ជាតិ
បោះឆ្នោត
លោក សម រង្ស៊ី ចង់ឲ្យបោះឆ្នោតឡើងវិញ តែគ.ជ.ប ថាគ្មានផ្លូវទេ រូបលោក កឹម សុខា និងលោក សម រង្ស៊ី ដឹកនាំការតវ៉ានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤
× លោក សម រង្ស៊ី ប្រធានគណបក្សចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ទាមទារឲ្យលុបចោលលទ្ធផលបោះឆ្នោតនីតិកាលទី៦នេះ ហើយរៀបចំការបោះឆ្នោតថ្មីមួយឡើងវិញ។ ការទាមទាររបស់លោក គឺធ្វើឡើង នៅពេលលោក ផ្តល់បទសម្ភាសជាមួយវិទ្យុសំឡេងនៃសហរដ្ឋអាមេរិក (VOA) ពីបរទេស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
«តើសហគមន៍អន្តរជាតិ អាចជំរុញឲ្យកម្ពុជា រៀបចំការបោះឆ្នោតសាជាថ្មីដែរឬទេ? អាច ឬមួយក៏យ៉ាងម៉េច?»។ នេះជាសំណួររបស់ប្រិយមិត្តម្នាក់ ដែលបានហៅទូរសព្ទពីប្រទេសកម្ពុជា ចូលក្នុងកម្មវិធីរបស់ VOA ហើយក៏បានសួរទៅកាន់លោក សម រង្ស៊ី។
លោក សម រង្ស៊ី ឆ្លើយយ៉ាងខ្លីថា «អាចទៅរួច»។ អាចទៅរួច ក៏ព្រោះតែអតីតប្រធានគណបក្សប្រឆាំងរូបនេះ ជឿជាក់លើទម្ងន់នៃសម្ពាធនិងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដែលដាក់មកលើថ្នាក់ដឹកនាំកម្ពុជា។ លោក យល់ថា សម្ពាធនិងទណ្ឌកម្មទាំងនោះ នឹងអាចបង្ខំឲ្យមេដឹកនាំកម្ពុជា កែប្រែឥរិយាបថ។
ក្នុងបទសម្ភាសជាមួយ VOA លោក សម រង្ស៊ី ដែលកំពុងនិរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖«លោក ហ៊ុន សែន ធ្វើអ្វីៗ គឺក្លែងក្លាយ។ ប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និងការបោះឆ្នោត សុទ្ធតែក្លែងក្លាយទាំងអស់។ អ៊ីចឹងហើយ អន្តរជាតិ ថា ល្មមបញ្ឈប់ល្បែងហ្នឹងហើយ ល្មមធ្វើអ្វីៗ ឲ្យពិតប្រាកដហើយ។ អ្វីដែលយើង ចង់បាន ដើម្បីដោះស្រាយបញ្ហានោះ គឺឈប់បោះឆ្នោតក្លែងក្លាយ និងលុបចោលទៅលទ្ធផលបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃទី២៩ ខែកក្កដា ហើយរៀបចំការបោះឆ្នោតមែនទែន»។
«មិនមានច្រក ឬផ្លូវច្បាប់ណាមួយ ដែលអាចទៅរួចទេ សម្រាប់ការបោះឆ្នោតសាជាថ្មី»។ នេះជាការឆ្លើយតបរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំពោះការទាមទាររបស់លោក សម រង្ស៊ី។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគ.ជ.ប រូបនេះ បានបកស្រាយថា ការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា គឺបានប្រព្រឹត្តទៅដោយត្រឹមត្រូវ និងស្របតាមច្បាប់។ លោក សង្កត់ធ្ងន់ណា អាចបោះឆ្នោតសាជាថ្មី លុះត្រាតែមានប្រធានស័ក្តិ ឬក៏ករណីដ៏ចាំបាច់ណាមួយ។
លោក លើកជាឧទាហរណ៍ថា បើទឹកជំនន់ កើតឡើងនៅទូទាំងប្រទេស (ប្រធានស័ក្តិ) ហើយធ្វើឲ្យការិយាល័យបោះឆ្នោតទាំងអស់ មិនអាចដំណើការបាន ទើបការពន្យារពេលនៃការបោះឆ្នោត ឬក៏ការបោះឆ្នោតឡើងវិញ អាចនឹងត្រូវលើកទៅពិចារណា។ លោក បន្ថែមថា តែឧបសគ្គខាងលើ ពុំបានកើតឡើងនោះទេ សម្រាប់ការបោះឆ្នោតនាពេលថ្មីៗនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចំអកឲ្យ លោក សម រង្ស៊ី ថា វា ហួសពេលទៅហើយ ដែលត្រូវទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ លោក សង្កត់ធ្ងន់ថា ដំណាក់កាលនេះ មិនមែនត្រូវនិយាយពីរឿងបោះឆ្នោតឡើងវិញនោះទេ តែត្រូវនិយាយពីការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិថ្មី។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«រឿងអីត្រូវបោះឆ្នោតឡើងវិញ បើប្រជាពលរដ្ឋជាង៨០ភាគរយ ទៅបោះឆ្នោតហើយហ្នឹង។ មិនមែនតែលោក សម រង្ស៊ី ទេ ទោះជាពួកបរទេសណាមកទាមទារ ក៏វាអត់ប្រសិទ្ធភាពដែរ»។
សូមបញ្ជាក់ថា ក្នុងចំណោមគណបក្សទាំង២០ មានតែគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ប៉ុណ្ណោះ ដែលមានលទ្ធផលខ្ពស់ជាងគេ ក្នុងការទទួលបានអាសនៈក្នុងរដ្ឋសភា។ សំឡេងគាំទ្រ ដែលគណបក្ស១៩ទៀត ទទួលបាន គឺមិនគ្រប់គ្រាន់ ដើម្បីបានអាសនៈឡើយ។ គ.ជ.ប នឹងប្រកាសផ្លូវការស្តីពីការបែងចែកអាសនៈ នៅថ្ងៃទី១៥ សីហា។ ប៉ុន្តែ បើមានពាក្យបណ្តឹងណាមួយ គ.ជ.ប អាចនឹងលើកទៅប្រកាសនៅថ្ងៃទី១០ ខែកញ្ញា វិញ៕
Tag:
បោះឆ្នោត
សម រង្ស៊ី
គជប
ហង្ស ពុទ្ធា
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com