ជាតិ
បោះឆ្នោត
សមភាគីវៀតណាម និងឡាវ សាទរសម្តេច ហ៊ុន សែន សម្តេច ហ៊ុន សែនជាមួយសមភាគីវៀតណាម និងឡាវ។ រូបថត AFP
× លោកនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ បានផ្ញើសារអបអរសាទរជួនដល់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ តាមលទ្ធផលបឋម សម្តេច ហ៊ុន សែន បន្តតំណែងជានាយករដ្ឋមន្ត្រីជាមួយនឹងការឈ្នះទាំង១២៥អាសនៈ។
មួយថ្ងៃក្រោយការបោះឆ្នោត លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានសរសេរទៅកាន់សម្តេច ហ៊ុន សែន ថា លោកមានក្តីសប្បាយរីករាយក្រោយដឹងពីជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេស។
លោកនាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា សម្តេច ហ៊ុន សែន បន្តនាំសន្តិភាពដល់ប្រទេសជាតិ និងទំនាក់ទំនងកាន់តែប្រសើរថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសការរួមចំណែកពង្រឹងសន្តិភាព ស្តេរភាព ក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក។
ជាមួយគ្នាផងដែរ Thongloun Sisoulith នាយករដ្ឋមន្ត្រីឡាវ បានលើកឡើងនៅក្នុងសារអបអររបស់ខ្លួននាថ្ងៃទី៣១ ខែកក្កដា ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។
ក្នុងន័យស្រដៀងគ្នា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ទទួលបានសារអបអរសាទរពីសមភាគីវៀតណាម និងឡាវ ផងដែរ៕
Tag:
បោះឆ្នោត
វៀតណាម
កម្ពុជា
សាទរ
© រក្សាសិទ្ធិដោយ thmeythmey.com