ជាតិ
សមាជិកសភា​នីតិកាល​ទី​៦ នឹងធ្វើ​សច្ចាប្រណិធាន​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​
02, Aug 2018 , 11:20 am        
រូបភាព
វិមាន​សភាកម្ពុជា។ រូបថត AFP
វិមាន​សភាកម្ពុជា។ រូបថត AFP
ដោយ:
ភ្នំពេញ​៖ សមាជិករដ្ឋសភា​នីតិកាល​ទី​៦ នឹងធ្វើ​សច្ចាប្រណិធាន នៅ​ថ្ងៃទី​១៩ កញ្ញា​ខាងមុខ ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល និង​បែងចែក​អាសន​ជា​ផ្លូវការ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ក្នុង​ខណ្ឌមានជ័យ នៅ​ថ្ងៃទី​២ សីហា​។



​សម្ដេច ហ៊ុន សែន បាន​ពន្យល់ថា ព្រះមហាក្សត្រ នឹង​ចេញ​ព្រះរាជសារ​មួយ កោះប្រជុំ​​សមាជិកតំណាងរាស្ត្រ​ពី​គណបក្ស​ដែល​ឈ្នះ​ចូល​រដ្ឋសភា នឹងស្បថ​សច្ចា​ប្រណិធាន​ចូលកាន់​តំណែង​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ក្រោយ​ធ្វើ​សច្ចាប្រណិធាន នៅ​ចំពោះព្រះភក្ត្រអង្គ​ព្រះមហាក្សត្រ​រួចហើយ រដ្ឋាភិបាល​ថ្មី ក៏​ត្រូវបាន​បង្កើតឡើងនៅ​ថ្ងៃទី​២០ ខែកញ្ញា ហើយ​ស្បថ​ចូលកាន់​តំណែង គណៈរដ្ឋមន្ត្រី នឹងត្រូវ​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​។​

​បើតាម​សម្ដេច ហ៊ុន សែន ក្រោយពី​ធី​ស្បថ​ចូលកាន់​តំណែង​រួចរាល់ ប្រធានរដ្ឋសភា​នឹង​កោះអញ្ជើញ​ក្រុម​អ្នកតំណាងរាស្ត្រ​ទាំងអស់ មក​បើក​កិច្ចប្រជុំ​នៃ​អាណត្តិ​ថ្មី​របស់ខ្លួន ដើម្បី​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី ២១ ខែកញ្ញា​។​

​ទាក់ទង​នឹង​ការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​និយាយថា អាចធ្វើ​ឡើង​២​ដំណាក់កាល​។  តំណាក់កាល​ទី​១ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១១ ខែសីហា ដើម្បី​ទទួល​ពាក្យបណ្ដឹង​ផ្សេងៗ​ពី​គ្រប់​គណបក្ស​ទាំងអស់ រហូតដល់​ថ្ងៃទី​១៥ ខែសីហា​។ «​ប្រសិនជា​មិនមាន​ពាក្យបណ្ដឹង​នោះទេ ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៥ ខែសីហា​តែម្ដង​។ ប៉ុន្តែ​បើ​មាន​ពាក្យបណ្ដឹង​មក គ​.​ជ​.​ប ដើម្បី​ដោះស្រាយ​នោះ ការប្រកាស​លទ្ធផល​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ ខែកញ្ញា​វិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គ​.​ជ​.​ប​៕


Tag:
 បោះឆ្នោត​
 ​គ​.​ជ​.​ប​
 ​រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com