សម្ដេច ហ៊ុន សែន​៖ យើង​មិនត្រូវ​ជិះសេះ​លែងដៃ ទុក​ឲ្យ​ពលរដ្ឋ​លំបាក​ឡើយ​

ជាតិ
សម្ដេច ហ៊ុន សែន​៖ យើង​មិនត្រូវ​ជិះសេះ​លែងដៃ ទុក​ឲ្យ​ពលរដ្ឋ​លំបាក​ឡើយ​
03, Aug 2018 , 11:15 am         96526
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ជា​រឿង​សំខាន់​មួយ ដែល​គណបក្ស​ប្រជាជន​ចង់បាន ប៉ុន្តែ​ការចុះ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាម​មូលដ្ឋាន ក៏​ជា​រឿង​ចម្បង​ដែល​មន្ត្រី​គណបក្ស​ឈ្នះឆ្នោត​មួយ​នេះ ត្រូវបំពេញ​ឲ្យ​បានល្អ​ផងដែរ​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន ប្រាប់​មន្ត្រី​ខ្លួន​ទាំងអស់ មិនត្រូវ​ជិះសេះ​លែងដៃ ដោយ​ទុក​ពលរដ្ឋ​ចោល​ឡើយ ។​


​មិនមែនជា​លើកទីមួយ​ឡើយ ដែល​សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​ខ្លួន ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាម​មូលដ្ឋាន​។ សម្ដេច តែងតែ​អះអាង​ពី​ការយកចិត្តទុកដាក់ និង​ធានា​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​គ្រប់​អាណត្តិ​ខ្លួន​ដឹកនាំ​។ ប៉ុន្តែ​ការអនុវត្ត​របស់​មន្ត្រី​ថ្នាក់ក្រោម នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ពលរដ្ឋ​។

​សម្ដេច ហ៊ុន សែន ដែល​ធ្លាប់​បានដឹង​ពី​ចំណុច​ខ្វះខាត​របស់​មន្ត្រី​ថ្នាក់ក្រោម​នេះ បាន​ជំរុញ​ឲ្យ​ពួកគេ​ប្រឹង​កែតម្រូវ​អភិវឌ្ឍន៍​ការងារ​ខ្លួន​ឡើងវិញ ដើម្បី​ឆ្លើយតប​នឹង​លទ្ធផល​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី នៅក្នុង​អាណត្តិ​ទី​៦ ។ ប្រធាន​គណបក្ស​ប្រជាជន​រូបនេះ បាន​ដាស់តឿន​មន្ត្រី​បក្ស​ថា កុំ​គិតតែ​រឿង​ឈ្នះ​ហើយ ជិះសេះ​លែងដៃ ដោយ​ទុក​ឲ្យ​ពលរដ្ឋ​រង​ទុក្ខលំបាក​ឡើយ​។​

​ថ្លែង​ក្នុង​ពី​ធី​ជួប​សំណេះសំណាល​ជាមួយ​កម្មក​រោងចក្រ នៅ​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​២ សីហា សម្ដេចនាយក​រដ្ឋមន្ត្រី ដែល​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល អាណត្តិ​ទី​៦​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« ចាប់ពី​ឥលូវ​ទៅ ត្រូវ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ បម្រើប្រជាជន ដោះស្រាយ​បញ្ហា​ឱ្យ​ប្រជាជន​នៅក្នុង​ពេលនេះ នៅ​តំបន់​ខ្លះ​កំពុង​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ឬ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ ប្រជាជន​កំពុង​ត្រូវការ​សេវាសាធារណៈ កំពុង​ត្រូវការ​នេះ​ត្រូវការ​នោះ ដូច្នេះ​យើង​មិនត្រូវ​អង្គុយ​គិតថា​ឈ្នះ​ហើយ ហើយ​ជិះសេះ​លែងដៃ ប្រព្រឹត្ត​អំពើ​គប្បី​ណាមួយ​ចំពោះ​ប្រជាពលរដ្ឋ​នោះទេ​…»​។​ខ្ញុំ​សូម​អំពាវនាវ និង​ធ្វើការ​ដាស់តឿន ក៏ដូចជា​ការដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​មន្ត្រី​ទាំងអស់​ចុះ​បម្រើប្រជាជន ឲ្យ​បានល្អ​ជាមុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​បាន​ផល​ចំពោះ​ប្រជាជន​ឲ្យ​បាន​ច្រើនជាង​មុន​»​។​

​សម្រាប់​សម្ដេច ហ៊ុន សែន ការអនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​នេះ វា​ក៏បាន​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល ដែល​ធ្លាប់បាន​សន្យា​ជាមួយ​ពលរដ្ឋ មុន​ការបោះឆ្នោត​កន្លងមក​ដែរ​។​

​ទាក់ទង​នឹង​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​រដ្ឋា​ភិ​បាល​កាលពី​អាណត្តិ​ទី​៥ សម្ដេច ហ៊ុន សែន ធ្លាប់បាន​រិះគន់​ចំណុច​អវិជ្ជមាន​របស់​មន្ត្រី​ខ្លួន​មួយចំនួន ដែល​មិន​ព្រម​ជួយ​ដោះស្រាយ​បញ្ហាលំបាក និង​បំពេញតម្រូវការ​ពួកគេ​ទេ តែ​បែរជា​លាភ​ពណ៌​ចោទ​ពលរដ្ឋ​ទាំងនោះ ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល​ទៅវិញ​។ បញ្ហា​នេះ​ប្រមុខ​រដ្ឋាភិបាល ព្រមាន​មន្ត្រី​ខ្លួន មិន​ឲ្យ​អនុវត្ត​ការងារ​បែបនេះ នៅក្នុង​អាណត្តិ​ថ្មី​ឡើយ ពោលគឺ​ត្រូវ​បម្រើ​ពលរដ្ឋ​ផលប្រយោជន៍​ទាំងអស់ ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះទេ​។​

​បន្ថែម​ពីនេះ​រដ្ឋមន្ត្រី​តាម​ក្រសួង​មួយចំនួន ក៏​ប្រឈម​នឹង​ការបាត់បង​កៅអី ក្នុង​អាណត្តិ​ថ្មី​ផងដែរ​។ សម្ដេច ហ៊ុន សែន ធ្លាប់បាន​ព្រលយ​កាលពី​ចុង​អាណត្តិ​ទី​៥​ថា រដ្ឋមន្ត្រី​អសកម្ម​ការងារ និង​មិនសូវមាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នោះ នឹង​គ្មាន​វត្តមាន​នៅក្នុង​អាណត្តិ​ទី​៦ ទៀត​ទេ​។ បើតាម​សម្ដេច ហ៊ុន សែន រដ្ឋាភិបាល​អាណត្តិ​ថ្មី នឹង​ចុះ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាម​មូលដ្ឋាន​ភ្លាមៗ ដោយ​មិន​ឲ្យ​ពួកគេ​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ ដូច​អាណត្តិ​មុនៗ​ឡើយ​៕


Tag:
 ហ៊ុន សែន​
  CPP
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង