ជាតិ
មន្ត្រីធនធានទឹក៖ សប្ដាហ៍ទី១ដើមខែសីហា ភ្លៀងនឹងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ពីមធ្យមទៅបង្គួរ រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
× ភ្នំពេញ៖ ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេសពីមធ្យមទៅបង្គួរ នៅសប្ដាហ៍ទីមួយដើមខែសីហា។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា និងបានន្ថែមថា ដូចគ្នានេះដែរ ក្នុងរង្វង់ថ្ងៃទី៦ ឬ ទី៧ ខែសីហា អាងទន្លេមេគង្គនឹងមានភ្លៀងធ្លាក់ឡើងវិញ។ លោក បញ្ជាក់ថា៖«ទោះបីមានភ្លៀងធ្លាក់ខ្លាំងនៅអាងទន្លេគង្គ ក៏មិនអាចឡើងជន់ខ្លាំងនោះទេ ពីព្រោះបច្ចុប្បន្នជំនន់ទន្លេមេគង្គបានស្រកជាបណ្ដើរហើយ។ ដូច្នេះទន្លេមេគង្គនៅតែអាចផ្ទុកទឹកបានបន្ថែមទៀត»។
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានបន្តថា នៅល្ងាចទី៣ ខែសីហា ទន្លេមេគង្គខេត្តស្ទឹងត្រែងនឹងស្រកផុតហើយ។ លោក បញ្ជាក់ថា៖«បើមិនដូច្នេះទេ តាមការពិត្យនៃក្រសួងជំនាញ ព្រឹកថ្ងៃទី៣ ទឹកអាចស្រកក្នុងរង្វង់កម្ពស់ ១០,៦០ម៉ែត្រ ទៅ ១០,៥០ម៉ែត្រ។ ហើយបើនៅពេលល្ងាចទឹកស្រកនៅកម្ពស់ ១០,៣០ម៉ែត្រ នោះទឹកនឹងស្រកផុតអស់ហើយ»។ លោក បញ្ជាក់បន្ថែមថា៖«ជារួមសល់ថ្ងៃស្អែកល្ងាច (ថ្ងៃទី៣សីហា) ទឹកនឹងស្រកស្ទើរតែទាំងស្រុង។ ដូច្នេះខេត្តស្ទឹងត្រែងនឹងត្រឡប់មកភាពប្រក្រតីឡើងវិញ»។
រីឯ ទន្លេមេគង្គខេត្តក្រចេះវិញ ក៏ចាប់ផ្ដើមស្រកផងដែរ ដោយយស្ថិតនៅកម្រិតតិចៗ ហើយប្រើពេលប្រមាណ ២ថ្ងៃបន្ថែមទៀត។ នេះបើតាមការបន្ថែរបស់ លោក ចាន់ យុត្ថា ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ និងបានបន្ថែមទៀតថា ចំណែកឯ ទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៣ សីហា ទឹកអាចឡើងវិញបន្តិចបន្ថែមទៀត ហើយនៅថ្ងៃបន្ទាប់ទឹកនៅនឹង និងនៅថ្ងៃទី៤ ទឹកនឹងចាប់ស្រកចុះមកវិញ។ លោក និយាយទៀតថា ចំពោះការប៉ះពាល់ប្រាកដជាកើតមានចំពោះខេត្តដែលនៅអមផ្លូវទឹក ដែលមានតំបន់ទំនាបនានា។ ហើយបន្ទាប់ពីជំនន់ទឹកទន្លេហើយ និងមានការធូរស្រាលឡើងវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានប្រាប់សារព័ត៌មានថ្មីៗ បន្ថែមទៀតថា ដោយឡែកទឹកទន្លេមេគង្គក្រោម មិនមានអ្វីចោទជាបញ្ហាទេ។ លោក ថា ដោយសាររាជរដ្ឋាភិបាលបានធ្វើផ្លូវខ្ពស់ជាងមុន ដូច្នេះទឹកមិនហូរចូលកាត់ផ្លូវបង្ករជាជំនន់ទេ ចំពោះទឹកជំនន់នេះដែរ ដោយសារជារដូវវស្សាទឹកជំនន់ទន្លេនឹងអាចឡើង១ម្ដងទៅ ២ម្ដងបន្ថែមទៀត៕
Tag:
ទឹកជំនន់
ចាន់យុត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com