ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បោះឆ្នោត
លោក ហ៊ុន ម៉ានី ថាយុវជនបានបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីឱកាសខ្លួនឯង និងអនាគតកម្ពុជា
02, Aug 2018 ,
5:40 pm
រូបភាព
×
ដោយ:
លាង ដឺលុច (Leang Delux)
បញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ឆ្នាំ២០១៨ បង្ហាញថា ចំនួនយុវជនដែលមានអាយុ១៨ដល់៣៥ឆ្នាំ ដែលមានសិទ្ធិបោះឆ្នោតមានប្រមាណជា៤៦% នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ ក្នុងចំណោមសំឡេងឆ្នោតដ៏ច្រើនលើសលប់ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ពិតណាស់ថាមានសន្លឹកឆ្នោតរបស់ក្រុមយុវជនខាងលើនេះមិនតិចឡើយ។ តើការទៅបោះឆ្នោតរបស់ពួកគេក្នុងពេលថ្មីៗនេះ និងជាពិសេសការសម្រេចបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានន័យយ៉ាងណា? លោក ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយល់ព្រមផ្តល់បទសម្ភាសតាមសំណេដល់លោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗ ដើម្បីពន្យល់បកស្រាយបញ្ហានេះ។
លោក លាង ដឺលុច៖ បើទោះជាលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសនៅឡើយ ប៉ុន្តែច្បាស់ណាស់ ថាគណបក្សប្រជាជនកម្ពុជារបស់លោកនឹងបន្តដឹកនាំរដ្ឋាភិបាលសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត។ ជាមួយគ្នានេះ យោងស្ថិតិនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនយុវជនអាយុ១៨ ដល់៣៥ឆ្នាំ ដែលមានសិទ្ធិបោះឆ្នោតក្នុងឆ្នាំ២០១៨ មានប្រមាណជា៤៦%នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ តើការទៅបោះឆ្នោតរបស់ពួកគេក្នុងពេលថ្មីៗនេះ និងជា ពិសេស ការបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាមានន័យយ៉ាងណា?
លោក ហ៊ុន ម៉ានី៖
ខ្ញុំយល់ថា ការសម្រេចចិត្តរបស់ពួកគាត់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបំណងប្រាថ្នា និងការចង់បានរបស់ប្រជាជនកម្ពុជា និងជាពិសេសបង្ហាញពីភាពជឿជាក់របស់ពួកគាត់មកលើគណបក្សប្រជាជនកម្ពុជា។ បើយើងឆ្លៀតក្រលេកមើលបន្តិចទៅប្រវត្តិសាស្ត្រយើង ដែលត្រូវបានហែកហួរដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទសវត្សនោះ យុវជនយើងពិតជាមិនដែលមានឱកាសគ្រប់គ្រាន់ សមស្រប និងស្ងប់ស្ងាត់មួយដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យអស់លទ្ធភាពនោះឡើយ។ ជាក់ស្តែង ត្រឹមតែលើវិស័យអប់រំ យើងទាំងអស់គ្នាពិតជាយល់ថា ការទទួលបាននូវការអប់រំដ៏មានគុណភាពមួយ ទាមទារជាចាំបាច់នូវសន្តិភាពដ៏យូអង្វែងមួយ ដែលអាចផ្តល់លក្ខខណ្ឌគ្រប់គ្រាន់សម្រាប់បណ្តុះសមត្ថភាព។ ដូចគ្នានេះដែរ ការយកចំណេះដឹងទៅបម្រើសង្គមជាតិ ក៏ទាមទារឲ្យសង្គមនោះមានស្ថិរភាពទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដែលអាចបង្ករលទ្ធភាពឲ្យយុវជនទាំងអស់នោះ អាចយកចំណេះដឹងរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមជាតិមួយប្រកបដោយថាមពល។ ក្នុងន័យនេះ ការសម្រេចចិត្តចេញទៅបោះឆ្នោតរបស់ពួកគាត់កាលពីពេលថ្មីៗនេះ ស្តែងយ៉ាងច្បាស់ពីសេចក្តីសង្ឃឹមរបស់យុវជនយើង ចំពោះអនាគតរបស់ពួកគេ ដែលត្រូវផ្តើមចេញពីសង្គមមួយដែលមានសន្តិភាព និងស្ថិរភាព ដែលជាកត្តាសត្យានុម័ត ឆ្លើយតបទៅនឹងតម្រូវការជាសារវន្តរបស់ពួកគាត់។
ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទៀតសោត ក៏ជាការឆ្លុះបញ្ចាំងពីការជឿជាក់ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សនេះ ដោយសារគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានចក្ខុវិស័យច្បាស់លាស់ មានយន្តការអនុវត្តគោលនយោបាយជាក់លាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក៏ជាគណបក្សដែលមានបទពិសោធន៍ក្នុងការដឹកនាំច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
លោក លាង ដឺលុច៖ ជាការពិត បើតាមប្រសាសន៍របស់លោក យុវជនបានគាំទ្រ និងផ្តល់សេចក្តីទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ទើបពួកគេបោះឆ្នោតឲ្យគណបក្សនេះ។ ប៉ុន្តែសន្លឹកឆ្នោតរបស់ពួកគេ ក៏អាចមានន័យថា ពួកគេចង់ជំរុញឲ្យគណបក្សប្រជាជនកម្ពុជា ដោះស្រាយកិច្ចការធំៗរបស់ប្រទេស ដូចជា វិស័យការងារ កសិកម្ម និងសង្គមជាដើមផងដែរ។ តើលោកយល់យ៉ាងណាដែរ?
លោក ហ៊ុន ម៉ានី៖
ពិតណាស់ ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋត្រូវស្តាប់រាស្ត្រ និងបម្រើរាស្ត្រ។ ការផ្តល់ទំនុកចិត្តដល់គណបក្សតាមរយការបោះឆ្នោត ជាការផ្តល់នូវតួនាទីកាន់តែធំដល់គណបក្សក្នុងការបំពេញនូវតម្រូវការ ក៏ដូចជាការសម្រេចនូវជោគវាសនាជារួមរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជាពិតណាស់នឹងខិតខំបន្ថែម និងឲ្យអស់លទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋស្របតាមបំណងប្រាថ្នា និងសេចក្តីទុកចិត្តរបស់ពួកគាត់ ដែលបានផ្តល់មកឲ្យគណបក្សនេះ។ ប៉ុន្តែចូរចាំថា ភាពជោគជ័យទាំងឡាយក៏វាអាស្រ័យទៅលើការចូលរួម ពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសក្រុមយុវជនខ្លួនឯងផ្ទាល់តែម្តង ដែលនេះមានន័យថា យុវជនកម្ពុជាត្រូវប្រឹងប្រែងដោយខ្លួនឯងបន្ថែមដែរ ដើម្បីភាពជោគជ័យជាលក្ខណៈបុគ្គល ផ្ទាល់ខ្លួន និងចុងក្រោយក្រោយ សម្រាប់ជាតិមាតុភូមិ។
លោក លាង ដឺលុច៖ កាលពី៥ឆ្នាំកន្លងទៅនេះ លោកបានដឹកនាំធ្វើកិច្ចការសង្គម និងកិច្ចវប្បធម៌ជាច្រើន ហើយល្បីល្បាញទៀត។ ក្នុងអាណត្តិថ្មីនេះ តើលោកនឹងធ្វើអ្វីបន្ថែមទៀតសម្រាប់យុវជន?
លោក ហ៊ុន ម៉ានី៖
មិនថាក្នុងតួនាទីអ្វីក្នុងអាណត្តិថ្មីនេះ យើងនឹងនៅតែបន្តធ្វើការបន្ថែមទៀតជាមួយយុវជនយើង ហើយបន្តស្វែងយល់បន្ថែមពីតម្រូវការរបស់ពួកគេ និងជួយឲ្យពួកគាត់អាចសម្រេចបាននូវតម្រូវការទាំងនោះតាមអ្វីដែលយើងអាចធ្វើបាន។ ជាមួយនឹងយុវជន យើងទាំងអស់គ្នានឹងបង្កើតនូវក្តីសុបិនមួយសម្រាប់អនាគតយើង ហើយជាមួយនឹងសុបិននោះ យើងនឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីធ្វើវាឲ្យក្លាយទៅជាការពិត។ យើងនឹងបន្តប្រឹងឲ្យអស់លទ្ធភាពដើម្បីជួយឲ្យយុវជនយើងក្លាយទៅជាកម្លាំងស្នូលពិតនៃការអភិវឌ្ឍជាតិ ហើយយើងត្រូវតែបន្តចូលរួមជាវិជ្ជមានបន្ថែមទៀតសម្រាប់សង្គមជាតិយើងដោយហេតុថាយើងម្នាក់ៗសុទ្ធតែមានភាគហ៊ុនស្មើៗគ្នាក្នុងការកសាងអនាគតកម្ពុជា។
លោក លាង ដឺលុច៖ ក្រៅតែពីជាសមាសភាពបេក្ខជនតំណាងរាស្ត្រនីតិកាលទី៦នេះ លោកក៏ជាសមាជិកគណៈកម្មការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាដែរ។ តើលោកអាចមានប្រសាសន៍បានទេថា តើគណបក្សប្រជាជនកម្ពុជាគ្រោងនឹងសម្រេចអ្វីថ្មីជាដុំកំភួនក្នុងអាណត្តិថ្មីនេះ?
លោក ហ៊ុន ម៉ានី៖
ពិតណាស់ ការសម្លឹងមើលអនាគតមិនអាចកាត់ផ្តាច់ចេញពីការស្គាល់ច្បាស់ពីអតីតកាល និងបច្ចុប្បន្នកាលនៃដំណើរវិវឌ្ឍរបស់ជាតិយើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។ យើងបានចាកចេញពីប្រទេសដែលមានប្រាក់ចំណូលទាប មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ស្របពេលដែលកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៧% ជារៀងរាល់ឆ្នាំ។ កម្ពុជាបានក្លាយពីប្រទេសដែលត្រូវការជំនួយពីអង្គការសហប្រជាជាតិក្នុងកិច្ចរក្សាសន្តិភាពទៅជាប្រទេសដែលផ្តល់កងកម្លាំងរក្សាសន្តិភាពជូនពិភពលោកវិញ។ យើងបាន និងកំពុងសម្លឹងមើលអនាគតកម្ពុជានៅឆ្នាំ២០៣០ និងរហូតដល់២០៥០ ជាមួយនឹងការរៀបចំយន្តការច្បាស់លាស់។ ជាមួយនឹងគណបក្សប្រជាជន យើងសម្លឹងមើលអនាគតរបស់កម្ពុជា ជាទីកន្លែងដែលខ្មែរគ្រប់និន្នាការនយោបាយសាសនានិងឋានៈសង្គមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។
សម្រាប់ថ្ងៃអនាគតនេះ កម្ពុជានឹងនៅតែបន្តពង្រឹងនិងពង្រីកសាមគ្គីភាពផ្ទៃក្នុងជាតិ ក្រោមម្លប់នៃរដ្ឋធម្មនុញ្ញកម្ពុជា បន្តអនុវត្តនិងពង្រឹងគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បន្តមិនយកពន្ធអាករលើដីកសិកម្មរបស់ប្រជាកសិករ។ លើសពីនេះ យើងនឹងបន្តបង្កើនប្រាក់បៀវត្សរ៍ជូនកម្មករកម្មការិនីតាមរោងចក្រ និងបន្តបង្កើនប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការ ព្រមទាំងពង្រឹងប្រព័ន្ធសោធននិវត្តន៍ឲ្យកាន់តែប្រសើរ។ យើងក៏នឹងបង្កើតឲ្យមានវិទ្យាល័យមួយនៅតាមបណ្តាស្រុកខណ្ឌ អនុវិទ្យាល័យមួយនៅតាមបណ្តាឃុំសង្កាត់ និងសាលាបឋមសិក្សាមួយនៅតាមបណ្តាភូមិនានានៅទូទាំងប្រទេស ព្រមទាំងបន្តជំរុញប្រសិទ្ធភាពសេវាសុខភាពសាធារណៈ និងធ្វើឲ្យសេវានេះបានទៅដល់ថ្នាក់មូលដ្ឋាន។
យើងមានការងារច្រើនដែលត្រូវធ្វើ និងឆ្លើយតបទៅតាមតម្រូវការរបស់ពលរដ្ឋ ដូចយើងបានសរសេរនៅក្នុងកម្មវិធីនយោបាយរបស់យើង។
លោក លាង ដឺលុច៖ តើលោកមានសុទិដ្ឋិនិយមយ៉ាងណាចំពោះអនាគតកម្ពុជា?
លោក ហ៊ុន ម៉ានី៖
ខ្ញុំមានជំនឿយ៉ាងមុតមាំលើកម្ពុជា។ ខ្ញុំបានយល់ពីអតីតកាលរបស់កម្ពុជា ខ្ញុំជឿជាក់លើបច្ចុប្បន្មភាពកម្ពុជា និងរឹងរឹតតែមានសុទិដ្ឋិនិយមចំពោះអនាគតយើងទាំងអស់គ្នា។ ខ្ញុំយល់ឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវមួយដ៏ត្រឹមត្រូវក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ យើងកំពុងកសាងអនាគតដ៏ត្រចះត្រចង់មួយដោយដៃរបស់ខ្លួនផ្ទាល់ ហើយយើងកំពុងដឹកនាំវាសនាប្រទេសនេះដោយខ្លួនឯងផងដែរ។ ពិតណាស់ យើងនៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ប៉ុន្តែយើងពិតជាមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាទាំងនេះឲ្យកាន់តែប្រសើរ។ ខ្ញុំចង់បញ្ជាក់ថាជាចុងក្រោយថា សុទិដ្ឋិនិយមមួយក្នុងចំណោមសុទិដ្ឋិនិយមជាច្រើនទៀត គឺថាមភាពរបស់យុវជនយើងនេះឯង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
យុវជន ហ៊ុន ម៉ានី បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម