់ ក្នុង​គោលបំណង​លើកកម្ពស់​ការទទួលបាន​ការអប់រំ និង​ការចិញ្ចឹម​ជីវិត​របស់​ពួកគេ​។

​វិទ្យាស្ថាន​ម្ហូបអាហារ ជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​ថ្មី​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចសហការ​រួមគ្នា​រវាង​ស្ថាប័នរដ្ឋ​និង​ឯកជន ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ខ្ពស់​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ វា​ក៏​ជា​វិទ្យាស្ថាន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែលមាន​កម្មវិធី​បដិសណ្ឋារកិច្ច​លំដាប់​អន្តរជាតិ ដែល​អនុលោម​តាម​បទដ្ឋាន​ស្តង់ដា​ប្រទេស​អាស៊ាន និង​ស្វី​ស​ផងដែរ​។​

​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការប្រកួតប្រជែង​ខ្លាំង​ជាង​មុន​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​នៅលើ​សាកលលោក​នៅក្នុង​វិស័យ​ទេសចរណ៍​។ តម្រូវការ​ធនធានមនុស្ស​ដែលមាន​ជំនាញ​ផ្នែក​ចំអិន​អាហារ និង​បដិសណ្ឋារកិច្ច កំពុងតែ​កើនឡើង ខណៈ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មានការ​កើនឡើង​នៅក្នុង​ឆ្នាំ​២០១៧ ហើយ​ការអភិវឌ្ឍ​ថ្មីៗ​នៅក្នុង​វិស័យ​សណ្ឋាគារ កំពុងតែ​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨​នេះ​៕


Tag:
 ស៊ុយអែត​
  កម្ពុជា​
 ​ម្ហូបអាហារ​
© រក្សាសិទ្ធិដោយ thmeythmey.com