អ្នកនាំពាក្យ CPP ថា សហ​ភា​ពអឺរ៉ុប​គ្មាន​ផ្លូវ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ឡើយ​
ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ CPP ថា សហ​ភា​ពអឺរ៉ុប​គ្មាន​ផ្លូវ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ឡើយ​
02, Aug 2018 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សភា​អឺរ៉ុប នៅតែ​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​សិទ្ធិមនុស្ស ។ ការជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា ទើបតែ​បញ្ចប់​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កដា​។ តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ថា គ្មាន​ផ្លូវ​ណាមួយ​ដែល​អឺរ៉ុប ដាក់ទណ្ឌកម្ម​មក​លើក​ម្ពុ​ជា​ឡើយ​។​



​ទោះបី​កម្ពុជា បញ្ចប់​ការបោះឆ្នោត ដោយមាន​ពលរដ្ឋ​បំពេញ​សិទ្ធិ ៨២,៨៩ ភាគរយ​ក្តី ក៏​សភា​អឺរ៉ុប នៅតែ​មានកូន​ចិត្ត​ចង់​ឲ្យ​រដ្ឋាភិបាល​អឺរ៉ុប ដាក់ទណ្ឌកម្ម​មកលើរ​ដ្ឋា​ភិ​បាល​កម្ពុជា ដោយ​ភ្ជាប់​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​។ ក្នុង​ក្រសែភ្នែក​សភា​អឺរ៉ុប ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្តទៅ​មិនល្អ​ឡើយ ដោយសារ​មានការ​គាបសង្កត់​មក​លើ​គណបក្សប្រឆាំង និង​អ្នក​មិន​ពេញចិត្ត​រដ្ឋាភិបាល​។

​អនុគណៈកម្មការ​សិទ្ធិមនុស្ស​នៃ​សភា​អឺរ៉ុប​លោក Pier Antonio Panzeri ដែល​បានស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ចាត់វិធានការ​លើ​កម្ពុ​ជា បាន​លើក​ពី​បញ្ហា​រំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាង​ដូច្នេះ​ថា​៖«​កា​រវិ​វ​ដ្ត​ស្ថានការណ៍​ចុងក្រោយ​នៅ​កម្ពុជា​បច្ចុប្បន្ន ក្នុងនោះ​មានការ​ប្រើ​ហិង្សា និង​ការដាក់ទោសទណ្ឌ​លើ​លោក កឹម សុខា មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​សំខាន់ ដែល​វា​ជា​ភស្តុតាង​មួយ បង្ហាញថា ស្ថានភាព​កម្ពុជា​កំពុង​បន្តដំណើរ​ទៅកាន់ការ​ធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិ​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ ដោយសារ​ការ​បំបិទ​សំឡេង​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​»​។​
     ​
​បន្ថែម​ពីនេះ​លោក Pier Antonio ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​លើ​ការដោះលែង​លោក កឹម សុខា ដើម្បី​បង្ហាញ​ពី​ដំណើរ​ការគោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​រដ្ឋាភិបាល​កម្ពុជា តែងតែ​អះអាង​កន្លងមក​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​អនុគណៈកម្មការ​សិទ្ធិមនុស្ស​នៃ​សភា​អឺរ៉ុប​ខាងលើ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយថា កម្ពុជា មិនមាន​ការរំលោភ​សិទ្ធិ​មនុស្ស​ឡើយ ពោលគឺ​ការចាត់​វិធានការ​លើ​ក្រុមប្រឆាំង​កន្លងមក រដ្ឋាភិបាល បាន​អនុវត្ត​ស្របតាម​ផ្លូវច្បាប់​ត្រឹមត្រូវ​។ សម្រាប់​លោក សុខ ឥសាន ការលើកឡើង​របស់​តំណាង​សភា​អឺរ៉ុប​នេះ គ្រាន់តែ​ជា​ទស្សន​នយោបាយ​ចង់​ដាក់​សម្ពាធ​លើ​កម្ពុជា​ប៉ុណ្ណោះ ។ និយាយ​បែប​ចំអក​វិញ លោក សុខ ឥសាន បាន​អះអាងថា គ្មាន​ផ្លូវ​ណាមួយ ដែល​សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ឡើយ​។​

អត្ថបទទាក់ទង


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា​លុះត្រា​មាន​កុងសងស៊ីស (​ចំណុច​ឯក​ច្ឆ័​ន​) រវាង​ប្រទេស​ទាំង​២៨ ដែលជា​សមាជិក​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​ក្នុងចំណោម​ប្រទេស​ទាំងនេះ ក៏មាន​ប្រទេស​ខ្លះ​គាំទ្រ​ដល់​កម្ពុជា ក្នុងការ​អនុវត្ត​ការងារ​ផ្លូវច្បាប់​លើ​បក្សប្រឆាំង​កន្លងមក​ដែរ​។ ដូច្នេះ​ខ្ញុំ​យល់ថា ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា គឺ​វា​ជា​លក្ខណ​បច្ចេកទេស​សុទ្ធសាធ​។ ដូច្នេះ​ខ្ញុំ​យល់ថា ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា គឺ​មិនអាច​ឡើយ​»​។​

​មូល​ហេតុដែល​កម្ពុជា មិនអាច​រង​សម្ពាធ ឬ​ទណ្ឌកម្ម ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សម្រួល​ដល់​លក្ខខណ្ឌ​ការងារ​និង​លើកកម្ពស់​សិទ្ធិ​កម្មករ ដែល​ស្របតាម​ច្បាប់​អន្តរជាតិ ដូច្នេះ​វា​គ្មាន​ហេតុផល​អ្វី ដែល​កម្ពុជា​ត្រូវ​ប្រឈមមុខ​ទណ្ឌកម្ម​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន​។​

​ដ្បិត​លោក សុខ ឥសាន អះអាង​បែបនេះ​ក្តី ប៉ុន្តែ​កម្ពុជា​សព្វថ្ងៃ កំពុងស្ថិត​នៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​មាន​បញ្ហា​ ដែលសហភាព​អឺរ៉ុប កំពុង​ពិនិត្យមើល​លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arm)​ផងដែរ​។ លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល ជា​អ្នកទទួល​ភារកិច្ច​បញ្ចុះបញ្ចូល​និង​ទប់ស្កាត់​វិធាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សព្វាវុធ​» (Everything But Arms-EBAs) ពី​ប្រទេស​កម្ពុជា ដោយ​លោកកំពុង​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប​។ ភារកិច្ច​ដែល​បេសកជន​កម្ពុជា ត្រូវ​ដោះស្រាយ​ជាមួយ​សហភាព​អឺរ៉ុប​នោះ គឺមាន​រយៈពេល​ចាប់ពីថ្ងៃ​ទី​១៨​មិថុនា ដល់​ខែ​១ វិច្ឆិកា​ខាងមុខ​។​

​គួរ​បញ្ជាក់ថា ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ EU ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ចំនួន ៦២៥៩ លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​ទទួលបាន​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​ទីផ្សារ​នេះ​។ ក្រសួង​បញ្ជាក់ទៀតថា បើ​មិន​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទេនោះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦ លាន​ដុល្លារ​។ ចំណែក​ទំហំ​ទឹកប្រាក់​នាំចេញ ក្នុង​ឆ្នាំ​២០១៧ មាន​ជាង​៥​ពាន់​លាន​ដុល្លារ​។ នេះ​តាម​របាយការណ៍​របស់​គណកម្មការ​អឺរ៉ុប​ដែល​ចេញផ្សាយ​កាលពី​ខែមេសា​កន្លងទៅ ។ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​មួយ​នេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ វត្ថុ​ធ្វើ​ពី​ស្បែក កៅស៊ូ និង​ទោចក្រយាន ជាដើម​៕


Tag:
 អឺរ៉ុប​
  កម្ពុជា​
  សិទ្ធិមនុស្ស​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67500 [1] => 9,78,17 [2] => អ្នកនាំពាក្យ CPP ថា សហ​ភា​ពអឺរ៉ុប​គ្មាន​ផ្លូវ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ឡើយ​ [3] => content [4] => [5] => អឺរ៉ុប​, កម្ពុជា​, សិទ្ធិមនុស្ស​, បោះឆ្នោត [6] => 42 [7] => 0 [8] => )