អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ប្រធានាធិបតី​ក្រ​បំផុត​៖ បើ​ល្មោភ​លុយ កុំ​ធ្វើ​នយោបាយ ធ្វើ​ជំនួញ​ទៅ !
03, Aug 2018 , 2:27 pm        
រូបភាព
​អតីត​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ​លោក ហូ​សេ មូ​ហ៊ី​ហ្កា (Jose Mujica) ។ រូបថត AFP
​អតីត​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ​លោក ហូ​សេ មូ​ហ៊ី​ហ្កា (Jose Mujica) ។ រូបថត AFP
ដោយ: ថ្មីៗ
​អតីត​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ​លោក ហូ​សេ មូ​ហ៊ី​ហ្កា (Jose Mujica) មាន​វ័យ ៨៣ ឆ្នាំ​ធ្លាប់​ទទួលបាន​ឈ្មោះ​ជា​ប្រធានាធិបតី​ក្រីក្រ​ជាងគេ​លើ​លោក​មុន​ពេលដែល​លោក​បញ្ចប់​អណ​ត្តិ​របស់ខ្លួន​នៅ​ឆ្នាំ ២០១៥​។ ពេល​ស្ថិតក្នុង​តំណែង លោក​ធ្លាប់​ផ្តល់​គំនិត​យោបល់ និង​ការណែនាំ​ដល់​មនុស្ស​ទូទៅ​ផងដែរ​ឲ្យ​គិតគូរ​ហ្មត់ចត់​មុន​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​។ លោក​ប្រាប់ថា បើ​ស្រេកឃ្លាន​លុយកាក់ គេ​មិនគួរ​ចូលធ្វើ​នយោបាយ​នោះឡើយ​។​

 
​ជីវិត គឺជា​ជម្រើស​។ វា​អាច​ស្មុគស្មាញ ឬ​រីករាយ​អាស្រ័យ​លើ​មនុស្ស​ម្នាក់​អ្នក​ជ្រើសរើស​ប៉ុណ្ណោះ​។ លោក ហូ​សេ មូ​ហ៊ី​ហ្កា មិនដែល​ខ្វាយខ្វល់​នឹង​ជីវិត​ហ៊ឺហា​ឡើយ​។ ពេល​កាន់តំណែង​ជា​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ លោក​បាន​បរិច្ចាគ​លុយ​ប្រាក់បៀវត្ស​រហូតដល់ ៩០​ភាគរយ​ទៅ​សប្បុរសធម៌​, ជិះឡាន​ស៊េរី​ចាស់​គ្មាន​អង្គរក្ស​ហែហម និង ជ្រើសរើស​ការរស់នៅ​ក្នុង​ជីវភាព​សាមញ្ញ​ក្នុងផ្ទះ​តូច​មួយ​ជាយក្រុង​វិញ​។  
 
​ដោយសារ​បែបនេះហើយ គេ​នាំគ្នា​ហៅ​លោក មូ​ហ៊ី​ហ្កា​ថា ជា​ប្រធានាធិបតី​ក្រ​បំផុត​នៅលើ​លោក​ផង​។ យ៉ាងណាមិញ លោក​អះអាងថា លោក​គ្រាន់តែ​ចង់​សន្សំសំចៃ​ប៉ុណ្ណោះ មិនមែន​លោក​ក្រ​ទេ​។ លោក​បានផ្តល់​និយមន័យ​ថា មនុស្ស​ក្រីក្រ​ជា​មនុស្ស​មាន​តម្រូវការ​ច្រើនពេក​ក្រៃ រស់នៅ​ខ្វះមុខ ខ្វះក្រោយ​សព្វបែបយ៉ាង​។ ប៉ុន្តែ​លោក​មិនដែល​ខ្វះខាត​នោះឡើយ​។​
 
​និយាយ​ពី​បញ្ហា​មនោគមន៍វិជ្ជា​នយោបាយ​វិញ លោក មូ​ហ៊ី​ហ្កា តែងតែ​ប្រឆាំងនឹង​ការបោះឆ្នោត ជ្រើសរើស ប្រ​ធានា​ធីប​តី ឬ​មេដឹកនាំ​ឲ្យ​កាន់តំណែង​ច្រើនដង​បន្តបន្ទាប់​គ្នា​។ លោក​យល់ថា ការណ៍​នេះ​នឹង ជំ​រុញអោយ​មនុស្ស​ម្នាក់ ឬ​ក្រុម​ទាំងនោះ​មានលទ្ធភាព​កាន់អំណាច​យូរ ហើយ​និង​ជំរុញ​ឲ្យ​ពួកគេ​ប្រ​ពឹ​ត្ត អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ និង​ការរំលោភ​អំណាច​ជាដើម​។​
 
​ម្យ៉ាងទៀត លោក​តែង​មើលឃើញ​ខ្លួនឯង​ជា​អ្នក​សាធារណរដ្ឋ ហើយ​លោក​ជឿជាក់ ថា​គ្មាន​មនុស្ស​ណា​ល្អ ជាង​មួយណា​ឡើយ សូម្បីតែ​ប្រធានាធិបតី​ក៏ដោយ​។ លោក​ចាត់ទុក ប្រ​ធានា​ធិបតី ជា​អ្នកទទួលបាន​ការបោះឆ្នោត ពី​ប្រជាជន ដើម្បី​បម្រើប្រជាជន ក្នុងនាម​មន្ត្រីរាជការ​ម្នាក់​ប៉ុណ្ណោះ​។ ពួកគេ​មិនមែនជា​ស្តេច ឬ​ជា​ព្រះ ដែល​ត្រូវ​បន្ត​តំណែង យូរអង្វែង​ឡើយ​។ ដូច្នេះ​អ្នក​កាន់តំណែង​កំពូល​ដូចជា​ប្រធានាធិបតី ក៏​ត្រូវតែ​ចាកចេញ និង​មិនត្រូវ​បន្ត​កាន់តំណែង​យូរពេក​ទេ​។ នេះ​ក៏ដោយ​សារ វា​មាន​អ្នកដទៃ អាច​ជំនួស​តំណែង​នេះ​បាន​។​
 
​ដោយឡែក​លោក មូ​ហ៊ី​ហ្កា ធ្លាប់បាន​ណែនាំ​ឲ្យ​មនុស្ស​ទូទៅ​ផងដែរ​ថា ប្រសិនបើ​គេ​ជា​អ្នក​ល្មោភ​លុយកាក់ ឬ​ចង់មានចង់បាន​រហ័ស​នោះ ពួកគេ​កុំ​ធ្វើជា​អ្នកនយោបាយ ឬ​មន្ត្រីរាជការ​ឲ្យ​សោះ​។ ផ្ទុយទៅវិញ ពួកគេ​គួរ​ទៅធ្វើជា​អ្នកជំនួញ​៕
 

Tag:
 លោក Jose Mujica
© រក្សាសិទ្ធិដោយ thmeythmey.com