ជាតិ
បោះឆ្នោត
បោះឆ្នោត​៖ គ​.​ជ​.​ប ទទួលបាន​បណ្តឹង​២៥២៥ ដោយ​ជាង​៩៩​ភាគរយ​ជា​របស់ LDP
02, Aug 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយ​ការបោះឆ្នោត​បាន​បិទ​បញ្ជ​ប់ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានទទួល​ពាក្យបណ្ដឹង​សរុប ជុំវិញ​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ចំនួន ២ ៥២៥​បណ្ដឹង​។ ក្នុងចំណោម​បណ្ដឹង​ទាំងអស់ គ​.​ជ​.​ប ទទួលបាន​ពី ៣​គណបក្ស តែ​គណបក្ស​ដែល​ដាក់​បណ្ដឹង​ច្រើនជាងគេ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​



​បណ្តឹង​២៥២០​ក្នុងចំណោម​២៥២៥ ពោលគឺ​ជាង​៩៩,៨០​ភាគរយ ជា​បណ្តឹង​ដែល​ដាក់​ដោយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក្រៅពីនេះ បណ្តឹង​ចំនួន​៣​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​២​ទៀត​ជា​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បណ្តឹង​ទាំងនោះ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។

​នៅក្នុង​ចំណោម​បណ្ដឹង​ទាំងអស់ មាន​៣៤​បណ្ដឹង សុំ​ឲ្យ​គ​.​ជ​.​ប ផ្តន្ទាទោស និង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត មាន​ចំនួន​២,៤៩១​បណ្ដឹង​។​

​បើតាម​របាយការណ៍​ដ​ដែល​បាន​ឲ្យ​ដឹងថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឃុំ​/​សង្កាត់ បានចេញ​សេចក្ដីសម្រេច បដិសេធ​ចំនួន ១,៨៦៩​បណ្ដឹង​, ផ្សះផ្សា​សះជា ចំនួន​២០​បណ្ដឹង​, ផ្សះផ្សា​មិន​សះជា​ចំនួន ១​បណ្ដឹង​, លិខិត​ជូនដំណឹង ចំនួន​១​បណ្ដឹង​, ចារ​បដិសេធ​ចំនួន ៩២​បណ្ដឹង​, ដើមបណ្ដឹង​សុំ​ដក​ពាក្យបណ្ដឹង​ចំនួន ២៦​បណ្ដឹង និង​កំពុង​ដោះស្រាយ​ចំនួន ៥១៦​បណ្ដឹង​។​

​នៅក្នុង​ចំណោម មណ្ឌលបោះឆ្នោត​ទាំង​២៥ រាជធានី ខេត្ត មាន​មណ្ឌល​ចំនួន​២​ប៉ុណ្ណោះ ដែល​មិនមាន​ពាក្យបណ្ដឹង គឺ​មណ្ឌល​ខេត្ត​ព្រះសីហនុ និង​ខេត្ត​មណ្ឌល​ព្រះវិហារ​។​

​អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​លោក ចិន ថុ​ន ធ្លាប់បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា គណបក្ស​របស់លោក នឹងដាក់​ពាក្យបណ្ដឹង​ទៅ គ​.​ជ​.​ប ដើម្បី​សុំ​រាប់​សន្លឹកឆ្នោត​តាម​ការិយាល័យ​មួយចំនួន​ឡើងវិញ​។  សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ ក៏ដោយ​សារ​អ្នកសង្កេតការណ៍​របស់​ខ្លួន​បានឃើញ​ភាពមិនប្រក្រតី​ច្រើន តាម​ការិយាល័យ​ខ្លះ មិនតែប៉ុណ្ណោះ​លោក​អះអាងថា អ្នកសង្កេតការណ៍​រប​ស់លោក ត្រូវបាន​គេ​ចាប់​ដាក់​ខ្នោះ​ថែមទៀត​៕


Tag:
 បោះឆ្នោត​
 ​គ​.​ជ​.​ប​
 ​បណ្ដឹង​
 LDP
© រក្សាសិទ្ធិដោយ thmeythmey.com